ប្រធាន​លីគ La Liga ប្រាប់​មូលហេតុ​ជំរុញ​ឲ្យ Ronaldo ចាកចេញ​ពី Real Madrid

  • 2018-07-20 02:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី Juventus ពី​កន្លែង​ចាស់ Real Madrid របស់​កីឡាករ Cristiano Ronaldo កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​នៅ​ក្នុង​វិស័យ​បាល់ទាត់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ Ronaldo បាន​ប្រាប់​ថា ការ​ចាកចេញ​នេះ​គឺ​រូប​គេ​ត្រូវការ​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​នៅ​ក្នុង​អាជីព​ជា​អ្នក​កីឡាករ​ម្នាក់។ យ៉ាង​ណា​មិញ លោក Javier Tebas ប្រធាន​ក្របខ័ណ្ឌ La Liga បាន​បញ្ជាក់​ប្រាប់​ពី​មូលហេតុ​មួយ​ផ្សេង​ទៀត​នៅ​ពី​ក្រោយ​រឿង​ផ្ទេរ​ចេញ​ពី​ក្លឹប​អធិរាជ ស របស់ Ronaldo។

Ronaldo បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​សមាជិក Juventus ជា​ផ្លូវការ (រូបថត៖ Juventus)
លោក Tebas និយាយ​ថា កត្តា​ពន្ធ​នៅ​អេស្ប៉ាញ ក៏​រួម​ចំណែក​ធ្វើ​ឲ្យ Ronaldo ផ្ដាច់​កុងត្រា​៩​ឆ្នាំ​ពី Real រត់​ទៅ​រក​ក្រុម​សេះបង្កង់ Juventus ផង​ដែរ។ លោក​ថា តម្លៃ​ពន្ធ​នៅ​អេស្ប៉ាញ​មាន​អត្រា​ខ្ពស់​សម្រាប់​កីឡាករ​បាល់ទាត់​អាជីព ខុស​ពី​កន្លែង​នានា​ទៀត​ដែល​ពន្ធ​មាន​កម្រិត​ទាប​ជាង​នេះ។ លោក​បន្ត​ថា Ronaldo នឹង​អាច​រក​ចំណូល​បាន​ច្រើន​នៅ​អ៊ីតាលី​ជាង​កាល​នៅ​អេស្ប៉ាញ។ "អេស្ប៉ាញ​គឺ​ជា​កន្លែង​ដែល​កីឡាករ​មាន​ស្ថានភាព​ពន្ធ​អាក្រក់​ជាង​គេ​បំផុត" នេះ​ជា​ការ​លើក​ឡើង​របស់​ប្រធាន​លីគ​អេស្ប៉ាញ។
លោក Javier Tebas ប្រធាន​ក្របខ័ណ្ឌ La Liga (រូបភាព៖ beIN SPORTS)

គួរ​រំលឹក​ថា Ronaldo កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ធ្លាប់​មាន​បញ្ហា​ប្ដឹងផ្ដល់​គ្នា​រឿង​បង់​ពន្ធ​នៅ​អេស្ប៉ាញ ហើយ​រូប​គេ​និយាយ​ថា វា​ជា​កត្តា​រុញច្រាន​ចិត្ត​គេ​ឲ្យ​ចង់​ចាក​ពី​ទីនោះ ហើយ​ចង់​ត្រឡប់​ទៅ​កាន់​អង់គ្លេស​វិញ។ កាល​នោះ Ronaldo ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈពេល​ខ្លី និង​ការ​ពិន័យ​ជា​ប្រាក់​មួយ​ចំនួន​ធំ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស​ពាក់ព័ន្ធ​នឹង​ការ​បង់​ពន្ធ​ប្រាកដ​មែន។ ប៉ុន្តែ Ronaldo បាន​បដិសេធ​នូវ​ការ​ចោល​ប្រកាន់​ទាំង​នោះ ហើយ​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​ឆ្នាំ​មុន​ដោយ​អះអាង​ថា៖ "ខ្ញុំ​តែងតែ​បង់ (ពន្ធ) ទៅ​តាម​ចំនួន​ដែល​ខ្ញុំ​ត្រូវ​បង់។ ខ្ញុំ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ ហើយ​ខ្ញុំ​នឹង​បន្ត​ធ្វើ​ដូច្នេះ​ត​ទៅ​ទៀត"។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Goal។

សូម​បញ្ជាក់​ថា Ronaldo បាន​ចាក​ចេញ​ពី Manchester United ទៅ​កាន់​ក្លឹប Real Madrid នៅ​ឆ្នាំ​២០០៩ មុន​សម្រេច​ផ្ទេរ​ទៅ Juventus កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៨​កន្លង​ទៅ​ក្នុង​តម្លៃ​ខ្លួន ១៤០​លាន​ដុល្លារ និង​ទទួល​កម្លាំង​ពលកម្ម​ជាង ៦៦​ម៉ឺន​ដុល្លារ​ក្នុង​១​សប្ដាហ៍៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;