ជប៉ុន គាំទ្រថៃឲ្យក្លាយជាសមាជិកថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ឆ្លងទ្វីប

  • 2018-07-19 02:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ជប៉ុន បាន​យល់​ព្រម​គាំទ្រ​ឲ្យ​ថៃ​ក្លាយ​ជា​សមាជិក​ថ្មី​របស់​កិច្ចព្រមព្រៀង​ដៃ​គូពេញ​លេញ និង​ជឿនលឿន​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា CPTPP។ នេះ​តាម​ការ​ចុះ​ផ្សាយ​របស់ Bangkok Post នៅ​ថ្ងៃ​ទី ១៩ ​កក្កដា ឆ្នាំ​២០១៨​នេះ។

ឧបនាយករដ្ឋមន្ត្រី​ថៃ Somkid Jatusripitak បាន​ដឹក​នាំ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ ជួប​ពិភាក្សា​ជាមួយ​សមភាគី​ជប៉ុន ដែល​ដឹក​នាំ​ដោយ​អគ្គលេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន លោក ​Yoshihide Suga នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​១៩ ​កក្កដា ឆ្នាំ​២០១៨​នេះ។

លោក Somkid(ស្តាំ) ជួបដៃ​ជាមួយ លោក Yoshihide អំឡុងជំនួបនៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​១៩ ​កក្កដា ឆ្នាំ​២០១៨​នេះ។ រូបថត៖ រដ្ឋាភិបាលជប៉ុន
លោក Somkid បាន​និយាយ​ថា ប្រទេស​ជប៉ុន បាន​យល់​ព្រម​ទទួល​សំណើ​របស់​រដ្ឋាភិបាលថៃ និង​គាំទ្រ​ប្រទេស​ថៃ​ឲ្យ​ក្លាយ​ជា​សមាជិក CPTPP ថ្មី។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល​ថៃ គ្រោង​នឹង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ នា​ចុង​ឆ្នាំ​២០១៨​នេះ។

ការ​ក្លាយ​ជា​សមាជិក​របស់ CPTPP នឹង​ជួយ​ជំរុញ​ការ​ប្រកួត​ប្រជែង​របស់​សហគ្រិន​ថៃ​ឲ្យ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Somkid។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ០៨ មីនា ឆ្នាំ​២០១៨ ប្រទេស​ចំនួន​១១ រួម​មាន​ដូច​ជា អូស្ត្រាលី កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ​ នូវែលហ្សេឡង់​ ប៉េរូ  និង​ប្រទេស​អាស៊ាន​ចំនួន ៣ គឺ ប្រ៊ុយណេ វៀតណាម និង​សិង្ហបុរី បាន​សម្រេច​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​មួយ​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​កិច្ចព្រមព្រៀង​​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (TPP) ​ថ្មី នៅ​ទី​ក្រុង Santiago ប្រទេស​ស៊ីលី។

ប្រទេស​ទាំង ១១ រូម​គ្នា​នេះ មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ​ជាង ១៣,៥ ភាគរយ នៃសេដ្ឋកិច្ច​សកលលោក និង​​មាន​ទំហំ​ទីផ្សារ​ប្រជាជន​ចំនួន ៥០០ លាន​នាក់​ ពោល​គឺ​ច្រើន​ជាង​ទំហំ​ទីផ្សារ​ប្រជាជនសហភាព​អឺរ៉ុប។

អត្ថបទ​ទាក់​ទង៖

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;