សិប្បកម្ម​មួយ​នៅ​តាខ្មៅ យក​ប្រេងដូង ផលិត​ជាសាប៊ូ និង​ផលិតផល​ផ្សេងៗ​ច្រើន​មុខទៀត

  • 2018-07-22 06:19:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក​វគ្គ២ នឹង​ណែនាំ​មុខរបរ​ថ្មី​មួយ​ទៀត​ដែល​ជា​ស្នាដៃ​កូនខ្មែរ ដោយ​យក​ប្រេង​ដូង ផលិត​ជា​សាប៊ូ និង ផលិត​បាន​ផលិតផល​ជាច្រើន​ទៀត។ ចង់​ដឹង​ថា មាន​អ្វីខ្លះ សូម​ទស្សនា​រូបភាព និង​ការ​រៀប​រាប់​ខាង​ក្រោម​នេះ៖

១. កញ្ញា វត្ថា វិច្ឆិកា វ័យ២៥ឆ្នាំ ជា​ម្ចាស់​សិប្បកម្ម​ដៃ​ខ្មែរ​ ដែល​ផលិត​ប្រេងដូង សាប៊ូ និង ធ្យូង​ដុសធ្មេញ។ សិប្បកម្ម​​នេះ មាន​ទីតាំង​នៅ ភូមិ​កំពង់​សំណាញ់ សង្កាត់​និង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ បន្ទាប់ពី​បោះបង់​អាជីព​ជា​អ្នក​ដើរ​ម៉ូត វិច្ឆិកា បាន​ប្រឡូក​ក្នុង​ការ​ផលិត​សាប៊ូ និង​ប្រេងដូង​នេះ នៅ​ឆ្នាំ ២០១៤ ជាមួយ​សហ​ស្ថាបនិក​គម្រោង​ដៃ​ខ្មែរ​ដែល​ជា​ជន​បរទេស ។ ហើយ​នៅ​ឆ្នាំ ២០១៧ នាង​បាន​ចេញ​មក​បើក​អាជីវកម្ម​ដៃខ្មែរ​នេះ ដោយខ្លួនឯង។

២. បច្ចុប្បន្ន សិប្បកម្ម​ដៃ​ខ្មែរ មាន​កម្មករ​តែ​ម្នាក់​គត់ គឺ​អ្នក​ស្រី មាស សុខគា។ ជា​រៀង​រាល់ថ្ងៃ វិច្ឆិកា​តែង​មក​ធ្វើការ​​ជាមួយ​កម្មការិនី​ម្នាក់​នេះ។ អ្នកស្រី មាស សុខគា កំពុង​កាប់​ដូង ដើម្បី​កោស និង ពូត​យកខ្ទិះ។ ក្នុងមួយថ្ងៃៗ សុខគា ត្រូវ​កាប់​ដូង​៦០ផ្លែ។ បន្ទាប់ពី​បាន​ខ្ទិះ​ដូង​ហើយ គេ​ត្រូវ​យក​ទៅ​រក្សាទុក​នៅ​ក្នុង​បន្ទប់​កម្តៅ រយៈពេល​២ថ្ងៃ មុន​នឹង​យក​វា​មក​ច្រោះ​យក​ប្រេង​ដូង។

៣. បន្ទាប់ពី​បាន​ប្រេងដូង​ហើយ គេ​យក​វា​ទៅ​លាយ​នឹង​មេសាប៊ូ ទឹក និង គ្រឿង​ផ្សំ​ផ្សេងៗ​ទៀត ដែល​មាន​ដូចជា រមៀត កាហ្វេ អម្ពិល… ជាដើម។ លាយ​រួច​ហើយ គេ​ចាក់​វា​ចូល​ទៅ​ក្នុង​ពុម្ព ហើយ​រក្សា​វា​ទុក​រយៈពេល​៥​ម៉ោង ដើម្បី​សាប៊ូ​កក​ល្អ។ នៅ​ក្នុង​រូប​នេះ កញ្ញា​វិច្ឆិកា និង អ្នកស្រី មាស សុខគា កំពុង​ចាក់​ល្បាយ​សាប៊ូ ពណ៌​ស និង ពណ៌ខ្មៅ លាយ​គ្នា​ចូល​ទៅ​ក្នុង​ពុម្ព។ ក្នុង​មួយ​ថ្ងៃៗ សិប្បកម្ម​ដៃ​ខ្មែរ អាច​ផលិត​សាប៊ូ​បាន​ ១០គីឡូ​ក្រាម។

៤. បន្ទាប់ពី​សាប៊ូ​កក​ល្អ​ហើយ កញ្ញា​វិច្ឆិកា និង អ្នកស្រី មាស សុខគា បាន​កាត់​វា​ជា​ដុំ​តូចៗ​ល្មម​ទៅ​តាម​តម្លៃ។ សាប៊ូ​ដែល​កាត់​រួច​ហើយ គេ​មិនទាន់​អាច​យក​ទៅ​ប្រើ​បាន​នៅ​ឡើយ​ទេ ។ គេ​ត្រូវ​រង់ចាំ​រហូត​ដល់ ៣០ថ្ងៃ​ក្រោយ ទើប​អាច​ប្រើ​បាន ដោយ​មិន​ប៉ះពាល់​ដល់​ស្បែក។ ដូច្នេះ ដុំ​សាប៊ូ​ដែល​កាត់​រួច​ហើយ ត្រូវ​យក​ទៅ​រក្សា​ទុក​ក្នុង​ទូរ​ស្អាត​មួយ​ដាច់​ដោយឡែក។

៥. ពេល​ណា​មាន​ការ​បញ្ជា​ទិញ កញ្ញា​វិច្ឆិកា និង អ្នកស្រី មាស សុខគា ចាប់​ផ្តើម​ច្រក​សាប៊ូ​ដាក់​ក្នុង​ប្រអប់​ក្រដាស​ធ្វើ​ពី​ដើម​ចេក ដែល​នាង​ធ្វើ​ដោយ​ខ្លួនឯង ឬ ច្រក​ស្បោង​ធ្វើ​ពី​ក្រណាត់។ សាប៊ូ​របស់​សិប្បកម្ម​ដៃ​ខ្មែរ មាន​ច្រើន​ប្រភេទ​ដូចជា សាប៊ូកាហ្វេ សាប៊ូ​រមៀត សាប៊ូ​ប្រទាល​កន្ទុយ​ក្រពើ សាប៊ូ​ប្រេង​ដូង​សុទ្ធ សាប៊ូ​ធ្យូង និង សាប៊ូ​អម្ពិល។ ក្រៅពី​នេះ សិប្បកម្ម​មួយ​នេះ ក៏​មាន​លក់​ដែរ​នូវ ប្រេង​ដូង​សុទ្ធ និង​ធ្យូង​ដុស​ធ្មេញ​ធ្វើ​ពី​ត្រឡោក​ដូង៕


អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក