ខេត្តបាត់ដំបង​ ទទួល​ចំណាត់ថ្នាក់​លេខ២ ខាង​ផលិត​ស្រូវ ឆ្នាំ២០១៧-២០១៨

  • 2018-07-20 02:53:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់​ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ខេត្តបាត់ដំបង​​ទទួលបាន​​ចំណាត់ថ្នាក់​លេខ​ ២​​ ខាង​​ផលិត​ស្រូវ​​ នៅ​ឆ្នាំ​ ២០១៧-២០១៨។​ លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​​បើក​ពិ​ព័រ​ណ៌​​ផ្សារណាត់​​បន្លែ​​សុវត្ថិភាព និង​ផលិតផល​​កសិក​ម្ម​រ​បស់​​គម្រោង​​ជំរុញ​​ផលិតកម្ម​​ស្បៀង កាលពី​ព្រឹក​ថ្ងៃទី​១៩​ ខែកក្កដា​ ឆ្នាំ​២០១៨ នៅ​សួន​នាគ​​សន្តិភាព ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង។

​លោក​រដ្ឋមន្ត្រី​ បានបញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៦-២០១៧ ខេត្តបាត់ដំបង​ ទទួលបាន​ចំណាត់ថ្នាក់​​ទី​៣ បន្ទាប់ពី​ខេត្តព្រៃវែង និង​ខេត្តតាកែវ​ ប៉ុន្តែ​ឆ្នាំ​នេះ (២០១៧-២០១៨) ខេត្ត​បាត់ដំបង​បានឡើង​មក​ឈរ​ចំណាត់ថ្នាក់​លេខ២ ដោយ​ចាញ់​តែ​ខេត្ត​ព្រៃវែង​មួយ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា កាលពី​ឆ្នាំ ២០១៦-២០១៧ ព្រៃវែង ផលិត​ស្រូវ​បាន​ ១,២៤លាន​តោន ឯ​បាត់ដំបង ផលិត​បាន​ក្រោម ១លាន​តោន ចំណែក​ឆ្នាំ ២០១៧-២០១៨ នេះ ព្រៃវែង ផលិត​បាន​ ១,៣៤លាន​តោន ឯ​បាត់ដំបង ផលិត​បាន​ជាង ១,១លាន​តោន។

​លោក​វេង សាខុន សង្ឃឹមថា នៅពេល​ខាងមុខ​ ខេត្តបាត់ដំបង​ នឹង​អាច​ដណ្តើមពាន ដែលជា​ចំណាត់ថ្នាក់​ទី​១ នៃ​ការផលិត​ស្រូវ​ កុំ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​​ ខេត្តបាត់ដំបង​ ដែល​ល្បី​ឈ្មោះថា​ជា​ខេត្ត​ជង្រុក​ស្រូវ​​នៃ​ប្រទេស​កម្ពុជា​។ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ដែរថា ក្រៅ​ពី​ស្រូវ បាត់ដំបង ក៏ល្បី​ខាង​ដំណាំ​រួមផ្សំ និង​បន្លែ​បង្កាផងដែរ ដូចជា ​ដំឡូង​មី ពោត​ ក្រូច​ពោធិសាត់ ក្រូច​ថ្លុង និងផ្លែ​តា​ង៉ែ​ន​ ជាដើម៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;