គិតចាប់ពីថ្ងៃបង្កើត UN មក តើ​មាន​អគ្គលេខាធិការ​ប៉ុន្មានរូប​ហើយ?

  • 2018-07-20 10:07:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មកដល់​ពេលនេះ អង្គការសហប្រជាជាតិ (UN) មាន​អគ្គលេខាធិការ ចំនួន ៩រូប​ហើយ គិត​ចាប់​តាំង​ពី​អង្គការ​នេះ ត្រូវបាន​បង្កើត​ឡើង នៅថ្ងៃ​ទី ២៤ ​តុលា ឆ្នាំ​១៩៤៥​ នាទីក្រុង San Francisco រដ្ឋ​ California សហរដ្ឋអាមេរិក។ អគ្គលេខាធិការទាំង ៩រូប​នេះ គឺរួម​មាន​ដូចខាង​ក្រោម​៖

១. លោក ទ្រីហ្គវេ ឡាយ (Trygve Lie) ជនជាតិ ណរវេ

លោក ទ្រីហ្គវេ ឡាយ/ un.org
លោក ទ្រីហ្គវេ ឡាយ កើត​នៅ​ថ្ងៃ​ទី ១៦ ​កក្កដា ឆ្នាំ​១៨៩៦។ លោក ទ្រីហ្គវេ ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​ទី១​របស់​ UN សម្រាប់​អាណត្តិ​៥ឆ្នាំ ក្នុង​ថ្ងៃ​ទី ១​ កុម្ភៈ​ ឆ្នាំ​១៩៤៦។ នៅ​ថ្ងៃ​ទី​០១ ​វិច្ឆិកា​ ឆ្នាំ ១៩៥០ ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ(UNGA) បាន​សម្រេច​ពន្យារ​អាណត្តិ​របស់​លោក​៣​ឆ្នាំ​បន្ថែម​ទៀត។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី ១០ ធ្នូ ឆ្នាំ​១៩៥២ លោក បាន​សម្រេច​លាលែង​ពី​តំណែង​ជា​អគ្គលេខាធិការ​ UN។

២. លោក ដេហ្គ ហាមាសូលដ៏ (Dag Hammarskjöld) ជនជាតិ ស៊ុយអែត

លោក ដេហ្គ ហាមាសូលដ៏/ un.org

លោក ដេហ្គ ហាមាសូលដ៏ កើត​នៅ​ថ្ងៃ​ទី២៩ ​កក្កដា ឆ្នាំ​១៩០៥។ លោក ជា​កូន​ទី៤ របស់​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Hjalmar Hammarskjöld ដែល​បាន​កាន់​តំណែង​អំឡុង​សង្គ្រាម​លោក​លើក​ទី១។ លោក បាន​ក្លាយ​ជា​អគ្គលេខាធិការ UN​ ពី​ថ្ងៃ​ទី ១០ មេសា ឆ្នាំ​១៩៥៣ រហូត​ដល់​ថ្ងៃ​ទី ១៨ ​កញ្ញា ឆ្នាំ​១៩៦១ នៅ​ពេល​ដែល​លោក បាន​ជួប​នឹង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ ខណៈ​កំពុង​បំពេញ​បេសកកម្ម​សន្តិភាព​ក្នុង​ប្រទេស​កុងហ្គោ​។

៣. លោក អ៊ូ ថាន់ (U Thant) ជនជាតិ មីយ៉ាន់ម៉ា​

លោក អ៊ូ ថាន់/ un.org

លោក អ៊ូ ថាន់ កើត​នៅ​ថ្ងៃ​ទី ២២ មករា ឆ្នាំ ១៩០៩។ លោក អ៊ូ ថាន់ ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ UN​ ជំនួស​ឲ្យ​លោក​អគ្គលេខាធិការ ហាមាសូលដ៏ ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ នា​ខែ កញ្ញា ឆ្នាំ​១៩៦១។ លោក បាន​កាន់​តំណែង​ក្នុង​ស្ថាប័ន​ដ៏​ធំ​នេះ ចាប់​ពី​ឆ្នាំ​១៩៦១ ​ដល់​ឆ្នាំ ១៩៧១ (២អាណត្តិ)។

