រក​ឃើញ​នាវា​ចម្បាំង​រុស្ស៊ី​ដែល​ផ្ទុក​មាស​តម្លៃ​១៩៦​ពាន់​លាន​ដុល្លារ​នៅ​បាត​សមុទ្រ​កូរ៉េ​ខាង​ត្បូង

  • 2018-07-19 02:17:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​អ្នក​រុករក​រួម​គ្នា​មក​ពី​កូរ៉េ​ខាង​ត្បូង អង់គ្លេស និង​កាណាដា បាន​រក​ឃើញ​នាវា​ចម្បាំង​រុស្ស៊ី​១​គ្រឿង ដែល​លិច​កាល​ពី​១១៣​ឆ្នាំ​មុន ហើយ​ត្រូវ​គេ​ជឿជាក់​ថា នៅ​លើ​នោះ​មាន​ផ្ទុក​នូវ​ដុំ​មាស​ជា​ច្រើន​តោន​តម្លៃ​ប្រមាណ ១៩៦​ពាន់​លាន​ដុល្លារ​ឯណោះ។

នាវា​ចម្បាំង​នោះ មាន​ឈ្មោះ​ថា Dmitrii Donskoi។ វា​ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ នៅ​ជម្រៅ​ទឹក ៤២៦​ម៉ែត្រ និង​​ចម្ងាយ​ប្រមាណ ២​គីឡូម៉ែត្រ​ពី​កោះ Ulleungdo ប្រទេស​កូរ៉េ​ខាង​ត្បូង។ ការ​រុករក​នេះ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​ប្រើប្រាស់​យាន​ជ្រមុជ​ទឹក​ចំនួន ២​គ្រឿង ដោយ​បាន​ផ្ដិត​យក​រូបភាព​មួយ​ចំនួន​នៃ​នាវា Dmitrii Donskoi (រូប​ខាង​ក្រោម)។

ក្នុង​រូប គេ​សង្កេត​ឃើញ នាវា​ចម្បាំង​ទម្ងន់​៥៨០០​តោន​របស់​រុស្ស៊ី​ទទួល​រង​ការ​ខូចខាត​ច្រើន​កន្លែង ដែល​បណ្ដាល​មក​ពី​ការ​វាយ​ប្រហារ​ពី​នាវា​ចម្បាំង​របស់​ជប៉ុន នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩០៥ ។

បើ​តាម​សេចក្ដី​រាយការណ៍ នាវិក​ប្រមាណ​ជា ៦០​នាក់​ក្នុង​ចំណោម ៥៩១​នាក់​នៅ​លើ​នាវា Dmitrii Donskoi បាន​ស្លាប់ នៅ​ពេល​ជប៉ុន​ធ្វើ​ការ​វាយ​ប្រហារ។ ចំណែក ១២០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។ មេ​បញ្ជាការ Ivan Lebedev បាន​បញ្ជា​ឲ្យ​នាវិក​ដែល​រួច​ផុត​​ពី​ការ​ស្លាប់​ទាំង​អស់​ចូល​ចត​នាវា​របស់​ពួក​គេ​នៅ​​លើ​កោះ Ulleungdo។ លុះ​ព្រឹក​បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​១៩០៥ នាវា​ចម្បាំង​នោះ​ក៏​បាន​អណ្ដែត​ទៅ​ឆ្ងាយ​បាត់ ហើយ​ក្រុម​នាវិក​ទាំង​ឡាយ​ត្រូវ​ជប៉ុន​ចាប់​ដាក់​គុក។

នៅ​លើ​នាវា Dmitrii Donskoi បាន​ផ្ទុក​នូវ​មូលនិធិ​កង​ទ័ព​ជើង​ទឹក ដែល​មាន​ដុំ និង​បន្ទះ​មាស​ចំនួន ៥៥០០​កេស។ ក្រុម​អ្នក​រុករក Shinil Group បាន​ប៉ាន់​ស្មាន​ថា មាស​ទាំង​នោះ បើ​គិត​ជា​តម្លៃ​នា​ពេល​បច្ចុប្បន្ន គឺ​ប្រហែល ១៩៦​ពាន់​លាន​ដុល្លារ។

Shinil Group បញ្ជាក់​ថា ពួក​គេ​គ្រោង​នឹង​ស្រង់​ខ្មោច​នាវា​ចម្បាំង​នេះ​ឡើង​គោក​នៅ​ខែ​តុលា ឬ​ខែ​វិច្ឆិកា​ខាង​មុខ។ ទ្រព្យសម្បត្តិ​ពាក់​កណ្ដាល​ដែល​រក​ឃើញ នឹង​ត្រូវ​ប្រគល់​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី។ ១០% ទៀត​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ការ​វិនិយោគ​គម្រោង​ទេសចរណ៍​នៅ​លើ​កោះ Ulleungdo ដោយ​ក្នុង​នោះ​នឹង​មាន​ការ​បង្កើត​សារមន្ទីរ​មួយ​ដើម្បី​រំលឹក​ទៅ​ដល់​នាវា Dmitrii Donskoi។ រី​ឯ​ចំណែក​ដែល​នៅ​សេសសល់ នឹង​ត្រូវ​បរិច្ចាគ​ទៅ​លើ​គម្រោង​អភិវឌ្ឍន៍​អាស៊ី​ភូមិភាគ​ឦសាន ដូចជា​គម្រោង​រថភ្លើង​ត​ភ្ជាប់​ពី​រុស្ស៊ី​ទៅ​កាន់​កូរ៉េ​ខាង​ត្បូង កាត់​តាម​កូរ៉េ​ខាង​ជើង ជា​ដើម៕

ប្រភព៖ nzherald ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;