បាល់​ដែល ពូទីន ឲ្យ ត្រាំ មាន​បង្កប់​បន្ទះ​ឈីប អាច​បញ្ជូន​ទិន្នន័យ​ទៅ​ទូរសព្ទ

  • 2018-07-26 04:20:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ជំនួប​កំពូល​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ លោក វ៉្លាឌឺមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី បាន​ជូន​កាដូ​ជា​បាល់ World Cup មួយ​ទៅ​ឲ្យ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។ ក្រោយ​ការ​ជូន​នេះ មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា បាល់​នេះ​អាច​មាន​បង្កប់​ឧបករណ៍​ស៊ើបការណ៍​របស់​រុស្ស៊ី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក Lindsey Graham សមាជិក​ព្រឹទ្ធសភា​គណបក្ស​សាធារណរដ្ឋ នៃ​រដ្ឋ South Carolina បាន​បង្ហោះ​សារ​នៅ​លើ Twitter កាល​ពី​ពេល​ថ្មីៗ​ថា លោក​បាន​ឆែកឆេរ​បាល់​នោះ​ហើយ ដើម្បី​រក​មើល​ឧបករណ៍​លួច​ស្ដាប់​សំឡេង ព្រោះ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ឧបករណ៍​ប្រភេទ​នេះ​ចូល​សេតវិមាន​បាន​នោះ​ទេ។

លោក Lindsey បាន​បញ្ជាក់​ថា នៅ​ក្នុង​បាល់​ដែល​មេដឹកនាំ​រុស្ស៊ី​ឲ្យ​មក​លោក ដូណាល់ ត្រាំ មាន​បន្ទះ​ឈីប ដែល​បំពាក់​អង់តែន​តូច​មួយ ហើយ​អាច​បញ្ជូន​ទិន្នន័យ​ទៅ​កាន់​ទូរសព្ទ​ដៃ​បាន។

យ៉ាង​ណា​មិញ វា​មិន​មែន​ជា​បន្ទះ​ឈីប ដែល​ប្រើ​សម្រាប់​ស៊ើបការណ៍​ឡើយ តែ​វា​ជា​ទម្រង់​ផ្សព្វផ្សាយ​មួយ​របស់​ក្រុមហ៊ុន Adidas AG។ បន្ទះ​ឈីប​ប្រភេទ NFC នេះ ត្រូវ​បាន​ដាក់​បង្កប់​នៅ​ខាង​ក្រោម​និមិត្តសញ្ញា​របស់​បាល់ ហើយ​មាន​រូបរាង​ស្រដៀង​ទៅ​នឹង​ស្លាក​សញ្ញា Wi-Fi។

យោង​តាម​វិបសាយ Adidas បាន​ឲ្យ​ដឹង​ថា បន្ទះ​ឈីប​នៅ​លើ​បាល់ អាច​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​មើល​វីដេអូ​កីឡាករ ការ​ប្រកួត និង​រឿង​ដែល​ពាក់ព័ន្ធ​នឹង​បាល់ទាត់ ដោយ​គ្រាន់​តែ​យក​ស្មាតហ្វូន​ទៅ​ដាក់​នៅ​ជិត​បាល់។ បាល់​ដែល​ទើប​ចេញ​សម្រាប់ FIFA World Cup 2018 នេះ ត្រូវ​បាន​លក់​នៅ​លើ​វិបសាយ Adidas ក្នុង​តម្លៃ ១៦៥​ដុល្លារ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី Adida បាន​បដិសេធ​មិន​ធ្វើ​ការ​បកស្រាយ​ថា បន្ទះ​ឈីប​នេះ​អាច​ត្រូវ​រុស្ស៊ី Hack បាន ឬ​លួច​ប្ដូរ ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ផ្សេង​នោះ​ទេ។

ទាក់ទិន​នឹង​រឿង​ប្រគល់​កាដូ​បាល់​នេះ​ដែរ លោក Sarah Sanders លេខាធិការ​សារព័ត៌មាន​សេតវិមាន បាន​ប្រាប់​ថា ដំណើរការ​ស្កេន​មើល​ប្រព័ន្ធ​សុវត្ថិភាព​នៅ​លើ​បាល់​បាន​បញ្ចប់​រួចរាល់​ហើយ។ ប៉ុន្តែ​ខាង​សេតវិមាន​នឹង​មិន​បញ្ជាក់​ប្រាប់​ពី​ដំណើរការ​សុវត្ថិភាព​នេះ​យ៉ាង​ណា​ត​ទៅ​ទៀត​ឡើយ៕

ប្រភព៖ Sydney Morning Herald ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;