ក្រុម Hacker ព្យាយាម​លួច​គណនី​របស់​ គ.ជ.ប យក​ទៅ​ប្រើប្រាស់

  • 2018-07-18 23:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​អះអាង​ថា មាន​ក្រុម Hacker ព្យាយាម​លួច​គណនី​របស់ គ.ជ.ប ដើម្បី​បង្កើត​ទិន្នន័យ និង​ព័ត៌មាន ក្លែងក្លាយ​ស្រប​ពេល​ដែល គ.ជ.ប បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​បោះឆ្នោត និង​គណបក្ស នយោបាយ ស្វែងរក​ព័ត៌មាន​នានា​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត និង​ទូរសព្ទ​វៃឆ្លាត​។ នេះ​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១៨ ខែកក្កដា។

ការឲ្យ​ដឹង​នេះ ត្រូវ​ធ្វើ​ឡើង​ក្នុងកិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ស្តីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៦ ឆ្នាំ​២០១៨ និង​ការការ​ពារ​សន្តិសុខ​នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។​

លោក ហង្ស ពុទ្ធា
លោក ហង្ស ពុទ្ធា ​អ្នកនាំពាក្យ គ.ជ.ប បាន​បញ្ជាក់​ថា ក្រុម​ជនល្មើស​បាន​ប៉ុនប៉ង​លួច​ព័ត៌មាន​ពី គ.ជ.ប នេះ តាម​រយៈ​ការ​ចូល​ទៅ​ប្រើប្រាស់ គណនី​ហ្វេសប៊ុក អ៊ីម៉េល គេហទំព័រ គ.ជ.ប និង​គណនី​ហ្វេសប៊ុក​ផ្ទាល់​របស់​សមាជិក គ.ជ.ប ដើម្បី​បង្កើត​ព័ត៌មាន​មិនពិត​ដែល​ធ្វើឲ្យ​អ្នកបោះឆ្នោត និង​គណបក្ស​នយោបាយ​មាន​ការ​យល់​ច្រឡំ។
លោក ទេព នីថា

ចំណែក​លោក ទេព នីថា អគ្គលេខាធិការ​ គ.ជ.ប បាន​លើកឡើង​ថា គ.ជ.ប កំពុង​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ​ក្នុង​ការ​ទប់ស្កាត់​សកម្មភាព​ទាំងឡាយ​ណា ដែល​រំខាន និង​រាំង​ស្ទះ​ដល់​ដំណើរការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាងមុខ​នេះ។

រីឯ​លោក ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ បាន​ឲ្យ​ដឹង​ផងដែរ​ថា ក្រុម​ជំនាញ​ផ្នែក​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​និង​កំពុង​យកចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​សុវត្ថិភាព​បច្ចេកវិទ្យា​ចំពោះ​ការ​បោះឆ្នោត​ជាតិ តាម​រយៈ​កិច្ច​សហការ ជាមួយ គ.ជ.ប ក្នុង​ការ​ប្រមូល​ភស្តុតាង ការ​ស៊ើប​អង្កេត​បទល្មើស និង​ការ​ធ្វើ​កោសល្យវិច័យ​កុំព្យូទ័រ ក៏ដូចជា​ការ​អនុវត្ត​ជាមួយ​ឧបករណ៍​ជំនួយ​នានា ដើម្បី​ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​តាម​រយៈ​លេខ​ទូរសព្ទ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម និង​ឧបករណ៍​សម្រាប់​ស្វែងរក​ព័ត៌មាន​លម្អិត​ចាំបាច់​មួយ​ចំនួន​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ គ.ជ.ប បាន​ឲ្យ​ដឹង​ទៀត​ថា ទិន្នន័យ​របស់ គ.ជ.ប មិនទាន់​ត្រូវ​បាន​ជនល្មើស​ចូល​លួច និង​បែកធ្លាយ​យក​ទៅ​ប្រើប្រាស់​ក្នុង​បំណង​ទុច្ចរិត​នៅ​ឡើយ​ទេ ដោយសារ​តែ គ.ជ.ប បាន​រៀបចំ​ការពារ​ច្បាប់​ដើម​បាន​យ៉ាង​ល្អ ក្រោម​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JICA ដែល​មាន​អ្នក​ប្រចាំការ​២៤ម៉ោង​។ ទន្ទឹម​នេះ រាល់​ទិន្នន័យ និង​ព័ត៌មាន​ដែល គ.ជ.ប បង្ហោះ​លើ​គេហទំព័រ គឺ​គ្រាន់តែ​ជា​សំណៅ​ឯកសារ ដែល​ថត​ចម្លង​ចេញ​ពី​ច្បាប់​ដើម​តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;