ដូណាល់ ត្រាំ ទទួល​បាន​សំបុត្រ​ថ្មី​១​ច្បាប់​ពី​ គីម ជុងអ៊ុន

  • 2018-08-03 00:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេតវិមាន​អាមេរិក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២​សីហា​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុងអ៊ុន បាន​ផ្ញើ​សំបុត្រ​ថ្មី​​១​ច្បាប់​ទៅ​ឲ្យ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ។ យ៉ាង​ណា​មិញ សំបុត្រ​នោះ​មិន​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ឡើយ។

បើ​តាម​លោក​ស្រី Sarah Sanders អ្នក​នាំ​ពាក្យ​សេតវិមាន សំបុត្រ​ដែល​លោក គីម ផ្ញើ​​ទៅ​សហរដ្ឋ​អាមេរិក​គឺ​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ហើយ​វា​ជា​ការ​ឆ្លើយ​​ឆ្លង​​គ្នា​រវាង​មេ​ដឹក​នាំ​ទាំង​២ ក្រោយ​ពី​ជំនួប​នៅ​សិង្ហបុរី​កាល​ពី​ខែ​​មិថុនា​កន្លង​ទៅ និង​ដើម្បី​ជំរុញ​ការ​សន្យា​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​រវាង​អាមេរិក-កូរ៉េ​ខាង​ជើង។

ពាក់ព័ន្ធ​នឹង​ការ​ផ្ញើ​សំបុត្រ​នេះ​ដែរ លោក ដូណាល់ ត្រាំ មិន​បាន​រៀបរាប់​អ្វី​ឡើយ ក្រៅ​តែ​ពី​បង្ហោះ​​ពាក្យ​អរគុណ​នៅ​លើ​​គណនី​បណ្ដាញ​សង្គម Twitter ហើយ​និយាយ​ថា លោក​នឹង​ទន្ទឹង​រង់ចាំ​ការ​ជួប​​​ជាមួយ​លោក គីម ជុងអ៊ុន ជា​ថ្មី​ម្ដង​ទៀត​នា​ថ្ងៃ​ខាង​មុខ។ ក្នុង​សារ​ដែល​លោក ត្រាំ បង្ហោះ ក៏​បាន​​រៀបរាប់​អំពី​ការ​អរគុណ​កូរ៉េ​ខាង​ជើង ដែល​គោរព​​តាម​ពាក្យ​សន្យា​ក្នុង​ការ​បញ្ជូន​អដ្ឋិធាតុ​កង​ទ័ព​អាមេរិក​នៅ​សម័យ​សង្គ្រាម​កូរ៉េ​ឲ្យ​​អាមេរិក​វិញ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១៨៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;