ថៃ​ព្រមាន​ការ​លេង​ទឹក​សមុទ្រ​នៅ​ភូកេត ក្រោយ​ប្រទះ​ឃើញ​ក្រពើ​១ក្បាល

  • 2018-07-20 03:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​ថៃ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ចាប់​ក្រពើ​១​ក្បាល ដែល​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទឹក​សមុទ្រ​ឆ្នេរ Yanui នៃ​ខេត្ត​ភូកេត កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៨។

ក្រពើ​១​ក្បាល​នេះ ត្រូវ​លោក Somchai Khunlunag អាយុ​២២​ឆ្នាំ ប្រទះ​ឃើញ ខណៈ​ដែល​លោក​បាន​ទៅ​កាន់​ឆ្នេរ​សមុទ្រ Yanui ដើម្បី​ចាប់​ត្រី នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៦ និង ២០​នាទី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​ទៅ។ លោក​បាន​ឃើញ​ក្រពើ​១​ក្បាល​កំពុង​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក ដែល​នៅ​មិន​ឆ្ងាយ​ឡើយ​ពី​ឆ្នេរ។ ជួប​ប្រទះ​នឹង​រឿង​ដូច្នេះ លោក​បាន​ហៅ​ទូរសព្ទ​ទៅ​ម្ដាយ ហើយ​ម្ដាយ​របស់​លោក​បាន​រាយការណ៍​ទៅ​ប៉ូលិស។ ប៉ូលិស និង​មន្ត្រី​ដែល​ពាក់ព័ន្ធ ដែល​ទៅ​ដល់​កន្លែង​នោះ បាន​អះអាង​ថា ពួក​គេ​ពិត​ជា​បាន​ឃើញ​ភ្នែក​ក្រហមៗ​របស់​សត្វ​ក្រពើ​ប្រាកដ​មែន​នៅ​ក្នុង​ទឹក​សមុទ្រ។

ឆ្នេរ Yanui ខេត្ត​ភូកេត/ រូបភាព៖ TripAdvisor
លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា សត្វ​ក្រពើ​១ក្បាល​នោះ​ក៏​បង្ហាញ​ខ្លួន​នៅ​ឆ្នេរ Yanui និង​ឆ្នេរ Nai Harn ម្ដង​ទៀត។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ប៉ូលិស មន្ត្រី​ក្នុង​តំបន់ និង​មន្ត្រី​ជលផល ជាង​៤០​នាក់ បាន​ឡោមព័ទ្ធ​តំបន់​នោះ នៅ​ថ្ងៃ​ដដែល ដើម្បី​រក​មើល​វត្តមាន​របស់​ក្រពើ។ ផ្លាក​សញ្ញា​ព្រមាន និង​ហាមឃាត់​ការ​ហែល​ទឹក ត្រូវ​បាន​ដាក់​តាំង ដើម្បី​ផ្អាក​សកម្មភាព​លេង​ទឹក​នៅ​តំបន់​ឆ្នេរ​ទាំង​២ បន្ទាប់​ពី​ហេតុការណ៍​នេះ​បង្ក​ភាព​ភ័យ​ខ្លាច​ចំពោះ​ប្រជាពលរដ្ឋ​ភូកេត និង​ភ្ញៀវ​ទេសចរ​ជា​ខ្លាំង។

លោក Norraphat Plodthong អភិបាល​ខេត្ត​ភូកេត បាន​ឲ្យ​ដឹង​ថា បើ​តាម​​វីដេអូ​ដែល​ថត​បាន ក្រពើ​១​ក្បាល​នេះ​អាច​មាន​ប្រវែង​ពី ២ ទៅ ៣​ម៉ែត្រ។ លោក​អភិបាល​បន្ត​ថា ក្រុម​អ្នក​ជំនាញ​ចាប់​ក្រពើ​មក​ពី​នាយកដ្ឋាន​ជលផល កំពុង​តាម​ប្រមាញ់​សត្វ​សាហាវ​នេះ​ហើយ ហើយ​គេ​សង្ស័យ​ថា វា​អាច​រួច​ពី​កន្លែង​កសិដ្ឋាន​ចិញ្ចឹម​ណា​មួយ៕

សូម​ទស្សនា​វីដេអូ​សត្វ​ក្រពើ​ដែល​គេ​ថត​​បាន​នៅ​ឆ្នេរ​សមុទ្រខេត្ត​ភូកេត៖

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;