ដូណាល់ ត្រាំ៖ គ្មាន​ពេល​ជាក់លាក់​កំណត់​ថ្ងៃ​រំលាយ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ទេ

  • 2018-07-18 06:54:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​អាមេរិក​នា​ថ្ងៃ​ទី​១៨ កក្កដា ២០១៨ លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ថ្លែង​ថា ការ​លុប​បំបាត់​ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ពុំ​មាន​កាល​បរិច្ឆេទ​កំណត់​ច្បាស់លាស់​នោះ​ឡើយ។

លោក និយាយ​ថា៖ "យើង​គ្មាន​ការ​កំណត់​ពេល​វេលា។ យើង​គ្មាន​ការ​កំណត់​ល្បឿន។ យើង​គ្រាន់​តែ​ធ្វើ​វា​ទៅ​តាម​ដំណើរការ​តែ​ប៉ុណ្ណោះ"។ បន្ថែម​ពី​នេះ លោក​ប្រធានាធិបតី បាន​បញ្ជាក់​ទៀត​ថា អាមេរិក​មិន​ប្រញាប់​រឿង​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង​ទេ ហើយ​ណា​មួយ​ទណ្ឌកម្ម​ដែល​អាមេរិក​ដាក់​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ក៏​នៅ​តែ​អនុវត្ត​ដដែល។ លោក​បន្ត​ថា ចំណាប់ខ្មាំង​ដែល​ជាប់​ខ្លួន​នៅ​កូរ៉េ​ខាង​ជើង ត្រូវ​បាន​ដោះលែង ឯ​ការ​ធ្វើ​តេស្ត​មីស៊ីល និង​នុយក្លេអ៊ែរ​ក៏​ស្ងប់ស្ងាត់​រយៈពេល​៩​ខែ​ដែរ​មក​ហើយ។ "ខ្ញុំ​គិត​ថា ទំនាក់​ទំនង​យើង​គឺ​ល្អ​ណាស់ ដូច្នេះ​យើង​នឹង​រង់ចាំ​មើល​ដំណើរការ​របស់​វា​ត​ទៅ​ទៀត" លោក ត្រាំ បន្ថែម។

ទាក់ទិន​នឹង​រឿង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េ​ខាង​ជើង​នេះ​ដែរ លោក ដូណាល់ ត្រាំ បាន​ចោទ​ប្រកាន់​ទៅ​លើ​រដ្ឋបាល​គ្រប់គ្រង​ចាស់​នា​ពេល​កន្លង​ទៅ​របស់​អាមេរិក មុន​លោក​ឡើង​កាន់​តំណែង ដែល​តែង​ចរចា​ជាមួយ​កូរ៉េ​ខាង​ជើង​ឥត​ឈប់​ឥត​ឈរ រហូត​ដល់​បរាជ័យ​មិន​អាច​សម្រេច​គោល​ដៅ​បាន៕

ប្រភព៖ ANI ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;