ភាពយន្ត​ថ្មី​ដែល​ជា​ស្នាដៃ​លោក​ ប៉ាន់ រិទ្ធី នឹង​​ត្រូវ​បញ្ចាំង​បើក​ឆាក​នៅ Venice Film Festival​​

  • 2018-07-27 05:00:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភាពយន្ត​ខ្មែរ​ «Graves Without a Name» ដែល​ជា​ស្នាដៃ​ផលិត​ដោយ​ផលិតករ​ភាពយន្ត​ជើងចាស់ លោក ប៉ាន់ រិទ្ធី នឹង​ត្រូវ​ចាក់​បញ្ចាំង​បើក​ឆាក​នៅ​មហោ​ស្រព​ភាពយន្តVenice Film Festival លើកទី​៧៥។ មហោស្រព​នេះ នឹង​ធ្វើឡើង​ពី​ថ្ងៃទី​២៩ ខែ​សីហា ដល់ថ្ងៃ​ទី៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការ​ចាក់​បញ្ចាំង​ជាមួយ​ខ្សែ​ភាពយន្ត​ល្បីៗ​ មកពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ពិសេស​ប៉ែក​​អឺរ៉ុប​ផងដែរ។

រូបភាពមួយក្នុងភាពយន្ត «Graves Without a Name»
«Graves Without a Name» ជា​ខ្សែ​ភាពយន្ត​ឯកសារ​ បង្ហាញ​វត្តមាន​អ្នក​នៅ​រស់រាន​មាន​ជីវិត ដែល​បាន​ឆ្លងកាត់​អតីត​កាល ទារុណកម្ម ការ​ធ្វើទុក្ខ​បង្អត់​អាហារ ធ្វើការ​លើស​កម្លាំង និង​រូបភាព​ចងចាំ​នូវ​អំពើ​ព្រៃផ្សៃ​ជាច្រើន​ទៀត​ក្នុង​របប​ខ្មែរ​ក្រហម។

តាម​រយៈ​មហោស្រព​ភាពយន្ត Venice Film Festival ខ្សែ​ភាពយន្ត​ដែលបាន​ជាប់​ឈ្មោះ​សម្រាប់​ប្រកួត​ប្រជែង​ទាំង​ ១១​រឿង ក្នុង​កម្មវិធី​នេះ សុទ្ធតែ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​បង្អស់។ ​ក្នុងនោះ​ ក៏មាន​ខ្សែ​ភាពយន្ត​ចំនួន​ ៦​ទៀត​ផងដែរ ដែល​ស្រ្តី​ជាអ្នក​ដឹកនាំ​ផលិត ស្រប​ពេល​ដែល​ភាពយន្ត​ផ្សេង​ទៀត​ សុទ្ធ​តែ​មាន​តួអង្គ​សំខាន់​ជា​មនុស្ស​ស្រី។

លោក ប៉ាន់ រិទ្ធី ជា​ផលិតករ​ជើង​ចាស់​ម្នាក់​ ដែល​ស្នាដៃ​របស់​លោក​រៀបរាប់​ពី​កម្ពុជា​នីមួយៗ​តែងតែ​មាន​ឱកាស​បង្ហាញ​វត្តមាន​តាម​បណ្ដា​មហោស្រព​ភាពយន្ត​អន្តរជាតិ។ ភាពយន្ត​ទាំងអស់​នោះ​មាន​ដូចជា​រឿង​ Rice People ឆ្នាំ ១៩៩៤, រឿង «S-21: The Khmer Rouge Killing Machine » ឆ្នាំ ២០០៣ រឿង «The Missing Picture» ឆ្នាំ ២០១៣ ដែល​ជាប់ការ​ជ្រើសរើស​ប្រកួត​ក្នុង​កម្មវិធី​មហោស្រព​ភាពយន្ត និង​ពាន​រង្វាន់ Oscar កាលពី​ឆ្នាំ ២០១៣។

លោក ប៉ាន់ រិទ្ធី ថ្លែងក្នុងកិច្ចសម្ភាសមួយនាពេលកន្លងមក

លោក ប៉ាន់ រិទ្ធី ក៏ជា​ផលិតករ​រឿង​ខ្នាតធំ​របស់​ហូលីវូដ រឿង «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» ជាមួយ​អ្នក​ស្រី Angelina Julie និងមាន​ខ្សែ​ភាពយន្ត​បរទេស​មួយ​ចំនួន​ទៀត​ដែល​ជា​ស្នាដៃ​រួម​ផលិត ឬ​ផ្តល់​ប្រឹក្សា​ពេល​ថត​នៅ​ប្រទេស​កម្ពុជា​ដោយ ប៉ាន់ រិទ្ធី៕

ចុចអាន៖ ផលិតករ​រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឈ្នះពាន​មួយ​ពី​មហោស្រព​ភាពយន្តអន្តរជាតិ

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;