អាជ្ញាធរ​រាជធានី ស្នើឱ្យ​បញ្ចៀស​ចរាចរណ៍​​ចេញពី​ផ្លូវ​សំខាន់ៗ​ ដែល​មាន​​បក្ស​ហែក្បួន​​ថ្ងៃនេះ

  • 2018-07-22 01:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​រាជធានី​ភ្នំពេញ​ បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ បញ្ចៀស​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន​នៅថ្ងៃ​ទី២២​កក្កដានេះ ចេញពី​​​មហា​វិថី និង​ផ្លូវ​សំខាន់ៗ​មួយ​ចំនួន ដែលមាន​​គណបក្ស​ហែក្បួន​ឃោសនា​បោះឆ្នោត ដើម្បី​ធានា​ដល់​បរិយាកាស​ឃោសនា​បោះឆ្នោត​ឲ្យមាន​ភាពល្អ​ប្រសើរ និង​ស្មើភាព​គ្រប់​គណបក្ស​នយោបាយ។

នៅក្នុង​សេចក្តី​ជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២០កក្កដា បាន​ឱ្យដឹង​ថា មាន​គណបក្ស​នយោបាយ​ចំនួន​៥ ដែល​បាន​ដង្ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី៦ នៅថ្ងៃ២២កក្កដានេះ​រួម​មាន៖ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​ចូលរួម​ដង្ហែ​ចំនួន ៣៥ ០០០នាក់, គណបក្ស​យុវជន​កម្ពុជា ២០០​នាក់, គណបក្ស​មាតុភូមិ​យើង ​៥០០​នាក់, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ៤០០នាក់, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ៥០០នាក់។

ក្បួនដង្ហែរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត
គណបក្ស​ទាំង៥​ខាងលើ​នេះ នឹង​ធ្វើការ​ជួបជុំ​ដង្ហែ​នៅតាម​មហាវិថី​សម្តេច​សុធារស មហាវិថី​ម៉ៅសេទុង មហាវិថី​ព្រះមុនី្នវង្ស វិថី​ព្រះ​ស៊ីសុវត្ថិ ផ្លូវជាតិ​លេខ៥ ផ្លូវជាតិ​លេខ១ ផ្លូវមិត្តភាព​ភ្នំពេញ-ហាណូយ ផ្លូវ​ណតប្រ៊ីត ផ្លូវ​ចោមចៅ និងផ្លូវ​សំខាន់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ។

អាជ្ញាធរ បាន​លើកឡើង​ថា បើសិន​មិន​ចាំបាច់​ ប្រជាពលរដ្ឋ​ពុំគួរ​ធ្វើដំណើរ​តាម​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ​ឡើយ ចាប់ពី​ម៉ោង៦​ព្រឹក រហូត​ដល់​ក្បួន​ដង្ហែ​ត្រូវបាន​បញ្ចប់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;