ក្រសួង​អប់រំ ប្រកាស​ដំណឹង​ស្ដី​ពី​ការ​ប្រឡង​ផលិត​រឿង​ខ្លី​៣នាទី

  • 2018-07-19 07:29:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សហការ​រៀបចំ​ការ​ប្រឡង​ផលិត​រឿង​ខ្លី ៣​នាទី ក្រោម​ប្រធានបទ "Self Responsibility " សម្រាប់​សិស្ស​វិទ្យាល័យ ដើម្បី​ជ្រើសរើស​ក្រុម​សិស្ស​ដែល​មាន​ស្នាដៃ​ផលិត​ល្អៗ​ចំនួន​៣​ក្រុម។

ក្រុម​ដែល​ឈ្នះ នឹង​អាច​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី ឆ្នាំ​២០១៨ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា​ខាង​មុខ ក្នុង​ទីក្រុង Kitami កោះ Hokkaido ប្រទេស​ជប៉ុន។

លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង៖

  • ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ ឬ​ឯកជន ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​១១ ក្នុង​ឆ្នាំ​២០១៨

  • មាន​ប័ណ្ណ​សម្គាល់​ខ្លួន​សិស្ស

  • ជា​សិស្ស​ដែល​ពុំ​ធ្លាប់​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ ឬ​កម្មវិធី JENESYS 2.0 នា​ពេល​កន្លង​មក

  • ត្រូវ​ជ្រើសរើស​ក្រុម​របស់​ខ្លួន (មួយ​ក្រុម​មាន ៣​នាក់ សម្រាប់​ផលិត​រឿង​ខ្លី ៣​នាទី​ក្នុង​១​រឿង)

ក្រសួង​អប់រំ បាន​ប្រកាស​ថា ចំពោះ​សិស្សានុសិស្ស​ទាំង​២​ភេទ ដែល​មាន​ចំណាប់​អារម្មណ៍ អាច​អញ្ជើញ​ទៅ​ទទួល​ពាក្យ​នៅ​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​១៦៩ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន មហាវិថី​ព្រះ​នរោត្ដម រាជធានី​ភ្នំពេញ។ ការ​ដាក់​ពាក្យ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨

បេក្ខជន​ដែល​បាន​ដាក់​ពាក្យ ត្រូវ​ចូលរួម​ប្រជុំ​ណែនាំ នៅ​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២​រសៀល នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ចាប់​ផ្ដើម​ផលិត​រឿង​ខ្លី ៣​នាទី។ រឿង​ខ្លី ដែល​ផលិត​រួច​របស់​ក្រុម​នីមួយៗ ត្រូវ​ផ្ដល់​មក​នាយកដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ដឹង​ទូទៅ (ទីកន្លែង​ទទួល​ពាក្យ) ដោយ​​ថ្ងៃ​ផុត​កំណត់​គឺ​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០១៨។ ការ​ប្រកាស​លទ្ធផល នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC)៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;