ម៉ាឡេស៊ី នឹង​ចរចា​​ពី​ការ​ពន្យារ​ពេលធ្វើ​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ជាមួយ​សិង្ហបុរី

  • 2018-07-20 01:15:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក មហាធៀ មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​និយាយ​ថា រដ្ឋាភិបាល​របស់​លោក​​គ្រោង​នឹង​ពិភាក្សា​ជាមួយ​នឹង​សិង្ហបុរី អំពី​ការ​ពន្យារពេល​នៃ​គម្រោង​រថភ្លើង​ល្បឿនលឿន High-Speed Rail (HSR)។

កាល​ពី​លើក​មុន លោក មហាធៀ បាន​ប្រាប់​ថា លោក​នឹង​លុប​ចោល​គម្រោង HSR ហើយ​នឹង​ចរចា​ជាមួយ​សិង្ហបុរី អំពី​ថ្លៃ​សំណង់​ដែល​ត្រូវ​បង់។ យ៉ាង​ណា​មិញ កាល​ពី​ថ្ងៃ​ទី​១៩ កក្កដា ម្សិលមិញ លោក​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​វិមាន​សភា​ថា៖ "(ពី​មុន) នៅ​ពេល​យើង​មើល​ទៅ​ស្ថានភាព​ហិរញ្ញវត្ថុ​នៃ​ប្រទេស យើង​គិត​ថា យើង​មិន​អាច​បន្ត​​ទៅ​មុខ​ទៀត​ទេ (គម្រោង HSR)។ ប៉ុន្តែ​ដោយ​ឆ្លងកាត់​ការ​សិក្សា​ទៅ​លើ​វា និង​​ផល​ប៉ះពាល់​នៃ​ការ​លុប​ចោល​កិច្ច​សន្យា​ជា​ឯកតោ​ភាគី យើង​បាន​សម្រេច​ថា យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ យើង​ប្រហែល​ជា​ត្រូវ​កាត់​បន្ថយ​ការ​ចំណាយ។ ប៉ុន្តែ​ការ​កាត់​បន្ថយ​ការ​ចំណាយ​នេះ​គឺ​ពិបាក​ណាស់​ក្នុង​ការ​ឲ្យ​យើង​ដោះស្រាយ​វា។ ដូច្នេះ​ហើយ​វា​ត្រូវ​តែ​ពន្យារ​ពេល​សិន"។

លោក Azmin Ali រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​សេដ្ឋកិច្ច​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​​កាល​ពី​ថ្ងៃ​​ទី​១៨​កក្កដា​កន្លង​ទៅ​ថា លោក​​គ្រោង​នឹង​ទៅ​សិង្ហបុរី នៅ​ចុង​ខែ​កក្កដា ដើម្បីស្វែងយល់​ពី​កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ម៉ាឡេស៊ី​​អាណត្តិ​មុន​របស់​លោក Najib Razak។

សូម​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៨ រដ្ឋាភិបាល​សិង្ហបុរី បាន​ផ្ញើ​សារ​​ការទូត​មួយ​ទៅ​កាន់​ម៉ាឡេស៊ី ដើម្បី​​ឲ្យ​បញ្ជាក់​ពី​​​គម្រោង HSR។ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ​ ម៉ាឡេស៊ី​មិន​ទាន់​ឆ្លើយ​តប​នឹងសារ​នោះ​ឡើយ តែ​ម៉ាឡេស៊ី​បាន​ជម្រាប​សិង្ហបុរី​ថា ខ្លួន​នឹង​​ស្នើ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក មាហាធៀ បាន​ឈ្នះ​​ការ​បោះឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៨។ ដើម្បី​ឆ្លើយ​តប​នឹង​សារ​ដែល​ខ្លួន​ធ្លាប់​អំពាវនាវ​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត រដ្ឋាភិបាល​ថ្មីរបស់​លោក មហាធៀ បាន​ត្រួត​ពិនិត្យ​ទៅ​លើ​គម្រោង​ធំៗ​ជា​ច្រើន ដែល​​បាន​​បង្កើត​​ដោយ​រដ្ឋាភិបាល​លោក Najib ក្នុង​គោល​បំណង​កាត់​បន្ថយ​បំណុល​ជាតិ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;