ក្រសួង​​បញ្ជាក់​ពី​ស្ថានភាព​ទឹកជំនន់ ដែល​ហូរចូល​រាជធានី​ភ្នំពេញ ព្រឹកនេះ

  • 2018-07-22 03:48:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា គិតមក​ដល់ព្រឹក​ថ្ងៃទី​២២​កក្កដា​នេះ ស្ថានភាព​ទឹក​ទំនន់​ក្នុង​រាជធានី​ភ្នំពេញ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ហើយ ដោយ​ទឹក​បាន​ហូរ​ចូល​កាន់តែ​តិច។

នាព្រឹក​នេះ លោក លឹម គានហោ រដ្ឋមន្រ្តី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ដឹកនាំ​ក្រុម​ការងារ ទប់ទល់​នឹង​ការ​ហូរច្រោះ​ទំនប់​សណ្តរ​ស្ទឹង​ព្រែកត្នោត ស្ថិតក្នុង​ភូមិសាស្ត្រ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

លោក លឹម គានហោ ក្នុងពេលដឹកនាំក្រុមការងារ ទប់ទល់នឹងទឹកជំនន់ នាព្រឹកថ្ងៃទី២២កក្កដា ២០១៨។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួង​បញ្ជាក់​ថា ការ​ហូរ​ច្រោះ (រន្ធ​នាគ) នេះ គឺត្រូវ​បាន​ពិនិត្យ​តាំងពី​ថ្ងៃ​ម្សិលមិញ​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​វានៅ​ជ្រៅ​ពេក (បាត​ទំនប់) ទើបការ​ធ្វើ​អន្តរាគមន៍​កន្លងមក​នេះ គឺ​គ្រាន់តែ​ទប់ទល់ ដើម្បី​ការពារ​កុំឱ្យ​ការ​ហូរច្រោះ​ រីករាល​ដាល​កាន់តែ​ធំឡើង ធ្វើឱ្យ​ទឹក​លិច​ចូល​ភូមិឋាន​ប្រជាពលរដ្ឋ។ ក្រសួង​អះអាង​ថា ជារួម​ការ​ហូរច្រោះ​នេះ ត្រូវបាន​ទប់ស្កាត់​ទាន់​ពេលវេលា និង​ផុតពី​ការ​បារម្ភ​ហើយ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២០​កក្កដា​កន្លងទៅ​នេះ ទឹកជំនន់​ បាន​ហូរ​ធ្លាក់​យ៉ាង​គំហុក​ពីខេត្ត​កំពង់ស្ពឺ ទៅកាន់​ផ្នែក​ខាងក្រោម​តាម​ដងស្ទឹង​ព្រែក​ត្នោត បណ្តោល​ឱ្យ​ខណ្ឌ​ពោធិ៍សែនជ័យ និង​ដង្កោ ដែល​ស្ថិតនៅ​តាម​បណ្តោយ​ដងស្ទឹង​នេះ រងការ​ជន់លិច។ នៅថ្ងៃ​នោះ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក បាន​ដឹកនាំ​កម្លាំង​ចុះធ្វើ​អន្តរាគមន៍ ទប់ទល់​ជាមួយ​នឹង​ទឹក​ជំនន់​នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែកត្នោត​ ដើម្បី​ការពារ​កុំឱ្យ​មាន​ការ​ហូរច្រោះ​លិច​ចូល​តំបន់​ទំនាប​ក្នុង​ភូមិសាស្រ្ត​រាជធានីភ្នំពេញ៕

ទឹកជំនន់ នៅក្នុងខណ្ឌដង្កោ កាលពីថ្ងៃទី២១កក្កដា ២០១៨

អត្ថបទ៖ សំភី

អត្ថបទថ្មី
;