រដ្ឋបាល​ខេត្ត​ក្រចេះ​ ណែនាំ​ពលរដ្ឋ​ពី​វិធី​ការពារ ក្រោយ​ទឹក​​ឡើង​ជិត​ដល់​កម្រិត​ត្រូវ​ប្រុងប្រយ័ត្ន

  • 2018-07-31 08:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាល​ខេត្ត​ក្រចេះ បាន​ចេញ​សេចក្តី​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​​ខ្ពស់ ចំពោះ​បញ្ហា​ទឹក​ជំនន់​ដែល​នឹង​អាច​កើតឡើង ខណៈ​ទឹកទន្លេ​មេគង្គ​ខេត្តក្រចេះ កំពុងបន្ត​ហក់ឡើងជិតដល់​កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន គិតត្រឹមម៉ោង១២​ថ្ងៃត្រង់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ។​

តំបន់​ដែល​ត្រូវ​ទឹក​លិច​នៅ​ខេត្ត​ក្រចេះ (រូបភាព៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម)
​លិខិតរបស់រដ្ឋបាលខេត្តក្រចេះ ដែលចុះកាលពី​ថ្ងៃទី​៣០​កក្កដា​ បានអំពាវនាវឲ្យ​ពលរដ្ឋទាំងអស់​ ប្រមូលសត្វចិញ្ចឹម សម្ភារៈ និងជម្លៀសចេញពីលំនៅឋាន ដែលនឹងអាចលិចទឹក ទៅកាន់ទីទួលសុវត្ថិភាព ឬទីតាំងខ្ពស់ៗ ដើម្បីជៀសផុតពីគ្រោះថ្នាក់ដែលនឹងអាចកើតឡើងពីទឹកជំនន់។

ប្រភពដដែលបានបន្តថា ការធ្វើដំណើរតាមផ្លូវទឹក និងការរស់នៅលើផ្ទះដែលមានទឹកនៅពីក្រោម ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ពីព្រោះអាចជួបប្រទះនឹងការលិចមធ្យោបាយធ្វើដំណើរ ការធ្លាក់ទឹក​បណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត និងការបង្កគ្រោះថ្នាក់ពីសត្វមានពិស។ ចំណែកពលរដ្ឋដែល​មានលំនៅឋានជាប់ច្រាំងទន្លេ ត្រូវចាកចេញជាបណ្ដោះអាសន្ន ពីព្រោះ​ងាយនឹងទទួលរងនូវការបាក់ច្រាំងទន្លេ។ ការរស់នៅត្រូវមានអនាម័យ និងត្រូវយកចិត្តទុកដាក់ថែមទាំកុមារតូចៗ និងជនចាស់ជរាឲ្យបានម៉ត់ចត់។

សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១កក្កដា ទឹក​នៅ​ទន្លេមេគង្គខេត្តក្រចេះ មាន​កម្ពស់ ២១,៥៦​ម៉ែត្រ ខណៈ​ដែល​កម្ពស់​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​គឺ​ ២២​ម៉ែត្រ៕

សូមអានលិខិតរបស់រដ្ឋបាលខេត្តក្រចេះ ដូចខាងក្រោម

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;