ធនាគារ​ជាតិ​ហាម​មិន​ឲ្យ​ប្រើ​អត្តសញ្ញាណបណ្ណ ឬសៀវភៅ​គ្រួសារ សម្រាប់​ធានា​ការ​ផ្ដល់​ឥណទាន

  • 2018-07-17 10:10:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី១៧ ខែ​កក្កដា ២០១៨ នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ហាមឃាត់​មិន​ឲ្យ​ប្រើ​អត្ដសញ្ញាណបណ្ណ ឬសៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ សម្រាប់​ការ​ធានា​លើ​ការ​ផ្ដល់​ឥណទាន នោះទេ។

អគារ​ធនាគារ​ជាតិ​នៃ​កម្ពុជា
ធនាគារ​ជាតិ​បញ្ជាក់​ថា ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ គឺ​ក្រោយ​ពី​ធនាគារ​ជាតិ​សង្កេត​ឃើញ​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទ​មួយ​ចំនួន នៅ​តែ​អនុវត្ត​មិន​ទាន់​បាន​ពេញលេញ​តាម​សេចក្តី​ជូន​ដំណឹង ដែល​ចេញផ្សាយ​កាលពី​ខែ​មីនា ២០១៦ ស្ដី​ពី​ការ​ហាមឃាត់​ទទួល​យក​អត្តសញ្ញាណបណ្ណ ឬ​សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់នៅ សម្រាប់​ការ​ធានា​លើ​ការ​ផ្ដល់​ឥណទាន។

ជាមួយ​គ្នា​នេះ ធនាគារ​ជាតិ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា បើ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ និង​គ្រឹះស្ថាន​ឥណទាន​ជនបទេ​ណា នៅ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​នេះ គ្រឹះសា្ថន​ទាំង​នោះ នឹង​ត្រូវ​ទទួល​រង​ទណ្ឌកម្ម​ខាង​វិន័យ​ធ្ងន់ធ្ងរ រហូត​ដល់​ការ​ដក​អាជ្ញាប័ណ្ណ​អាជីវកម្ម៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;