ស៊ីម៉ាក់ បង្ហាញ​លទ្ធផល​បោស​សម្អាត​មីន គិត​ចាប់ពី​​ឆ្នាំ​១៩៩២​មក​

  • 2018-07-20 03:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក) បាន​ថ្លែង​ថា ​គិតចាប់​ពីឆ្នាំ​១៩៩២ រហូត​មក​ដល់​ខែ​មីនា ឆ្នាំ​២០១៨ កន្លងមក​នេះ ស៊ីម៉ាក​បាន​សម្រេច​លទ្ធផលដូចជា៖ ​រុក​រក និង​កម្ទេច​ចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង ៥១ម៉ឺន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង ១ម៉ឺន​គ្រាប់ គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង ២លាន​គ្រាប់។ សរុប​រួម​ទាំងអស់ ទាំង​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិនទា​ន់ផ្ទុះ គឺ​ជិត ២,៧លានគ្រាប់ ដែលត្រូវ​បាន​បោស​សម្អាត។ ក្នុងនោះ​បាន​ធ្វើការ​បោស​សម្អាត​ផ្ទៃដី​មាន​មីន​បាន​ចំនួន​ជាង ៩៤៣​គីឡូម៉ែត្រ​ក្រឡា​ផងដែរ។

ការថ្លែង​របស់​លោក ហេង រតនា ខាងលើ​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្របខណ្ឌ​ក្នុង​យោធពល​ខេមរភូមិន្ទ បំពាក់​ឋានន្តរស័ក្តិ និង​គ្រឿង​ឥស្សរិយស ជូន​ដល់​មន្ត្រី បុគ្គលិក​ស៊ីម៉ាក ដែលបាន​ចូល​និវត្តន៍ បាត់បង់​សមត្ថភាព​ការងារ និង​ពិការ នៅទី​បញ្ជាការដ្ឋាន​ស៊ីម៉ាក នាព្រឹក​ថ្ងៃទី​២០ ខែ​កក្កដា​នេះ ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណិត នាយក​រង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី។

លោក ហេង រតនា ថ្លែងក្នុង​ពិធី​ប្រកាស​បញ្ចូល​ក្របខណ្ឌ​ក្នុង​យោធពល​ខេមរភូមិន្ទ បំពាក់​ឋានន្តរស័ក្តិ និង​គ្រឿង​ឥស្សរិយស ជូន​ដល់​មន្ត្រី បុគ្គលិក​ស៊ីម៉ាកដែលបាន​ចូល​និវត្តន៍ បាត់បង់​សមត្ថភាព​ការងារ និង​ពិការ នាព្រឹកថ្ងៃទី២០ កក្កដា ២០១៨។ រូបថត៖ ផ្តល់ឱ្យ
លោកបាន​បញ្ជាក់​ថា ក្នុងការ​បន្ត​ដោះស្រាយ និង​លុប​បំបាត់​បញ្ហា​គ្រាប់មីន​នេះ ស៊ីម៉ាក​បាន​រៀបចំ​ផែនការ​រំកិល ១០ឆ្នាំ​របស់​ខ្លួន (២០១៦-២០២៥) ស្រប​តាម​តម្រូវការ​របស់​ប្រជាជន និង​រាជ​រដ្ឋាភិបាល ដោយ​ធ្វើ​យ៉ាងណា​ធ្វើការ​បោស​សម្អាត​ផ្ទៃដី​ចម្ការ​មីន​ជិត ៥ម៉ឺន​ហិកតា និង​រំដោះ​ផ្ទៃដី​ចម្ការ​មីន​ដែល​សង្ស័យ​ចំនួន​ជាង ១២ម៉ឺន​ហិកតា។ ក្នុងនោះ​នឹង​បង្កើន​សមត្ថភាព​ឆ្លើយតប​ទៅនឹង​សំណូមពរ​បន្ទាន់ៗ​របស់​ប្រជាជន និង​អាជ្ញាធរ​ឱ្យ​បាន​ប្រមាណ ២​ម៉ឺន សំណូមពរ​ក្នុង​មួយ​ឆ្នាំៗ។

ដើម្បី​សម្រេច​ផែនការ​នេះ​បាន ស៊ីម៉ាក​ត្រូវការ​ធនធាន​ទាំង​សម្ភារ និង​ថវិកា​ជាង ១២០លាន​ដុល្លារ ក្នុងការ​គាំទ្រ​ប្រតិបត្តិការ​របស់ខ្លួន​រយៈពេល ៥​ឆ្នាំ ដំណាក់កាល​ទី១ ខាងមុខ​នេះ។

លោក ហេង រតនា បាន​បញ្ជាក់​ថា ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ពិតជា​មាន​បញ្ហា​ប្រឈម និង​ឧបសគ្គ​មួយ​ចំនួន​ដូចជា ស្ថានភាព​ចម្ការ​មីន​មាន​ព្រៃ​ដុះ​ក្រាស់ និង​មាន​ស្ថានភាព​ដី​រឹងខ្លាំង ស្ថានភាព​ចម្ការ​មីន​ចម្រុះ​គ្នា គ្រាប់​មីន​តោន​កប់​ជ្រៅៗ និង​មីន​ថ្មើរ​ជើង​ច្រើន ដែល​ងាយ​បង្ក​គ្រោះថ្នាក់​ពេល​កំពុង​ប្រតិបត្តិការ។ ចំណែក​ផ្នែក​ធនធាន​ទាំង​សម្ភារៈ និង​ថវិកា គាំទ្រ​ការ​បោស​សម្អាតមីន​នេះ គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ជំនួយ​របស់​ដៃគូ​អភិវឌ្ឍន៍៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;