វៀតណាម ផ្អាក​ការងារ​រដ្ឋមន្ត្រី​ព័ត៌មាន​ ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ក្រុមហ៊ុន​១

  • 2018-07-23 08:58:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


វៀតណាម នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ បាន​ផ្អាក​ការងារ​រដ្ឋ​មន្ត្រី​ព័ត៌មាន​និង​ទំនាក់ទំនង លោក Truong Minh Tuan ដែល​ត្រូវ​បាន​ចោទ​ពី​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ទូរសព្ទ​ចល័ត​រដ្ឋ មួយ​មិន​បាន​ល្អ។

លោក Tran Dai Quang ប្រធានាធិបតី​វៀតណាម បាន​យល់ស្រប​ចំពោះ​ការ​ផ្អាក​នេះ តាម​ការ​សម្រេច​របស់​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​បក្ស​កុម្មុយនិស្ត​វៀតណាម។ គណៈកម្មាធិការ​នេះ បាន​ចោទ​រដ្ឋមន្ត្រី​ព័ត៌មាន​វៀតណាម ថា​ខ្វះ​ទំនួល​ខុស​ត្រូវ និង​គ្រប់គ្រង​លើ​ការ​លក់​ភាគហ៊ុន​មិន​បាន​ត្រឹមត្រូវ​រវាង​ក្រុមហ៊ុន Audio Visual Global JSC (AVG) និង Mobifone ដែល​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​របស់​ក្រសួង​ព័ត៌មាន។

ជុំវិញ​បញ្ហា​នេះ គណៈកម្មាធិការ​ត្រួត​ពិនិត្យ​បក្ស​កុម្មុយនិស្ត​វៀតណាម បាន​រក​ឃើញ​ថា ក្រុមហ៊ុន MobiFone បាន​ចំណាយ​លើសលប់ ដើម្បី​ទិញ​ភាគហ៊ុន ៩៥% ក្នុង​ទឹក​ប្រាក់ ៨,៩​ទ្រី​លានដុង (ជាង ៣៨៦​លាន​ដុល្លារ​អាមេរិក) ពី​ស្ថានីយ​ទូរទស្សន៍​ AVG កាលពី​ឆ្នាំ​២០១៥​។

លោក Tuan មិន​បាន​លើក​ទូរសព្ទ ឬ​តប​សារ នោះ​ទេ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Truong Minh Tuan រដ្ឋមន្ត្រីព័ត៌មានវៀតណាម ក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងហាណូយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ (រូបថត៖ Reuters)
សូម​ជម្រាប​ថា នៅ​ដើម​ខែ​កក្កដា​នេះ ប៉ូលិស​បាន​ចាប់ខ្លួន​អតីត​ប្រធាន​ក្រុមហ៊ុន MobiFone Corp និង​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​ព័ត៌មាន និង​ទំនាក់ទំនង វៀតណាម​ម្នាក់ ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច​មិន​បាន​ត្រឹមត្រូវ​៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;