៤. លោក ឃើត វលដ៏ហេម (Kurt Waldheim) ជនជាតិ អូទ្រីស

លោក ឃើត វលដ៏ហេម/ un.org

លោក ឃើត វលដ៏ហេម កើត​នៅ​ថ្ងៃ​ទី ២១ ​ធ្នូ ឆ្នាំ​១៩១៨។ លោក ​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គលេខាធិការ​ UN សម្រាប់​អាណត្តិ​៥ឆ្នាំ ចាប់​ពី​ឆ្នាំ​១៩៧២ ដល់ ឆ្នាំ​១៩៨១ (២អាណត្តិ)។

៥. លោក សាវីយេប៉េរេ ដឺគួអេឡា (Javier Perez de Cuellar) ជនជាតិ ប៉េរូ

លោក សាវីយេប៉េរេ ដឺគួអេឡា/ un.org

លោក សាវីយេប៉េរេ ដឺគួអេឡា កើត​នៅ​ថ្ងៃ​ទី ១៩ ​មករា ឆ្នាំ១៩២០។ លោក បាន​ចូល​កាន់​តំណែង​ជា​អគ្គលេខាធិការ UN ចាប់​ពីឆ្នាំ ១៩៨២ ដល់​ឆ្នាំ ​១៩៩១ (២អាណត្តិ)។

៦. លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី (Boutros boutros ghali) ជនជាតិ អេហ្ស៊ីប

លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី/ un.org

លោក ប៊ូត្រូស ប៊ូត្រូស ហ្គាលី កើត​នៅ​ថ្ងៃ​ទី ១៤ ​វិច្ឆិកា​ ឆ្នាំ​១៩២២។ លោក បាន​ក្លាយ​ជា​អគ្គលេខាធិការ UN ចាប់ពីឆ្នាំ១៩៩២ ដល់​ ឆ្នាំ​១៩៩៦។

៧. លោក កូហ្វ៊ី អាណាន់ (Kofi A. Annan) ជនជាតិ ហ្គាណា

លោក កូហ្វ៊ី អាណាន់/ un.org

កើត​នៅ​ថ្ងៃ​ទី ០៨ មេសា ឆ្នាំ​១៩៣៨។ លោក បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​ UN ចាប់​ពីឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០០៦ (២អាណត្តិ)។ លោក អាណាន់ ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ​២០០១។

៨. លោក បាន គីមូន (Ban Ki-Moon) ជនជាតិ កូរ៉េខាងត្បូង

លោក បាន គីមូន/ un.org

លោក បាន គីមូន កើត​នៅ​ថ្ងៃ​ទី ១៣ ​មិថុនា ឆ្នាំ​១៩៤៤។ លោក បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​​​ពី​សកល​វិទ្យាល័យ​ជាតិ​ទីក្រុង​សេអ៊ូល នៅ​ក្នុង​ឆ្នាំ​១៩៧០។ ក្នុង​ឆ្នាំ ១៩៨៥ លោក គីមូន បាន​បញ្ចប់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ​ ពី​សកល​វិទ្យាល័យ Harvard។ លោក បាន​ក្លាយ​ជា​អគ្គលេខាធិការ​ UN ចាប់​ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៦ (២អាណត្តិ)។

៩. លោក អាន់តូនីយូ ហ្គុតេរ៉េស (António Guterres) ជនជាតិ ព័រទុយហ្គាល់

លោក អាន់តូនីយូ ហ្គុតេរ៉េស/ un.org

លោក អាន់តូនីយូ ហ្គុតេរ៉េស កើត​នៅ​ឆ្នាំ ១៩៤៩។ លោក ​ជា​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្គាល់ ចាប់​ពី​ឆ្នាំ ១៩៩៥ ដល់​ឆ្នាំ ២០០២។ លោក ក៏​ធ្លាប់​កាន់​តំណែង​ជា​អតីត​ស្នងការ​ជន​ភៀស​ខ្លួនអង្គការ​សហប្រជាជាតិ ចាប់​ពី​ឆ្នាំ ២០០៥ ដល់ ឆ្នាំ​២០១៥។ លោក កំពុង​កាន់​តំណែង​ជា​អគ្គលេខាធិការ​ UN ចាប់​ឆ្នាំ​២០១៧​មក​ដល់​បច្ចុប្បន្ន​៕

ប្រភព៖ United Nations ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;