កម្ពុជា រៀបចំ​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​ដ៏ធំ ​ជា​លើក​ដំបូង

  • 2018-07-20 10:04:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ និង​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​​ជាតិ​ដ៏ធំ ​ជា​លើក​ដំបូង​ ដើម្បី​ផ្សព្វផ្សាយ​ពី​ផលិតផល​ទេសចរណ៍ និង​ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក ដែល​កំពុង​មានការ​កើនឡើង​រៀងរាល់​ឆ្នាំ។ ពិធី​បើក​ពិព័រណ៍​នេះ ធ្វើឡើង​នៅ​កោះពេជ្រ​នាថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៨ ក្រោម​អធិបតី​ភាព លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍។ ក្នុង​ពិព័រណ៍​នេះ មាន​ស្តង់​បង្ហាញ​ផលិត​ផល​ទេសចរណ៍​ប្រមាណ ១៥០​ស្តង់។

លោក ថោង ខុន កាត់ខ្សែបូ បើកពិព័រណ៍​ទេសចរណ៍​ជាតិ​ជាលើកដំបូង នាថ្ងៃទី២០កក្កដា ២០១៨ នៅកោះពេជ្រ។ រូបថត៖ ក្រសួងទេសចរណ៍
លោក ថោង ខុន បាន​និយាយ​ថា វិស័យ​ទេសចរណ៍​កម្ពុជា ដែលជា​ទេសចរណ៍​វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុក​ជា «មាស​បៃតង»។ វិស័យ​នេះ បាន​រួម​ចំណែក​ប្រមាណ ១២% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​ផ្តល់​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជាង ៦២​ម៉ឺននាក់ និង​ដោយ​ប្រយោល​ជាច្រើន​ម៉ឺន​នាក់​បន្ថែម​ទៀត។

លោក​រដ្ឋមន្រ្តី​បន្ត​ថា សម្រាប់​ទេសចរណ៍​ក្នុងស្រុក កំណើន​ភ្ញៀវ​មាន​ការ​កើនឡើង​ជា​លំដាប់​ពីមួយឆ្នាំ​ទៅមួយ​ឆ្នាំ (៦% ជា​មធ្យម)។ ជាក់​ស្តែង នៅឆ្នាំ​២០១៥ ទេសចរ​ក្នុងស្រុក​មាន​ចំនួន​ជាង ៩,៦លាន​នាក់ កើន​ដល់​ជាង ១០លាន​នាក់ នៅឆ្នាំ​២០១៦ និង​ជិត ១១លាន​នាក់ នៅឆ្នាំ​២០១៧ ហើយជា​ចក្ខុ​វិស័យ​ក្រសួង​ទេសចរណ៍​រំពឹង​ថា នឹងមាន​ទេសចរ​ប្រមាណ ១៩​លាន​នាក់ នៅឆ្នាំ​២០២៥។

ចំណែក​ភ្ញៀវទេសចរ​អន្តរជាតិ​មាន ៥,៦លាននាក់ នៅឆ្នាំ​២០១៧ កើនឡើង ១១,៨%។ ហើយក្នុង​រយៈពេល ៥​ខែ ដើមឆ្នាំ ២០១៨​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ២,៦​លាន​នាក់។ តាម​ការ​ព្យាករ កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ប្រមាណ ៦,២​លាន​នាក់ នៅឆ្នាំ​២០១៨នេះ ៧លាន​នាក់ នៅឆ្នាំ​២០២០ និង ១៥លាន​នាក់​នៅឆ្នាំ​២០៣០។

ភ្ញៀវទេសចរ រង់ចាំថតថ្ងៃរះនៅប្រាសាទអង្គរវត្ត កាលពីខែមីនា ឆ្នាំ២០១៨

លោក ថោង ខុន បន្ថែម​ថា ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​អនុវត្ត​ការងារ​មួយ​ចំនួន ក្នុង​គោលបំណង​ពង្រឹង​ការ​គ្រប់គ្រង និង​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ប្រកបដោយ​គុណភាព និង​ចីរភាព រួមមាន​ការ​ដាក់​ចេញ​ការ​អនុវត្ត​យន្តការ​ពង្រឹង​ប្រព័ន្ធ​វាយ​តម្លៃ ចំណាត់ថ្នាក់​សេវា​ស្នាក់​នៅ ចលនា​ប្រឡង​ប្រណាំង​ទីក្រុង​ស្អាត ចលនា​ប្រឡង​ប្រណាំង​រង្វាន់​សម្តេច​នាយក​រដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍ ចលនា​ប្រឡង​ប្រណាំង​រមណីយដ្ឋាន​ទេសចរណ៍​គំរូ និង​ចលនា​ប្រឡង​ប្រណាំង​បដិសណ្ឋារកិច្ច​ល្អ​ជាដើម៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;