ការនាំចេញ​ផលិតផលកសិកម្មវៀតណាម អាចកើនឡើងជាង ៣០% ក្នុងឆ្នាំ​នេះ

  • 2018-07-23 07:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម អាច​រក​ចំណូល​បាន​ជាង ៤,៧ ពាន់​លាន​ដុល្លារ ​ពី​ការ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​បន្លែ និង​ផ្លែឈើ​ ក្នុង​ឆ្នាំ​ ២០១៨​ នេះ ដែលកើន​ពី ​៣,៥ ពាន់​លាន កាល​ពី​ឆ្នាំ​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍​ជនបទ​វៀតណាម នៅ​ថ្ងៃ​ទី ២៣ ​កក្កដា ឆ្នាំ​២០១៨។ ​

​នា​ពេល​បច្ចុប្បន្ន​នេះ​ កសិករ​វៀតណាម ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ដាំ​ដុះ ដំណាំ​ឈើ​ហូប​ផ្លែ បន្លែ និង​ផ្កា​​ជាដើម ដោយ​ប្រើ​ប្រាស់​នូវ​បច្ចេកទេស​កសិកម្ម​ទំនើប​ជាង​មុន ស្រប​ពេល​ដែល​ក្រុម​ហ៊ុន​ក្នុង​ស្រុក និង​បរទេស​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​គ្រាប់​ពូជ​ល្អៗ​បន្ថែម​ទៀត។

កម្មករក្នុងរោងចក្រវៀតណាម កំពុង​ត្រួតពិនិត្យផ្លែស្រកានាគ មុន​នឹង​ធ្វើ​ការ​នាំចេញ។​ រូប​ថត៖ VNA/VNS
ជាមួយគ្នា​នេះ​ដែរ ក្រសួង​ខាង​លើ​ បាន​សង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​វៀតណាម កំពុង​ជំរុញ​ឲ្យ​មាន​ការ​នាំ​ចេញ​ទាំង​បន្លែ ​ផ្លែ​ឈើ ស្រស់ និង​កែច្នៃ​បន្ថែម​ទៀត​ ទៅ​កាន់​ទីផ្សារ​បែប​ប្រពៃណី និង​ថ្មី​មួយ​ផ្សេង​ទៀត​។ ផ្លែ​គូលែន ផ្លែ​មៀន​ ផ្លែ​ស្វាយ និង​ផ្លែ​ស្រកានាគ​ ត្រូវ​បាន​នាំ​ចូល​ទៅ​ក្នុង​បណ្ដា​ទីផ្សារ​ធំៗ ដែល​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​សម្រាប់​សុវត្ថិភាព​ចំណីអាហារ។

គិត​ត្រឹម​កន្លះ​ឆ្នាំ​ ២០១៨​ នេះ វៀតណាម បាន​នាំ​ចេញ​ផលិតផល​កសិកម្ម​បន្លែ និង​ផ្លែឈើ ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ​មុន។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​ចិន គឺ​ជា​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កសិកម្ម​បន្លែ និង​ផ្លែ​ឈើ​ធំ​បំផុត​របស់​វៀតណាម​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​ជាង ១,២ ពាន់​លាន​ដុល្លារ និង​តាម​ពី​ក្រោយ​ដោយ​សហរដ្ឋអាមេរិក និង​ជប៉ុន៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;