ការិយាល័យ​បោះឆ្នោត​ចំនួន ៧ នៅស្រុក​សៀមប៉ាង ត្រូវ​បានប្ដូរ​ទីតាំង ដោយសារ​ទឹកលិច

  • 2018-07-28 08:58:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា​នេះ​ថា ការិយាល័យ​បោះឆ្នោត​ចំនួន ៧ នៅ​ក្នុង​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង ត្រូវ​បាន​ផ្លាស់ប្ដូរ​ទីតាំង ដោយសារ​បញ្ហា​ទឹកជំំនន់។ លោក​បញ្ជាក់ថា ការិយាល័យថា មាន​ទីតាំង​នៅ​ចម្ងាយ​ប្រមាណ ៥០ម៉ែត្រ ពីទីតាំង​ការិយាល័យ​ចាស់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត
អ្នក​នាំពាក្យ​ដដែល បាន​បន្ថែម​ទៀតថា ក្នុង​ករណី​ពិសេស ពោល​គឺ​ប្រសិន​បើ​ទឹក​លិច​ផ្លូវ​ធ្វើដំណើរ​ទៅកាន់​ការិយាល័យ​បោះឆ្នោត នឹង​មាន​ការ​រៀបចំជូន​ប្រជាពលរដ្ឋ​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ផងដែរ។

សូម​បញ្ជាក់ថា ផ្នែក​ខ្លះ​នៃ​ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង កំពុង​រងការ​ជន់​លិច ដោយសារ​ទឹក​ទន្លេ​សេកុង បាន​កើន​ឡើងយ៉ាងខ្លាំង នៅពេល​មាន​ហេតុការណ៍​បាក់​ទំនប់​វារី​អគ្គិសនី នៅ​ខេត្ត​អាតាពើ ប្រទេស​ឡាវ កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ប្រកាស​ថា គិត​ត្រឹម​ម៉ោង ១១ព្រឹក ថ្ងៃទី២៨ កក្កដា​នេះ ទឹក​ទន្លេ​សេកុង បាន​ស្រក​ចុះ​បន្តិច​ ហើយ​នឹង​បន្ត​ស្រក​ចុះ​ជា​បន្ត​បន្ទាប់ទៀត។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ២០១៨ នឹង​ត្រូវ​ឡើង​នៅ​ថ្ងៃ​ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨ ស្អែកនេះ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;