កម្ពុជា នឹង​មាន​ប្រជាជន​កើនឡើង​ដល់ ១៧លាន​នាក់​នៅឆ្នាំ​២០២៣

  • 2018-07-11 03:58:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅក្នុងឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​ប្រជាជន​ចំនួន​ប្រមាណ​ជាង ១៦លាន​នាក់ ហើយនឹង​កើន​ដល់​ជាង ១៧លាន​នាក់​នៅឆ្នាំ​២០២៣ និង​ជាង ១៨លាន​នាក់​នៅឆ្នាំ​២០៣០។ នេះ​បើតាម​សារលិខិត​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ទិវា​ប្រជាជន​ពិភពលោក​លើកទី​២៩ នាថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។

ក្នុង​សារ​លិខិត​នេះ បាន​បញ្ជាក់​ថា អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ថ្វីត្បិត​តែ​បាន​ថយចុះ​ពី ១,៥៧% នៅឆ្នាំ​២០០៩ មក ១,៤% នៅឆ្នាំ​២០១៨ ប៉ុន្តែ​នៅតែ​ខ្ពស់​ជាង​អត្រា​កំណើន​ប្រជាជន​ពិភពលោក ដែលមាន​ត្រឹមតែ ១,០៩% ទ្វីប​អាស៊ី ០,៩% តំបន់​អាស៊ី​បូព៌ា ០,៣៥% សហរដ្ឋអាមេរិក ០,៧១% និង​ទ្វីប​អឺរ៉ុប ០,០៨%។ នៅឆ្នាំ​២០១៨​នេះ ប្រជាជន​នៅលើ​ពិភពលោក​មាន​ចំនួន ៧៦៣២លាន​នាក់ ហើយ​នឹង​កើនដល់ ៨ពាន់​លាន​នាក់​នៅឆ្នាំ​២០២៣។

ប្រជាជនខ្មែរ និងភ្ញៀវអន្តរជាតិ ដែលបានចូលរួមក្នុងពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០១៧
សម្តេច ហ៊ុន សែន ក៏បាន​លើកឡើង​ក្នុង​សារលិខិត​នេះ​ដែរថា តាមរយៈ​គោលនយោបាយ​របស់​រាជ​រដ្ឋភិបាល ទាក់ទងនឹង​ការ​ថែរក្សា​សុខភាព​ប្រជាជន ពិសេស​សុខភាព​មាតា ទារក និង​កុមារ គឺ​បាន​ធ្វើឱ្យ​អត្រាមរណភាព​បាន​ថយចុះ ពោលគឺ​ពីឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥ អត្រាមរណភាព​ទារក បានថយ​ចុះពី ៧១​នាក់ មក ៥០​នាក់ ក្នុង​១ពាន់​កំណើត​រស់។ ចំណែក​អត្រា​មរណភាព​កុមារ​ក្រោម​អាយុ ៥ឆ្នាំ​ បាន​ថយចុះ​ពី ៦៨​នាក់ មកត្រឹម ២៩​នាក់ ក្នុង​ចំណោម​កុមារ ១ពាន់នាក់។ រីឯ​អត្រា​មរណភាព​មាតា ក្នុង​ ១០ម៉ឺន​កំណើត​រស់ គឺបាន​ថយចុះ​ពី ៣១៥​នាក់ ក្នុងឆ្នាំ​២០០៥ មកនៅ​ត្រឹម ២០២នាក់​ក្នុងឆ្នាំ​២០១០ ហើយបាន​បន្ត​ធ្លាក់ចុះ​មកត្រឹម ១៦១​នាក់ នៅឆ្នាំ​២០១៥៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;