រដ្ឋមន្រ្តី​បារាំង៖ ឥឡូវ សង្គ្រាម​ពាណិជ្ជកម្ម កើតឡើង​យ៉ាងពិត​ប្រាកដ​ហើយ

  • 2018-07-22 07:48:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Bruno Le Maire រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​បារាំង បាន​និយាយ​ថា ឥឡូវនេះ សង្គ្រាម​ពាណិជ្ជកម្ម​មួយ បាន​នឹង​កំពុង​កើតឡើង​យ៉ាងពិត​ប្រាកដ​ហើយ។ លោក​ថ្លែង​ដូច្នេះ ក្នុងពេល​ដែល​រដ្ឋមន្រ្តី​នៃ​ប្រទេស G20 កំពុង​ជួប​ប្រជុំ​គ្នា​នៅក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។ នេះបើ​តាម​ការចុះ​ផ្សាយ​របស់ BBC នៅថ្ងៃ​ទី២២​កក្កដា​នេះ។

លោក Bruno Le Maire ថ្លែងក្នុងកិច្ចប្រជុំ១របស់ EU នាពេលកន្លងមក (រូបថត៖ Reuters)
លោក​បាន​ហៅ​គោល​នយោបាយ​ពាណិជ្ជកម្ម​របស់​អាមេរិក ដែល​ដំឡើង​ពន្ធ​នាំចូល ជា​ឯកតោ​ភាគី នាពេល​បច្ចុប្បន្ន​នេះ គឺ​ផ្អែកទៅ​លើ "ច្បាប់ព្រៃ"។ លោក​ថា ច្បាប់ព្រៃ ​មិនអាច​ក្លាយ​ជា​អនាគត​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​សកល​បាន​ឡើយ ហើយ​កំណើន​សេដ្ឋកិច្ច​នឹង​កាន់តែ​ធ្លាក់ចុះ គំរាម​កំហែង​ដល់​ប្រទេស​នានា​ដែល​មាន​ភាព​ទន់ខ្សោយ និង​បង្ក​ជា​ផលវិបាក​នយោបាយ​ដ៏ធ្ងន់ធ្ងរ​ទៀតផង។

លោក​រដ្ឋមន្រ្តីបារាំង​បន្ថែម​ថា សហភាព​អឺរ៉ុប មិនអាច​ពិចារណា​លើ​ការ​ចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ណាមួយ ជាមួយ​អាមេរិក​បានឡើយ ប្រសិន​បើ​អាមេរិក មិន​ដក​ការ​ដំឡើង​ពន្ធលើ​ការ​នាំចូល​ដែកថែប និង​អាលុយមីញ៉ូម​ទេ​នោះ។

សូម​បញ្ជាក់​ដែរថា លោក Steven Mnuchin រដ្ឋមន្រ្តី​ក្រសួង​រតនាគារ​អាមេរិក បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​រដ្ឋមន្រ្តី G7 កាលពី​ម្សិលមិញ​នេះ ដោយបាន​ការពារ​គោល​នយោបាយ​ដំឡើង​ពន្ធ​របស់​អាមេរិក និង​បាន​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប និង​ចិន គោរព​ការធ្វើ​ពាណិជ្ជកម្ម​គ្នា​ទៅវិញ​ទៅមក ពោលគឺ​បើក​ទីផ្សារ​របស់​ខ្លួន ដើម្បី​អនុញ្ញាត​ឱ្យ​មានការ​ប្រកួត​ប្រជែង​ដោយ​សេរី និង​យុត្តិធម៌។

លោក​បន្ត​ថា បើ​សហភាព​អឺរ៉ុប ជឿជាក់​លើ​ពាណិជ្ជកម្ម​សេរី នោះ​អាមេរិក​នឹង​ត្រៀមខ្លួន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដោយ​គ្មាន​ការ​កំណត់​ពន្ធគយ គ្មាន​រនាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ និង​គ្មានការ​ឧបត្ថម្ភ​ធន​ណាមួយ​ឡើយ។

ចំណែក​ការ​គំរាមថ្មីៗ​នេះ របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ក្នុងការ​ដំឡើង​ពន្ធ​នាំចូល​លើ​ទំនិញ​ទាំងអស់​របស់​ចិន ដែល​មាន​តម្លៃ​ជាង ៥០០ពាន់​លាន​ដុល្លារ​នោះ លោក Steven Mnuchin ក៏បាន​បញ្ជាក់​អះអាង​ដែរថា នឹងអាច​ធ្វើឡើង​យ៉ាង​ពិតប្រាកដ៕

លោក Steven Mnuchin ថ្លែងនៅសេតវិមានអាមេរិក នាពេលកន្លងមក (Reuters)

អត្ថបទ​ទាក់ទងលោក ដូណាល់ ត្រាំ គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​ទាំងអស់​របស់​ចិន

ប្រភព៖ BBC | telegraph ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;