ប្រវត្តិកន្លែងលក់ទាបំពងដ៏ល្បី នៅស្រុកឈូក ខេត្តកំពត
- 2018-07-15 08:28:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិកន្លែងលក់ទាបំពងដ៏ល្បី នៅស្រុកឈូក ខេត្តកំពត
ចន្លោះមិនឃើញ
អ្នកធ្លាប់ឆ្លងកាត់ ឬទៅកម្សាន្តនៅរមណីយដ្ឋាននានា ក្នុងខេត្តកំពត ប្រាកដជាធ្លាប់លេចលឺថា ទាអាំងនៅស្រុកឈូក មានរសជាតិឈ្ងុយឆ្ងាញ់ ដែលអាចចាត់ទុកថា ជាមុខម្ហូបល្បីប្រចាំស្រុក។ ដូច្នេះថ្ងៃនេះ ក្រុមការងារផ្លូវទៅស្រុកវគ្គ២ បានចុះទៅសម្ភាសន៍នៅកន្លែងលក់ អំពីស្ថានភាព និងសវតាខ្លះៗ នៃការចាប់ផ្ដើលលក់ទាអាំងនេះដំបូង ដូចខាងក្រោម៖
១. អ្នកស្រី នួន គឹមសុ ហៅយាយម៉ៅ អាយុ ៦៥ឆ្នាំ ជាអ្នកលក់ទាបំពងដ៏ល្បី នៅផ្សារឈូក ស្រុកឈូក ខេត្តកំពត។ អ្នកស្រីរំលឹកថា ដោយឃើញបងស្រីរបស់ខ្លួនប្រកបរបរលក់ទាបំពងនេះកាក់កបនៅឆ្នាំ ១៩៩០ អ្នកស្រីក៏ចាប់ផ្ដើមលក់ទាបំពងដែរ។ កាលនោះ ទាមួយក្បាលតម្លៃ ៣ ០០០រៀល ទៅ ៣ ៥០០រៀល ហើយម្នាក់ៗអាចលក់បានពី ៣០ ទៅ ៧០ក្បាល ក្នុងមួយថ្ងៃៗ។
២. បច្ចុប្បន្ននេះ ជារៀងរាល់ព្រឹក អ្នកស្រី នួន គឹមសុ តែងទទួលទិញទាដែលបោចរោមហើយស្អាត ប្រមាណពី ៨០ ទៅ ១០០ក្បាល ក្នុងតម្លៃមួយក្បាល ១ម៉ឺន ២ពាន់រៀល។ បន្ទាប់មកទា ទាំងនោះ ត្រូវយកទៅប្រឡាក់គ្រឿងទៅតាមរូបមន្ត និងរក្សាទុកក្នុងទូរទឹកកក ដើម្បីបំពងពេលត្រូវការ។ នៅក្នុងរូបនេះ អ្នកស្រី នួន គឹមសុ កំពុងលាងសម្អាតទា និង ប្រឡាក់គ្រឿង។
៣. ជាធម្មតា អ្នកស្រីនួន គឹមសុ បំពងទាម្តង ៤១០ក្បាល តែប៉ុណ្ណោះ ដើម្បីដាក់តាំងបង្ហាញអតិថិជន។ ប៉ុន្តែ បើមានអតិថិជនចូលទិញច្រើន នោះអ្នកស្រីនឹងបំពងទាលក់ជូនភ្លាមៗ ដើម្បីឱ្យទាបំពងនៅក្តៅៗល្អ។ ជារៀងរាល់ថ្ងៃ អ្នកស្រីនួន គឹមសុ លក់ទាបំពង បានប្រមាណពី ៨០ ទៅ១០០ ក្បាលក្នុងតម្លៃពី ១ម៉ឺន២ពាន់រៀល ទៅ ១ម៉ឺន៣ពាន់រៀល ក្នុងមួយក្បាលៗ។ ក្រៅពីនេះ អ្នកស្រី ក៏ទទួលកុម្ម៉ង់ទាបំពងតាមទូរសព្ទ និង ដឹកជញ្ជូនទៅឱ្យដល់រាជធានី និង តាមបណ្ដាខេត្តខ្លះៗដែរ។
៤. ក្រៅពីលក់ទាបំពង អ្នកស្រី នួន គឹមសុ ក៏លក់បំណែកផ្សេងៗទៀត នៃសត្វទាដែរ ដូចជា ក្បាលទា កោះ ថ្លើមបំពង ជាដើម។ ប្រាក់ចំណូលដែលបានមកពីលក់ ក្បាលទា កោះ ថ្លើមបំពង ក្លាយជាប្រាកចំណេញសម្រាប់អ្នកស្រី និង សម្រាប់ផ្ដល់ជូននារីក្មេងៗ ដែលជាអ្នកធ្វើការឱ្យអ្នកស្រី។
៥. ដោយសារប្រជាប្រិយភាពរបស់អ្នកស្រី នួន គឹមសុ និង ដោយសាររសជាតិទាបំពង ម៉្លោះហើយទើបធ្វើឱ្យអតិថិជនចេញចូលទិញមិនដាច់រយៈ។ អ្នកស្រីឱ្យដឹងថា រដូវដែលលក់ទាបំពងដាច់ជាងគេគឺ រដូវចូលឆ្នាំខ្មែរ និង ភ្ជុំបិណ្ឌ។ អ្នកស្រីអាច លក់ទាបំពងរហូតដល់ ៥០០ក្បាលក្នុងមួយថ្ងៃៗ។ នៅក្នុងរូបនេះ អតិថិជនកំពុងតថ្លៃទិញទាបំពង និង អ្នកស្រី នួន គឹមសុ កំពុងអាប់លុយឱ្យអតិថិជន៕