លោក ស៊ី ជិនពីង នឹង​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក ​ដើម្បី​ក្ដាប់​យក​ទ្វីប​១​នេះ

  • 2018-07-21 08:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទ្វីប​អាហ្រ្វិក​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ ខណៈ​ទីក្រុង​ប៉េកាំង កំពុង​ប្រែក្លាយ​ខ្លួន​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និត​ខាង​វិស័យ​សេដ្ឋកិច្ច និង​ការ​ទូត​​របស់​ទ្វីប​មួយ​នេះ​។

លោក ស៊ី ជិនពីង និងមេដឹកនាំរបស់កុងហ្គោ លោក Denis Sassou Nguesso កាត់ខ្សែបូ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៣ ក្នុងដំណើរទស្សនកិច្ចទៅកាន់អាហ្វ្រិក
បន្ទាប់ពី​ឆៀង​ចូល​ទៅ​កាន់​ឈូង​សមុទ្រ​ពែក្ស នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​ក្រោយ លោក​ស៊ី នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស សេណេហ្គាល់ រ្វ៉ាន់ដា អាហ្វ្រិកខាងត្បូង និង ម៉ូរីស ដែល​ស្ថិតនៅ​ជុំវិញ​អនុ​តំបន់​សាហារ៉ា នៃ​ទ្វីប​អាហ្វ្រិក ដែល​ជា​តំបន់​ទទួល​ឥទ្ធិពល​សេដ្ឋកិច្ច​ពី​ចិន ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។

យោង​តាម​ស្ថិតិ​ផ្លូវការ បាន​បង្ហាញ​ថា ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​អាហ្វ្រិក បន្ទាប់ពី​ដណ្ដើម​បាន​សហរដ្ឋ​អាមេរិក កាលពី​ជិត ១​ទសវត្សរ៍​មុន។ ពាណិជ្ជកម្ម​ទ្វេភាគី របស់​ចិន-អាហ្វ្រិក បាន​កើន​ដល់ ២២០​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​២០១៤។

មេដឹកនាំ​ចិន​នានា តែងតែ​ធ្វើដំណើរ​ទៅ​កាន់​អាហ្វ្រិក ក្នុង​អាណត្តិ​របស់​ខ្លួន។ កាល​ពី​ឆ្នាំ២០១៣ លោក ស៊ី ក៏​ធ្លាប់​បាន​ជ្រើសរើស​ទ្វីប​អាហ្វ្រិក​ជា​គោលដៅ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផងដែរ​ ហើយ​លោក​បាន​ទៅ​ទីនោះ ២​ដង​បន្ថែម​ទៀត ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក។

ពាណិជ្ជកម្ម មិនមែន​ជា​ចំណាប់​អារម្មណ៍​របស់​ចិន​តែមួយ​មុខ​នោះ​ទេ ព្រោះ​អាហ្វ្រិក សម្បូរ​ដោយ​វត្ថុធាតុដើម ដែល​ចិន​មិន​ទាន់​អាច​យក​បាន​នៅ​ឡើយ​។

លោក Ian Taylor អ្នក​ជំនាញ​ទ្វីប​អាហ្វ្រិក នៅ​សាកលវិទ្យាល័យ St. Andrews បាន​និយាយ​ថា អាមេរិក​បាន​បាត់បង់​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទ្វីប​នេះ ព្រោះ​អាមេរិក​មិន​សូវ​ខ្វល់ខ្វាយ​ពី​អាហ្វ្រិក។ លោក​បន្ត​ថា អាមេរិក មើល​ឃើញ​អាហ្វ្រិក​តែ​បញ្ហា​សុវត្ថិភាព ខុស​ពី​ចិន ដែល​មើល​ឃើញ​ពី​សេដ្ឋកិច្ច​របស់​អាហ្វ្រិក​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;