ឥណ្ឌូណេស៊ី ទទួលស្វាគមន៍​ភ្លើងគប់​កីឡាអាស៊ីឆ្នាំ២០១៨

  • 2018-07-18 04:45:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្លើង​គប់​សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី ១៨ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី នៅ​ថ្ងៃ​ទី​១៧ ​កក្កដា​ម្សិល​មិញ និងទទួលបាន​ការ​ស្វាគមន៍ ដោយ​មានការ​ធ្វើ​ពិធី​ក្បួន​ព្យុហយាត្រា​យោធា ការ​រាំ​បែប​ប្រពៃណី​ និង​ការ​បង្ហាញ​ទស្សនីយភាព​ពី​កងទ័ព​ជើង​អាកាសជាដើម។

កាល​ពី​ថ្ងៃ​១៥ ​កក្កដា ឆ្នាំ​២០១៨ ភ្លើង​គប់​នេះ ត្រូវ​បាន​គេ​ដុត​បញ្ឆេះ និង​បញ្ជូន​ពី​ទីក្រុង​ដេលី​ ប្រទេស​ឥណ្ឌា ដែល​ជា​ទីក្រុង​ម្ចាស់​ផ្ទះ​កីឡា​អាស៊ី​ដំបូង​គេ​បំផុត កាល​ពី​ឆ្នាំ​១៩៥១។

ការ​ធ្វើ​ពិធី​ក្បួន​ព្យុហយាត្រា​យោធា ស្វាគមន៍ភ្លើងគប់សម្រាប់​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី ១៨។ រូបថត៖ Reuters
ប្រធានគណៈកម្មាធិការ​រៀបចំ​កីឡា​អាស៊ី លោក Erick Thohir បាន​និយាយ​ថា ទីក្រុង Yogyakarta  ត្រូវ​បាន​ជ្រើស​រើស​ជា​ទីតាំង​ទទួល​ភ្លើង​គប់ ក៏​ព្រោះ​តែ​ទីក្រុង​នេះ​មាន​ប្រវត្តិសាស្ត្រ​ជាច្រើន ​និង​ក៏​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ឈ្មោះ​ផង​ដែរ។

គួរ​បញ្ជាក់​ថា ទីក្រុង Jakarta និង​ទីក្រុង Palembang ប្រទេស​ឥណ្ឌូណេស៊ី នឹង​ត្រូវ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​អាស៊ី​ឆ្នាំ​២០១៨ ដែល​ត្រៀម​ទទួល​អត្តពលិក​ចំនួន​ ១១០០០ នាក់ និង​មន្ត្រី ៥០០០ នាក់ មក​ពី​ប្រទេស​ចំនួន ៤៥​ផ្សេង​ៗ​គ្នា។ កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីប​អាស៊ី​នេះ នឹង​ត្រូវ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៨ ​សីហា ដល់​ថ្ងៃ​ទី ០២ ​កញ្ញា ឆ្នាំ​២០១៨៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;