រដ្ឋមន្រ្តី​ លើកឡើង​ពី​ចំណុច​សំខាន់​ៗ​របស់​ទេសចរណ៍​ក្នុងស្រុក

  • 2018-07-23 10:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងពិធី​បើក​ជាផ្លូវការ​ពិព័រណ៍​ទេសចរណ៍​ក្នុងស្រុក​លើក​ដំបូង នៅ​កោះ​ពេជ្រ កាលពី​ថ្ងៃទី​២០កក្កដា​កន្លង​ទៅ លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ បានថ្លែង​អំពីសារៈសំខាន់​៦​ចំណុច នៃ​ទេសចរណ៍​ក្នុងស្រុក ដែលបាន​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​សង្គម។ ចំណុច​ទាំងនោះ​រួមមាន៖

រមណីយដ្ឋានទឹកជ្រោះជ្រាវ ក្នុងខេត្តកំពង់ស្ពឺ

១. ខុសពី​ទេសចរណ៍​អន្តរជាតិ ទេសចរណ៍​ក្នុងស្រុក​មិនសូវ​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​សកល មិនថា​ជា​វិបត្តិ​សេដ្ឋកិច្ច នយោបាយ ជំងឺ​ឆ្លង ឬ​បញ្ហា​គ្រោះ​ធម្មជាតិ​ឡើយ។

២. រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ក្នុង​តំបន់​តាម​រយៈ​ការ​បែងចែក​ចំណូល និងផល​ចំណេញ​តាម​មធ្យោបាយ​ផ្សេងៗ ដោយការ​បន្ថែម​គុណ​តម្លៃ​នៅ​តំបន់​ទាំង​នោះ។

៣. ទេសចរណ៍​ក្នុងស្រុក​ជា​មធ្យោបាយ​ដ៏​ល្អ​ឥតខ្ចោះ​មួយ ដែលជួយ​សម្រួល​ភាព​តានតឹង​សង្គម ដោយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ដែលមាន​ចំណូល​ទាប ដែល​មិនមាន​លទ្ធភាព​អាចធ្វើ​ដំណើរ​កម្សាន្ត​ទៅក្រៅ​ប្រទេស អាចមាន​ឱកាស​ធ្វើ​ដំណើរ​លំហែ​កាយ និង​សម្រាក​តាម​រមណីយដ្ឋាន​នានា​នៅក្នុង​ស្រុក។

៤. ចលនា​ទេសចរណ៍​ក្នុងស្រុក​ជា​ឧបករណ៍​ធ្វើឱ្យ​តំបន់​ទេសចរណ៍​ថ្មីៗ ឬ​មិនសូវ​មាន​ភាព​ល្បីល្បាញ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ដំណើរការ​ទៅមុខ​សម្រាប់​បម្រើ​ឱ្យ​វិស័យ​ទេសចរណ៍។

៥. ផ្អែកតាម​ទស្សន​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច ទេសចរណ៍​ក្នុងស្រុក​អាចធ្វើ​រំលស់​ចំណាយជាតិ​លើ​វិស័យ​ទេសចរណ៍​អន្តរជាតិ​បាន។ តួយ៉ាង​ដូចជា​ការ​វិនិយោគលើ​សម្បទា​រូបវ័ន្ត មាន​ការ​ដឹកជញ្ជូន ស្នាក់នៅ អាហារ​ជាដើម ក៏​ដូចជា​ការ​វិនិយោគ​ផ្នែក​អរូបី​ដូចជា​ការ​បណ្តុះ​បណ្តាល និង​ពង្រឹង​គុណភាព​សេវាកម្ម។

៦. ទេសចរណ៍​ក្នុងស្រុក​ជា​ចលករ​យ៉ាង​សំខាន់ សំដៅ​ការ​អប់រំ​ប្រជាពលរដ្ឋ ឱ្យដឹង​ពី​សក្តានុពល ចេះ​ស្រលាញ់​ទឹកដី នឹង​ជឿជាក់​លើ​រដ្ឋាភិបាល៕


អត្ថបទ៖ សំភី