ជំនួប​កំពូល ត្រាំ-ពូទីន៖ តើ​កំពូល​មេដឹក​នាំ​ទាំង​ពីរ​បាន​ជជែក​គ្នា​ពី​បញ្ហា​អ្វី​ខ្លះ?

  • 2018-07-17 02:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨ ម្សិលមិញ បាន​ជួប​ចរចា​ក្នុង​ជំនួប​កំពូល​នៅ​ក្រុង Helsinki ប្រទេស​ហ្វាងឡង់។ បញ្ហា​សំខាន់ៗ​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​លើក​យក​មក​ជជែក​គ្នា​រួមមាន ការ​លូកលាន់​ការ​បោះឆ្នោត ការទូត និង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

លោក ត្រាំ ចាប់ដៃ​ជាមួយ​លោក ពូទីន អំឡុង​សន្និសីទសារព័ត៌មាននៅ​ក្រុង Helsinki កាលពី​ថ្ងៃ​ទី១៦​ ខែ​កក្កដា ២០១៨ (រូបភាព៖ Reuters)
**ការ​ភ្ជាប់​នយោបាយ​ការទូត ដោយ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​របស់​ពួកគេ**

លោក ដូណាល់ ត្រាំ និង​លោក វ្លាឌីមៀ ពូទីន បាន​ឯកភាព​គ្នា​ថា ទំនាក់ទំនង អាមេរិក-រុស្ស៊ី មាន​ភាព​រឹងមាំ និង​នៅ​បន្ដ​ស្ថិត​នៅ​ចំណុច​ទាប​បំផុត​នៅ​ឡើយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ការ​បន្ស៊ី​នយោបាយ​ការទូត​មួយ​ចំនួន គឺ​ជា​រឿង​ចាំបាច់។

លោក ពូទីន ថា គ្មាន​មូលហេតុ​ច្បាស់លាស់​ទេ សម្រាប់​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី ដែល​ត្រូវ​អាក្រក់​ដូច្នេះ ព្រោះ​សង្រ្គាម​ត្រជាក់ និង​ការ​ប្រឈម​មុខ​គ្នា​ដោយមនោគមវិជ្ជា​បាន​កន្លង​ផុត​ទៅ​ហើយ។ ប្រទេស​ទាំង​ពីរ​កំពុង​ប្រឈម​បញ្ហា​បច្ចុប្បន្ន ដូចជា​អរិភាព​ក្នុង​តំបន់ ការ​ផ្ទុះ​ឡើង​នូវ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ដែល​មាន​ការ​រៀបចំ ការ​គំរាមកំហែង​ផ្នែក​បរិស្ថាន និង​សេដ្ឋកិច្ច។

លោក ពូទីន បន្ថែម​ថា "យើង​បាន​ផ្ដល់​ឲ្យ [អាមេរិក] ពិចារណា​កសាង​ទស្សនវិទ្យា​នៃ​ទំនាក់ទំនង​ទ្វេភាគី​សម្រាប់រយៈពេល​វែង"។

លោក ពូទីន គាំទ្រ​លោក ត្រាំ អំឡុង​ពេល​បោះឆ្នោត ប៉ុន្ដែ​មិន​បាន​លូកលាន់​នោះទេ

លោក វ្លាឌីមៀ ពូទីន ជាថ្មីម្ដងទៀត បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ការ​លូកលាន់​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ​២០១៦ ហើយ​លោក​បាន​បន្ថែម​ថា ក្រុង​មូស្គូ​ត្រៀម​ចូលរួម​ការ​ស៊ើបអង្កេត​រួម​គ្នា ប្រសិន​បើ​ភស្ដុតាង​ពិត​ត្រូវ​បាន​បង្ហាញ។

លោក ពូទីន និយាយ​ចំៗ​ថា "បាទ ខ្ញុំ​ចង់​ឲ្យ​គាត់ [ដូណាល់ ត្រាំ] ឈ្នះ ព្រោះ​គាត់​បាន​លើក​ឡើង​ពី​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ធម្មតា​ឡើង​វិញ​នូវ​ទំនាក់ទំនង​រវាង​អាមេរិក និង​រុស្ស៊ី"។

ការ​ប្រកួត​បាល់ទាត់ World Cup

លោក ត្រាំ បាន​សរសើរ​ការ​រៀបចំ​របស់​រុស្ស៊ី​សម្រាប់​ព្រឹត្តិការណ៍​នេះ ដោយ​ចាត់​ទុក​ថា ពិត​ជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ។ ចំណែក​លោក ពូទីន បាន​ឲ្យ​បាល់ World Cup មួយ ទៅ​លោក ត្រាំ និង​បាន​លើកឡើង​ពី​ការ​ប្រកួត​បាល់ទាត់ World Cup 2026 ដែល​អាមេរិក ម៉ិកស៊ីកូ និង​កាណាដា នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ៕

លោក ពូទីន ជូន​បាល់​មួយ​ទៅ​លោក ត្រាំ អំឡុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រុង​ Helsinki កាលពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ២០១៨ (រូបភាព៖ Reuters)

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;