កំពត នឹង​បង្កើត​ផ្សារ​លក់​ផលិតផល​ក្នុង​ស្រុក ដើម្បី​បញ្ចៀស​ការ​ក្លែងបន្លំ

  • 2018-07-17 03:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អភិបាល​ខេត្ត​កំពត លោក ជាវ តាយ បាន​ថ្លែង​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ថា នា​ពេល​ខាង​មុខ អាជ្ញាធរ​ខេត្ត​នឹង​បង្កើត​ឲ្យ​មាន​ផ្សារ​សម្រាប់​ដាក់​លក់​ផលិតផល​ក្នុង​ស្រុក​ដាច់​ដោយ​ឡែក​មួយ​នៅ​កំពត ក្នុង​គោល​បំណង​រក្សា​កេរ្តិ៍ឈ្មោះ និង​គុណភាព ក៏​ដូចជា​បញ្ចៀស​ការ​ក្លែង​បន្លំ​នានា។

លោក ជាវ តាយ បាន​លើក​ឡើង​ថា ផ្លែ​ទុរេន​របស់​ខេត្ត​កំពត ត្រូវ​គេ​ទទួល​ស្គាល់​ជា​យូរ​ណាស់​មក​ហើយ​ថា​មាន​រសជាតិ​ឆ្ងាញ់​គ្មាន​គូ​ប្រដូច​បាន។ ប៉ុន្តែ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ភ្ញៀវ​ភាគ​ច្រើន ពិសេស​អ្នក​មក​ពី​ភ្នំពេញ តែង​ត្អូញត្អែរ​ថា ពួក​គាត់​មក​លេង​នៅ​កំពត​ហើយ​ទិញ​លែង​បាន​ទុរេន​ឆ្ងាញ់​ដូច​មុន​ទៀត បើ​ទោះ​ជា​ទិញ​ផ្ទាល់​នៅ​ខេត្ត​នេះ​ក្ដី ដោយ​រសជាតិ​ដូច​ទៅ​ទុរេន​នៅ​ភ្នំពេញ​ដែល​គេ​នាំ​មក​ពី​ថៃ​អ៊ីចឹង​ដែរ។ លោក​អភិបាល​ខេត្ត​កំពត បាន​ប្រាប់​បន្ត​ថា ព្រោះ​ការ​ត្អូញត្អែរ​នេះ លោក​បាន​ចុះ​ទៅ​ជួប​អ្នក​លក់​មួយ​ចំនួន ហើយ​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា ទុរេន​ទាំង​នោះ​​ត្រូវ​បាន​យក​មក​ពី​ថៃ និង​ថា បើ​មិន​ប្រើ​ឈ្មោះ​ជា​ទុរេន​កំពត នោះ​ពួក​គេ​លក់​មិន​ដាច់​ឡើយ ហើយ​អត់​ប្រាក់​ចំណេញ​ទៀត​ផង។

ផ្អែក​លើ​មូលហេតុ​នេះ ទើប​អាជ្ញាធរ​ខេត្ត​កំពត​គ្រោង​នឹង​បង្កើត​ផ្សារ​លក់​ផលិតផល​ផ្ទាល់​ខ្លួន​មួយ។ យ៉ាង​ណា​មិញ ក្នុង​ករណី​មាន​ទំនិញ​ស្រដៀង​គ្នា​នេះ​នាំ​មក​ពី​ក្រៅ ហើយ​ត្រូវ​ការ​លក់​នៅ​ក្នុង​ផ្សារ​នោះ​ដែរ អាជ្ញាធរ​នឹង​មិន​ហាមឃាត់​ទេ។ ប៉ុន្តែ​ការ​លក់​ត្រូវ​ដាក់​ឈ្មោះ​បង្ហាញ​ឲ្យ​ច្បាស់​លាស់ ដើម្បី​សម្ដែង​ភាព​ស្មោះ​ត្រង់​ចំពោះ​អតិថិជន និង​រក្សា​កិត្តិយស ព្រម​ទាំង​គុណភាព​នៃ​ផលិតផល​របស់​ខេត្ត​កំពត ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ​ត​ទៅ​ទៀត។

លោក សយ ស៊ីណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​បង្ហាញ​ការ​គាំទ្រ​ទាំង​ស្រុង​ចំពោះ​គម្រោង​បង្កើត​ផ្សារ​នេះ។ លោក​ថា សព្វ​ថ្ងៃ នៅ​តាម​រមណីយដ្ឋាន​នានា សមត្ថកិច្ច​ក្នុង​ដែន​ជំនាញ​ទប់​ស្កាត់​បាន​ល្អ តែ​ចំណុច​អវិជ្ជមាន​ខ្លះ​នៅ​តែ​កើតឡើង​នៅ​ក្រៅ​តំបន់​កម្សាន្ត​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឈ្មោះ​ផលិតផល ដែល​ជះ​ឥទ្ធិពល​អាក្រក់​មួយ​ផ្នែក​ធំ​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​កំពត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;