ជ័យជម្នះ​របស់​បារាំង​នៅ World Cup ជា​ជោគជ័យ​សម្រាប់​ជន​អន្តោប្រវេសន៍គ្រប់​ទិសទី

  • 2018-07-16 03:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​យក​ឈ្នះ​ក្រូអាត​ដោយ​លទ្ធផល ៤-២​ របស់​បារាំងដើម្បី​ក្លាយ​ជា​ជើងឯក​ World Cup 2018 គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​ទ្វីប​អាហ្វ្រិក និង​ជន​អន្តោប្រវេសន៍នៅ​គ្រប់​ទី​កន្លែង។ នេះ​បើ​តាម​អ្នក​និពន្ធ Peniel Joseph ប្រធាន​អង្គការ​មូលនិធិ​សេរីភាព Barbara Jordan ផ្នែក​សីលធម៌ និង​តម្លៃ​នយោបាយ និង​ជា​នាយក​នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ពូជសាសន៍ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​សាលា​កិច្ចការ​សាធារណៈLBJ នៅ​សាកល​វិទ្យាល័យ​រដ្ឋ​តិចសាស​ សហរដ្ឋ​អាមេរិក​។

បារាំង លើកពាន World Cup 2018 (រូបថត៖ Reuters)
អ្នក​និពន្ធ​សៀវភៅ ដែល​មាន​ចំណងជើង​ថា "Stokely: A Life” ថ្មីៗនេះ​បាន​ប្រាប់​ទៅ​កាន់​សារព័ត៌មាន [CNN](https://edition.cnn.com/2018/07/15/opinions/france-world-cup-win-immigration-diversity-joseph/index.html?utm_medium=social&utm_source=fbCNN&utm_content=2018-07-16T00%3A00%3A18&utm_term=link) នូវ​មូលហេតុ​ចំនួន ២ ដែល​ធ្វើឲ្យ​គាត់​លើកឡើង​យ៉ាង​ដូច្នេះ៖

១- ជនអន្តោប្រវេសន៍​ដែល​បាន​ចូល​ទៅ​រស់នៅ​ប្រទេស​បារាំង​ជាង ២​ទសវត្សរ៍​កន្លង​ទៅ បាន​រួមចំណែក​យ៉ាង​ធំធេង ក្នុង​ការ​ជួយ​ឲ្យ​ប្រទេស​នេះ​ក្លាយ​ជា​ជើងឯក World Cup ។ ជាក់ស្ដែង កីឡាករ​ទាំង២៣​នាក់​របស់​បារាំង យ៉ាង​ហោច​ណាស់​មាន ១៥​នាក់ មាន​ប្រភព​ពី​អាហ្វ្រិក រួមទាំង​តារា​ឆ្នើម​វ័យក្មេង Kylian Mbappe ដែល​មាន​ម្ដាយ​សញ្ជាតិ​អាល់ហ្សេរី និង​ឪពុក​សញ្ជាតិ​កាមេរ៉ូន។

២- ភាព​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​ក្រុម​បារាំង បាន​បង្ហាញ​នូវ​មេរៀន​ដ៏​ល្អ ទាក់ទង​នឹង​ជនអន្តោប្រវេសន៍ សកលភាវូបនីយកម្ម និង​ភាព​ជា​ពលរដ្ឋ។ បញ្ហា​រើសអើង​ពណ៌​សម្បុរ លើ​ជនជាតិ​ស្បែក​ខ្មៅ ដែល​មាន​ប្រភព​ពី​អាហ្វ្រិក នៅ​តែ​កើត​មាន​ក្នុង​សង្គម​បារាំង។ ដូច្នេះ បារាំង​គួរ​តែ​បង្ហាញ​ការ​ស្រឡាញ់​របស់​ខ្លួន​ សម្រាប់​ជនអន្តោប្រវេសន៍​ដែល​បាន​រត់​គេច​ពី​គ្រោះធម្មជាតិ និង​សង្គ្រាម មកពី​អាហ្វ្រិក និង​តំបន់​ផ្សេងៗ​ដែល​កំពុង​ស្វែងរក​សិទ្ធិ​ជ្រក​កោន​។

Kylian Mbappe ថើបពាន World Cup (រូបថត៖ AP)

លោក Peniel Joseph បាន​បញ្ជាក់​ទៀត​ថា ក្រុម​ជើងឯក​បារាំង បាន​បង្ហាញ​ពិភពលោក​ឲ្យ​បាន​ឃើញ​នូវ​ការ​បង្កើត​ទំនាក់ទំនង​​រវាង​ប្រទេស រដ្ឋ និង​ប្រទេស​ជិតខាង​ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​វប្បធម៌ ឡើយ​។ ជោគជ័យ​របស់​ក្រុម​បារាំង ជា​របស់​អ្នក​គាំទ្រ​ទូទាំង​ពិភពលោក និង​ជា​កម្លាំង​ប្រឆាំង​នឹង​ការ​សាងសង់​ជញ្ជាំង​និង​មជ្ឈមណ្ឌល​ឃុំឃាំង​ជន​ភៀស​ខ្លួន​ផង​ដែរ​៕

អត្ថបទទាក់ទង លោក ពូទីន ផ្ដល់​កាដូ​មួយ​ដល់​អ្នកគាំទ្រ​បរទេស​

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;