ព្រឹត្តិការណ៍​នយោបាយ​ជាតិ-អន្តរ​ជាតិ​ សំខាន់​ៗប្រចាំ​សប្តាហ៍

  • 2018-07-22 09:09:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


[ខ្លីៗ] សូម​លើក​យក​នូវ​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​ដែល​កើតមាន​ឡើង​ក្នុង​១សប្តាហ៍​កន្លងមក​នេះ មក​បង្ហាញ​ជូន​ដូច​ខាងក្រោម៖

ព្រឹត្តិការណ៍​នយោបាយ​ជាតិ

១. តុលាការ​ ចេញ​ដីកា​បង្គាប់​ឱ្យលោក សម រង្ស៊ី ចូលបំភ្លឺ​រឿង "សន្យា​កាត់ដី​ឱ្យបរទេស"

លោក សម រង្ស៊ី អតី​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កោះហៅ​ឱ្យចូល​ឆ្លើយ​បំភ្លឺ​អំពី​សំណុំ​រឿង "ប៉ុនប៉ង​ប្រគល់​ឱ្យ​បរទេស​នូវដែនដី​ជាតិ​មួយផ្នែក" នៅ​ថ្ងៃទី១៣ ខែ​សីហា ឆ្នាំ​២០១៨។ ដីកា​កោះហៅ​នេះ ត្រូវ​បាន​ប៉ូលិស យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់​ការ​កណ្តាល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨។

ចុចអាន​លម្អិត

២. គ.ជ.ប ធ្វើតេស្ត​ទឹកថ្នាំ​ជ្រលក់​ដៃ បង្ហាញ​ដល់​ភាគី​ពាក់ព័ន្ធ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​ធ្វើការ​បង្ហាញ​ទឹកខ្មៅ​ជ្រលក់​ដៃ​សម្រាប់​បម្រើ​ដល់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ខែ​កក្កដា ឆ្នាំ​២០១៨​ ដល់​តំណាង​គណបក្ស​នយោបាយ និង​អង្គការ​សមាគម​ជាតិ និង​អន្តរជាតិ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នៅ​សាល​សន្និសីទ​សារព័ត៌មាន​ គ.ជ.ប។ អ្នក​ចូលរួម​សាកល្បង​មាន​ចំនួន ១២​នាក់ ដោយ​ពួកគេ​មិនអាច​លាងជ្រះ​ឡើយ ​បន្ទាប់ពី​ជ្រលក់។

ចុចអាន​លម្អិត

៣. LDP ធ្វើសន្និសីទ​សារព័ត៌មាន ស្តីពីគោលជំហរ​របស់ខ្លួន​ក្នុង​ការបោះឆ្នោតនាពេលខាងមុខ

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ធ្វើសន្និសីទ​សារព័ត៌មាន​ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​វិមានពិភពថ្មី​សែនសុខ ដោយ​ក្នុង​នោះ គណបក្ស​បានផ្តោត​​ទៅលើ​ការ​ប្រកាន់​ជំហរ និងទាមទារ​ឱ្យ​មាន​ការ​កំណត់​យក​សន្លឹក​ឆ្នោត​ដែល​គូស​សញ្ញា "ធីក" ឬ​សញ្ញា​ប្រហាក់ប្រហែល នៅក្នុង​ប្រអប់​​​រាង​បួនជ្រុងទ្រវែង "តូច"។ ក្រៅពី​ធ្វើ​សន្និសីទសារព័ត៌មាន គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏បាន​ផ្ញើ​លិខិត​ជូន​សម្ដេច ហេង សំរិន ប្រធាន​រដ្ឋសភា ដើម្បី​ស្នើ​រដ្ឋសភា ពិនិត្យ​ និង​កែតម្រូវ​លើ​បញ្ហា​គូស​សញ្ញា​គាំទ្រ​លើ​សន្លឹកឆ្នោត​ផងដែរ។

ចុចអាន​លម្អិត

៤. គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រក្សា​គោល​ជំហរ​ចូលរួម​ការ​បោះឆ្នោត​ដដែល

គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន នៅតែ​រក្សា​គោលជំហរ​របស់​ខ្លួន​ក្នុងការ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នាពេល​ខាងមុខ​នេះ ដោយសារ​តែ​មាន​ការ​លើកទឹកចិត្ត និង​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ។ នេះ​បើតាម​ការ​ប្រកាស​របស់​លោក យ៉ង់ សាំងកុមារ បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៨ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​កំបូល។

ចុចអាន​លម្អិត

ព្រឹត្តិការណ៍​នយោបាយ​អន្តរជាតិ

១. ជំនួប​កំពូល​រវាងមេដឹកនាំ​អាមេរិក និងរុស្ស៊ី បាន​ធ្វើឡើង​នៅប្រទេស​ហ្វាំងឡង់

ប្រធានាធិបតី​អាមេរិក និងរុស្ស៊ី គឺលោក ដូណាល់ ត្រាំ និង​លោក វ្លាឌីមៀ ពូទី បាន​ជួបប្រជុំគ្នា​នៅក្រុង Helsinki កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០១៨។ ជំនួប​កំពូល​នេះ បានផ្តោត​ទៅ​លើ៖ ការ​លូកលាន់​ការ​បោះឆ្នោត ការទូត និង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក។

ចុចអាន​លម្អិត

២. ចិន​ធ្វើសមយុទ្ធ ដើម្បី​បង្ហាញ​សមត្ថភាព​ថា ខ្លួនអាច​យក​តៃវ៉ាន់ មក​គ្រប់គ្រង​វិញបាន

ប្រទេសចិន បាន​ធ្វើ​សមយុទ្ធ​កងទ័ព​រំដោះ​ប្រជាជន រយៈពេល​៥​ថ្ងៃ​ពីថ្ងៃទី១៨ ដល់ ២៣កក្កដា ដើម្បី​បង្អួត​ពី​សមត្ថភាព​ខ្លួន​ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​យក​កោះ​តៃវ៉ាន់​មក​វិញ។ សមយុទ្ធ​នេះ​ធ្វើឡើង​នៅលើ​ដែនទឹក ដែល​មាន​ទំហំ​ប៉ុននឹង​កោះតៃវ៉ាន់ ពោលគឺចាប់ពីទីក្រុង Zhoushan ទៅ​ក្រុង Wenzhou។

ចុចអាន​លម្អិត

៣. អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង ត្រូវ​តុលាការ​កាត់​ទោស​ឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ​បន្ថែម​ទៀត

កាលពី​ថ្ងៃទី២០កក្កដា ២០១៨ តុលាការ​កូរ៉េខាងត្បូង បាន​កាត់​ទោស​លោកស្រី Park Geun-hye ឱ្យ​ជាប់​ពន្ធនាគារ ៨​ឆ្នាំ​បន្ថែម​ទៀត ក្រោយ​ពេល​រកឃើញ​ថា លោកស្រី​បាន​ធ្វើ​ឲ្យ​បាត់​ប្រាក់​រដ្ឋាភិបាល​ប្រមាណ ២៦​លាន​ដុល្លារ និង​លូកលាន់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​សភា​ឆ្នាំ២០១៦។

ចុចអាន​លម្អិត

អត្ថបទ៖ សំភី

អត្ថបទថ្មី
;