ជំនួបរដ្ឋមន្ត្រីការបរទេសអាស៊ាន​ ផ្តោតសំខាន់លើ​ប្រធានបទក្តៅ ២

  • 2018-08-02 09:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្ត្រី​ការបរទេស​របស់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​ចាប់​ផ្តើម​កិច្ចប្រជុំ ​នៅ​ថ្ងៃ​ទី​០២ សីហា​នេះ នា​ប្រទេស​សិង្ហបុរី ដែល​ផ្ដោត​សំខាន់​លើ​ប្រធាន​ ២ ក្នុង​នោះ​មាន​ កម្មវិធី​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង

ជំនួប​ប្រចាំ​ឆ្នាំ​នេះ ធ្វើ​ឡើង ខណៈ​ដែល​ភាព​តាន​តឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ បាន​ថមថយ គិត​ចាប់​ពី​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេ​ដឹក​នាំ​កំពូល​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​ទី ១២ ​មិថុនា​កន្លង​ទៅ​ នា​ប្រទេស​សិង្ហបុរី។

កម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

លោក ដូណាល់ ត្រាំ បានចុះ​កិច្ចព្រមព្រៀង​ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយលោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃទី ១២​ មិថុនាកន្លង​មក។ រូបថត៖ Reuters
យោង​តាម​សេច​ក្តី​ព្រាង​នៃ​សេចក្ដីថ្លែងការណ៍​រួម​​ដែល​បាន​ចេញ​ ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នឹងស្វាគមន៍​ចំពោះ​ស្មារតី​របស់​មេដឹក​នាំ​កូរ៉េខាងជើង ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាល​ខែ​មិថុនា​កន្លង​ទៅ នា​​ប្រទេស​សិង្ហបុរី។

ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​អាស៊ាន ក៏​នឹងបង្ហាញ​នូវ​ការ​គាំទ្រ​របស់​អាស៊ាន ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ ដែល​មាន​ភាព​ពេញ​លេញ​ និង​ផ្ទៀងផ្ទាត់​ជាក់​លាក់​ផង​ដែរ​។

ជម្លោះសមុទ្រ​ចិន​ខាង​ត្បូង

ផែនទីនៃសមុទ្រ​ចិន​ខាង​ត្បូង ដែលបណ្តាប្រទេស​ក្នុង​ជម្លោះ ទាម​ទារ។ រូបភាព៖ CNN

ងាកមក​មើល​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​វិញ ក្រុម​រដ្ឋមន្ត្រីអាស៊ាន នឹងសង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ «ការ​អត់ធ្មត់​ផ្ទាល់​ខ្លួន (self-restraint) និង​ការ​គ្មាន​យោធូបនីយកម្ម​(non-militarization)» ក្នុង​តំបន់​នេះ។

ជាមួយ​គ្នា​នេះ​ដែរ ក្រុម​រដ្ឋមន្ត្រី​ទាំង​អស់ ក៏​នឹងស្វាគមន៍​នូវ​ដំណើរ​ការនៃការចរចា​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ ជាមួយ​ចិន ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បឋម​នៃ​ប្រសិទ្ធភាព​របស់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង(COC) លើ​អ្វី​ដែល​ពួក​គេ បាន​យល់ព្រម​ កាល​ពី​ពេល​កន្លង​មក។

បញ្ហាអ្វីទៀត ត្រូវ​បាន​ដាក់​នៅ​លើ​តុ​នៃ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នេះ?

ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ និង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន ក៏​នឹងពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ទៀត​ផង​ដែរ ក្នុង​នោះ​រួម​មាន ការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម វិបត្តិ​រ៉ូហ៊ីងយ៉ា​ បញ្ហា​សិទ្ធ​មនុស្ស និង​សមាហរណកម្ម​សេដ្ឋកិច្ច ជាពិសេស ​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រាយ​ប្រចាំ​តំបន់ (RCEP)។ RCEP គឺ​ជា​គំនិត​ផ្ដួចផ្ដើម​ពាណិជ្ជកម្ម​សេរី ដែល​មាន​សមាជិក​១៦​ប្រទេស​ ក្នុង​នោះ​មាន​អាស៊ាន​ទាំង​១០ បូក​រួម​នឹង​ចិន ឥណ្ឌា អូស្ត្រាលី កូរ៉េខាងត្បូង​ ជប៉ុន និង​នូវែលហ្សេឡង់។

ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ រូបថត៖ Reuters

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេសប្រចាំ​ឆ្នាំ​នេះ កំពុង​ប្រព្រឹត្តិ​ធ្វើ​ឡើង នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដែល​ជា​ប្រធាន​វិល​ជុំ​របស់​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ កិច្ច​ប្រជុំ​នេះ​ដែរ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះហើយ៕

ប្រភព៖ Mainichi ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;