ពូទីន៖ ទំនាក់ទំនង​រុស្ស៊ី-អាមេរិក ស្ថិត​នៅ​ក្នុង​សភាព​អាក្រក់​ជាង​សង្រ្គាម​ត្រជាក់​ទៅ​ទៀត

  • 2018-07-20 08:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ្លាឌីមៀ ពូទីន បាន​ថ្លែង​ទៅ​កាន់​អគ្គរដ្ឋទូត និង​មន្រ្តី​ទូត​រុស្ស៊ី កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ២០១៨ ម្សិលមិញ​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក ក្នុង​ទិដ្ឋភាព​ជាច្រើន គឺ​អាក្រក់​ជាង​សង្រ្គាម​ត្រជាក់​ទៅ​ទៀត។

លោក វ្លាឌីមៀ ពូទីន ថ្លែង​ទៅ​កាន់​អគ្គរដ្ឋទូត និង​មន្រ្តី​ទូត​រុស្ស៊ី នៅ​ក្រុង​មូស្គូ កាលពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ២០១៨ (រូបភាព៖ Sputnik)
លោក ពូទីន ថា "យើង​ត្រូវការ​របៀបវារៈ​វិជ្ជមាន ក្នុង​គោល​បំណង​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​មូលដ្ឋាន​រួម​គ្នា។ ជាការពិត យើង​បាន​ជជែក​ពី​បញ្ហា​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ Helsinki។ សូម្បីតែ​ភាព​ខុស​គ្នា​ទាំង​អស់​ក្នុង​ទស្សនៈ​នានា យើង​បាន​ឯកភាព​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី-អាមេរិក ស្ថិត​នៅ​ក្នុង​សភាព​ដែល​មិន​គួរ​ជា​ទី​ពេញ​ចិត្ត​ខ្លាំង​បំផុត នៅ​ក្នុង​រួបភាព​ជាច្រើន គឺ​អាក្រក់​ជាង​អំឡុង​សង្រ្គាម​ត្រជាក់​ទៀត"។

លោក ពូទីន ក៏​បាន​កក់​សម្គាល់​ដែរ​ថា បញ្ហា​ទាំង​អស់​នោះ មិន​អាច​ដោះស្រាយ​នៅ​ក្នុង​រយៈពេល ២ ឬ ៣​ម៉ោង​បាន​នោះ​ទេ។

សូម​បញ្ជាក់​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​អាមេរិក កាន់តែ​អាក្រក់​ឡើង ក្រោយ​អាមេរិក​ចោទ​រុស្ស៊ី​ថា បាន​លូកលាន់​កិច្ចការ​បោះឆ្នោត​អាមេរិក​នៅ​ឆ្នាំ​២០១៦។ បន្ទាប់​មក អាមេរិក​បាន​បណ្ដេញ​មន្រ្តី​ទូត​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​បាន​បណ្ដេញ​មន្រ្តី​ទូត​អាមេរិក​វិញ​ផង​ដែរ។ ជាង​នេះ​ទៅ​ទៀត អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​មក​លើ​ស្ថាប័ន និង​បុគ្គល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;