ក្រសួង​កសិកម្ម ដាក់​ចេញ​វិធានការ​ទប់ស្កាត់ បង្ការ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹក​ជំនន់

  • 2018-07-22 05:50:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន ដើម្បី​បង្ការ​ការ​ខូចខាត​ដោយ​គ្រោះ​ទឹកជំនន់​ក្នុង​រដូវ​វស្សាឆ្នាំ​២០១៨​នេះ​ បន្ទាប់ពី​ក្រសួង​បាន​សង្កេត​ឃើញថា ភ្លៀងធ្លាក់​ជា​បន្ត​បន្ទាប់​ទៅ​ទូទាំង​ប្រទេស​នា​ពេលថ្មីៗ​នេះ អាច​ធ្វើឱ្យ​តំបន់​មួយ​ចំនួន​ទទួល​រងនូវ​បាតុភាព​គ្រោះ​ធម្មជាតិ បង្ក​ឡើង​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​​ទន្លេ​មេគង្គ។ ស្ថានភាព​នេះ អាច​បង្ក​ឱ្យមាន​ការ​ខូចខាត​ជាយថាហេតុ ​ដល់​ដំណាំ​កសិកម្ម ពិសេស​ដំណាំស្រូវ​ ព្រមទាំង​ការ​បាត់​បង់​ដល់​អាយុជីវិត​សត្វ​ពាហនៈ​ផងដែរ។

យោងតាម​សារាចរ​ណែនាំ របស់​លោក វេង សាខុន រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ចុះ​ហត្ថលេខា​កាលពីថ្ងៃទី២០​កក្កដា បាន​ណែនាំដល់​គ្រប់​អង្គភាព​បច្ចេកទេស​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី-ខេត្ត ឱ្យ​អនុវត្ត​នូវ​វិធានការ​ចាំបាច់ និង​បន្ទាន់​មួយ​ចំនួន​ដូច​ខាងក្រោម៖

  • ត្រូវ​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​ទឹក​ជំនន់ ត្រៀម​លក្ខណៈ​សង្គ្រោះ​បន្ទាន់ វាយ​តម្លៃ​ផល​ប៉ះពាល់ និង​ការ​ខូចខាត​ជា​បណ្តើរៗ ដើម្បី​ទទួល​បាន​តួលេខ​ពិតប្រាកដ ដោយ​ក្តាប់​ឱ្យបាន​ទីតាំង និង​ស្ថានភាព​ភូមិសាស្រ្ត​ ដែល​មាន​លទ្ធភាព​អាចស្តារ​នូវការ​ខូចខាត​បាន។

  • ត្រូវ​សហការ​យ៉ាងជិត​ស្និទ្ធិ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ពិសេស​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានីខេត្ត ដើម្បី​ចាត់វិធានការ​បញ្ចៀស​ បង្ការ និង​ទប់ស្កាត់​ការខូចខាត​ដែល​បណ្តាល​មកពី​គ្រោះ​ទឹក​ជំនន់​តាម​លទ្ធភាព​ជាក់ស្តែង។

  • ត្រូវពិនិត្យ​លទ្ធភាព និង​ត្រៀម​លក្ខណៈ​ផ្តល់ស្រូវ​ពូជ ព្រមទាំង​ពូជ​ដំណាំ​ផ្សេងៗ​សម្រាប់​ធ្វើ​អន្តរាគមន៍​ស្តារ​ការ​ខូចខាត​ឡើង​វិញ នា​ពេល​ខាងមុខ។

  • ត្រៀម​រៀបចំ​សកម្មភាព​ធ្វើ​អន្តរាគមន៍ និង​ចាត់​មន្រ្តី​ជំនាញ​ឱ្យត្រៀម​ប្រចាំការ​នៅ​កន្លែង​ទីទួល​សុវត្ថិភាព​ដើម្បី​ពិនិត្យ​សុខភាព​សត្វ សង្គ្រោះ​សត្វ និង​ចាត់​វិធានការ​បសុ​ព្យាបាល។

  • សម្រប​សម្រួល​កិច្ច​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​សហការ​ធ្វើ​អន្តរាគមន៍​ធានា បង្ការ ការពារ​ជំងឺ​សត្វ និង​ការផ្តល់​ចំណី​សត្វ។

  • ត្រៀម​ថ្នាំ​ការពារ ព្យាបាល សម្ភារ​បសុ​ព្យាបាល ​ឱ្យបាន​គ្រប់គ្រាន់ ចំណី​សត្វ និង​ត្រៀម​ទីទួល​ខ្ពស់​មិន​លិចទឹក ដើម្បី​ជម្លៀស​សត្វ​នៅពេល​មាន​ទឹកជំនន់​មកដល់។

  • ត្រូវ​អប់រំ​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​អំពី​វិធីសាស្រ្ត​ថែរក្សា​ គោ ក្របី ផ្តល់​ទឹក ចំណី ការ​អនុវត្ត​អនាម័យ​ល្អ និង​ការតាមដាន​អនាម័យ​សត្វ និង​រាយការណ៍​អំពី​សត្វ​ឈឺ មក​មន្រ្តី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល ឬ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដែល​នៅជិត​បំផុត។

  • ត្រូវ​រាយការណ៍​អំពី​វឌ្ឍនភាព និង​ការប្រឈម​ ឱ្យ​បាន​ទាន់​ពេល​វេលា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;