ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook ដាំក្បាលចុះជាប្រវត្តិសាស្ត្រដែល​មិន​ធ្លាប់​មាន​នៅ​អាមេរិក

  • 2018-07-27 04:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃភាគហ៊ុន​របស់ Facebook បាន​ធ្លាក់​ចុះ​ចំនួន ២០% កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៨ ម្សិលមិញ ដែល​គិត​ជា​ទំហំ​ទឹក​ប្រាក់​ស្មើ​នឹង ១២៤​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​​ទីផ្សារ​មូលបត្រ។

(ប្រភព​រូប៖ Geek Reply)
សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា វា​គឺ​ជា​ការ​ធ្លាក់​ចុះ​ធំ​បំផុត​ ក្នុង​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ​ ដែល​មិន​ធ្លាប់​មាន​សម្រាប់​ក្រុមហ៊ុន​នៅ​សហរដ្ឋ​អាមេរិក។

វិបសាយ Yahoo Finance បាន​ចុះ​ផ្សាយ​ថា មុន​​ថ្ងៃ​ធ្លាក់ចុះ តម្លៃក្នុង​១​ភាគហ៊ុន ស្មើនឹង ២១៧,៥០​ដុល្លារ ប៉ុន្តែបានធ្លាក់​ចុះ​មក​នៅត្រឹម ១៧៤,៨៩​ដុល្លារ។ តម្លៃ​ភាគហ៊ុន​សរុប​នៅ Facebook នា​ពេល​បច្ចុប្បន្ន មាន​ចំនួន ៥០៦,២​ពាន់​លាន​ដុល្លារ ដោយបានធ្លាក់​ចុះ​ពី ៦២៩,៦​ពាន់​លាន​ដុល្លារ។

ការ​ធ្លាក់​ចុះ​នេះ​​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​ នៃ​ចំនួន​អ្នក​ប្រើប្រាស់ Facebook សកម្ម​ប្រចាំ​ថ្ងៃ ខុស​ពី​ត្រីមាស​មុនៗ។ ការណ៍នេះគឺពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ប្រឆាំង​ការ​សាយភាយ​នៃ​ព័ត៌មាន​ក្លែងក្លាយ និង​រឿង​អាស្រូវ​បែកធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ។

សូមរំលឹកផងដែរថា មុន​ការ​ធ្លាក់​ចុះ​តម្លៃ​ភាគ​ហ៊ុន របស់ក្រុមហ៊ុន Facebook ​ដ៏​ច្រើន​បែប​នេះ ក៏ធ្លាប់មានដែរ ក្រុមហ៊ុន Intel Corp. ដែល​បាត់បង់​តម្លៃ​ភាគហ៊ុន​ប្រមាណ ៩១​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ត្រឹម​តែ​១​ថ្ងៃ​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០០ កន្លងទៅ៕

ប្រភព៖ Yahoo | Techcrunch | Bloomberg ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;