មូលហេតុ​២​នឹង​ធ្វើ​ឲ្យ​លោក ត្រាំ ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក​ម្ដង​ទៀត

  • 2018-07-16 02:51:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ បាន​បញ្ជាក់​ថា លោក​នឹង​ឈរ​ឈ្មោះ​សម្រាប់​ការ​ប្រជែង​យក​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ម្ដង​ទៀត នៅ​ឆ្នាំ​២០២០​ខាង​មុខ ដោយ​ផ្អែក​ទៅ​លើ​កត្តា​សំខាន់ៗ​ចំនួន​២។

លោក​ប្រធានាធិបតី​បច្ចុប្បន្ន​របស់​អាមេរិក បាន​ប្រាប់​ថា កត្តា​ដែល​ជំរុញ​ទឹក​ចិត្ត​របស់​លោក​នោះ​គឺ ពលរដ្ឋ​អាមេរិក​គ្រប់​គ្នា​ចង់​ឲ្យ​លោក​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​សាជា​ថ្មី។ ចំណែក​មូលហេតុ​មួយ​ទៀត​គឺ លោក​មើល​មិន​ឃើញ​ថា​មាន​គូ​ប្រជែង​ណា​ដែល​សក្ដិសម​នឹង​ប្រកួត​ជាមួយ​លោក​នៅ​ឡើយ​នោះ​ទេ។

លោក ត្រាំ បាន​ប្រាប់​ទៅ​សារព័ត៌មាន DailyMail កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ថា នា​ពេល​បច្ចុប្បន្ន នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​គណបក្ស​គូ​ប្រជែង​របស់​លោក មិន​ទាន់​មាន​បេក្ខជន​ណា​ម្នាក់​លេចធ្លោ​ជាង​លោក​នោះ​ទេ។ "ខ្ញុំ​មើល​មិន​ឃើញ​នរណា​ម្នាក់​សោះ​ឡើយ។ ខ្ញុំ​ស្គាល់​ពួក​គេ​តែ​ទាំង​អស់​ហ្នឹង តែ​ខ្ញុំ​មើល​មិន​ឃើញ​នរណា​ម្នាក់​សោះ​ឡើយ" នេះ​ជា​ការ​ថ្លែង​របស់​លោក ដូណាល់ ត្រាំ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ DailyMail ដដែល​នេះ លោក​ប្រធានាធិបតី​អាមេរិក​វ័យ​៧២​ឆ្នាំ បាន​អះអាង​ថា បើ​តាម​ការ​បោះឆ្នោត​មួយ​នា​ពេល​កន្លង​ទៅ បាន​បង្ហាញ​ថា លោក​គឺ​ជា "បុគ្គល​ដែល​មាន​ប្រជាប្រិយភាព​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ" ហើយ​ជា​បុគ្គល​អាច​យក​ឈ្នះ​ថែម​ទាំង​អតីត​ប្រធានាធិបតី​អាមេរិក​លោក Abraham Lincoln ថែម​ទៀត​ផង៕

ប្រភព៖ RT ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;