ក្មេង​ៗ​ថៃ បង្ហាញ​មុខ​ជា​សាធារណៈ​ជា​លើក​ដំបូង ក្រោយ​ចេញ​ពី​មន្ទីរ​ពេទ្យ

  • 2018-07-18 23:27:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយចេញពី​មន្ទីរពេទ្យ យុវ​កីឡាករ​១២នាក់ និង​គ្រូបង្វឹក​ម្នាក់ ដែល​បាន​រួច​ផុត​ពី​ក្នុង​ល្អាង​ភ្នំ​ថាមហ្លូង ខេត្ត​ឈៀងរ៉ៃ​ ប្រទេស​ថៃ បាន​បង្ហាញ​មុខ​ជា​សាធារណៈ កាល​ពី​ល្ងាច​ថ្ងៃទី១៨​ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​។

ក្រុមបាល់ទាត់ "Wild Boars" បង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែកក្កដា (រូបថត៖ EPA)
ក្រុម​បាល់ទាត់​ដែល​មាន​ឈ្មោះ​ថា "Wild Boars” បាន​ឆ្លើយ​នឹង​សំណួរ​ដែល​ត្រួវ​បាន​ចោទ​សួរ​ទាក់ទង​នឹង​បទ​ពិសោធ​រយៈពេល​ ៩​ថ្ងៃ ដែល​ពួកគេ​បាន​ឆ្លង​កាត់​នៅ​ក្នុង​ល្អាង​ភ្នំ​ដ៏​ងងឹត​ខាងលើ មុន​ពេល​ក្រុម​ជួយ​សង្គ្រោះ​បាន​ទៅ​ដល់។

អំឡុង​ពេល​៩ថ្ងៃ​ក្នុង​ល្អាង​ភ្នំ ក្រុម​បាល់ទាត់​នេះ មិន​មាន​អាហារ​សម្រាប់​បរិភោគ​នោះ​ទេ ពោលគឺ​មាន​ត្រឹម​តែ​ទឹក​ដែល​ហូរ​តាម​ជញ្ជាំង​ថ្ម​ក្នុង​ល្អាង​ភ្នំ​ប៉ុណ្ណោះ។

លោក Ekkapol Chantawong គ្រូ​បង្វឹក​បាល់ទាត់​ក្នុង​ចំណោម​អ្នក​ទាំង១៣ បាន​និយាយ​ថា ​ក្មេង​ៗអាច​នឹង​ទៅ​បួស​ដើម្បី​សង​គុណ​ដល់​អតីត​ទាហាន​ជើង​ទឹក​ថៃ​ម្នាក់ ដែល​បាន​ស្លាប់​ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ​ពួកគេ​។

លោក Ekkapol Chantawong គ្រូ​បង្វឹក​បាល់ទាត់​ ដែលមានវ័យ២៥ឆ្នាំ (រូបថត៖ Reuters)

លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ កាលពី​ម្សិលមិញ បាន​អំពាវនាវ​ឲ្យ​មាន​ការ​យោគយល់​ក្នុង​ការ​សួរ​សំណួរ​ទៅ​កាន់​ក្មេង​ៗ ព្រោះ​វា​អាច​បង្ក​ការ​ប៉ះពាល់​ផ្សេងៗ ដែល​គេ​មិន​អាច​ដឹង។ ជាង​នេះ​ទៅ​ទៀត ក្រុម​គ្រូពេទ្យ​បាន​ផ្ដល់​ដំបូន្មាន​ឲ្យ​ក្មេងៗ និង​គ្រួសារ​របស់​ពួកគេ មិន​ត្រូវ​ជួប​ជាមួយ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ឡើយ រហូត​បាន​រយៈ​ពេល ១ខែ​សិន​។

សូម​បញ្ជាក់​ថា ក្មេង​ៗ និង​គ្រូ​បង្វឹក​ម្នាក់ ទាំង១៣​នាក់ ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី២​កក្កដា​ ៩ថ្ងៃ​ក្រោយ​បាត់​ខ្លួន។ ក្នុង​បេសកកម្ម​ជួយ​សង្គ្រោះ បណ្ដាល​ឲ្យ​សមាជិក​ជួយ​សង្គ្រោះ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃ​ទី៦​កក្កដា។ ការ​ជួយ​សង្គ្រោះ​នេះ ទទួល​បាន​ជោគជ័យ និង​បញ្ចប់​កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨​៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;