កត្តា​ចម្បងៗ ដែល​នឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​កម្ពុជា មាន​កំណើន​ប្រកប​ដោយ​ចីរភាព

  • 2018-07-18 02:52:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី១ និង​ទិសដៅ​ការងារ​ឆមាស​ទី២ ឆ្នាំ​២០១៨ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​ថា នៅ​ឆមាស​ទី២ ឆ្នាំ​២០១៨ ខាងមុខ​នេះ សេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ប្រកប​ដោយ​ចីរភាព​ ដែល​គាំទ្រ​ដោយ​កត្តា​ចម្បងៗ​រួមមាន៖

  • ការ​រំពឹងទុក​លើការ​បន្ត​ងើបឡើង​នៃ​សេដ្ឋកិច្ច​ពិភពលោក

  • ភាព​រឹងមាំ​នៃ​ជំនឿ​ទុកចិត្ត​លើ​សេដ្ឋកិច្ច​កម្ពុជា និង​ស្ថិរភាព​នយោបាយ នឹង​បន្ត​ទាក់ទាញ​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​លំហូរ​មូលធន 

  • ការ​បន្ត​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ប្រសើរ ដោយ​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន​នៃ​អតិផរណា និង​ស្ថិរភាព​អត្រា​ប្តូរប្រាក់ 

  • ការ​កើនឡើង​ចំណាយ​សាធារណៈ ដែល​គាំទ្រ​ដោយ​កំណើន​ថវិកាជាតិ នឹង​រួម​ចំណែក​បង្កើន​តម្រូវការ​ និង​ការ​វិនិយោគ

  • ភាព​អំណោយផល​ពី​កត្តា​អាកាសធាតុ នឹង​គាំទ្រ​កំណើន​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម 

  • ការ​ពង្រីក​សក្តានុពល​ក្នុង​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ នឹង​បង្កើន​ផលិតកម្ម​ក្នុងស្រុក​និងការ​នាំចេញ​បន្ថែម​ទៀត

  • ការ​បន្ត​រក្សា​បាន​ស្ថិរភាព​ហិរញ្ញវត្ថុ​ និងការ​រីក​ចម្រើន​វិស័យ​ធនាគារ នឹង​បន្ត​ជំរុញ​អន្តរ-ការិយកម្ម ​និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដែល​គាំទ្រ​ដល់​ការ​រីកចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច​ទាំងមូល។

ធនាគារជាតិនៃកម្ពុជា ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម
​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ ​បាន​បញ្ជាក់​ឱ្យ​ដឹងដែរ​ថា ​នៅក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨​​នេះ​សេដ្ឋកិច្ច​កម្ពុជា​ បាន​បន្ត​រីកចម្រើន​ប្រកបដោយ​ភាពជឿជាក់ ​ដោយ​រក្សាបាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អប្រសើរ​។ អត្រា​អតិផរណា​មាន​កម្រិត​មធ្យម​២,៦%​ ហើយ​អត្រា​ប្តូរប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់​៤០៣៧​រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​។ ស្ថិរភាព​នេះ​បាន​បន្ត​ពង្រឹង​ទំនុកចិត្ត​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ក្នុងការ​បង្កើន​ការវិនិយោគ ការ​ប្រើប្រាស់ និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា​ស្របតាម​ការកើនឡើង​នៃ​ចំណូល​ GDP (ផលិតផល​ក្នុង​ស្រុក​សរុប) ក្នុង​មនុស្ស​ម្នាក់ៗ ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់​ ១៥៦៣​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨​នេះ។

យោងតាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក ចេញផ្សាយ​កាលពី​ខែ​ឧសភា ឆ្នាំ​២០១៨ បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា នឹងមាន​កំណើន ៦,៩% ក្នុងឆ្នាំ​២០១៨​នេះ។ កំណើន​នេះ គឺបាន​មកពី​ការ​ស្ទុះ​ឡើង​ក្នុង​វិស័យ​នាំចេញ​វាយនភណ្ឌ និង​សម្លៀក​បំពាក់ អម​ដោយ​ការ​ងើបឡើង​របស់​វិស័យ​ទេសចរណ៍ និង​កសិកម្ម​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;