ទីក្រុងប៉េកាំង ព្រមានពី​គោលនយោបាយ​គាំពារនិយម​ និងយោធូបនីយកម្ម​

  • 2018-08-06 07:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​កើន​ឡើង​នៃ​ស្មារតី​របស់​ពួក​គាំពារ​និយម និង​ការ​បង្ក​យោធូបនីយកម្ម ដោយ​កម្លាំង​ខាង​ក្រៅ គឺ​ជា​កត្តា​អវិជ្ជមាន​ដ៏​សំខាន់​ចំនួន ២​ ដែល​កំពុង​ញាំញី​តំបន់​អាស៊ី​បូព៌ា។ នេះ​ជា​ការ​ព្រមាន​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក Wang Yi។

លោក Wang Yi ថ្លែង​ទៅ​កាន់ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ក្រៅ​ជំនួប​រដ្ឋមន្ត្រីការបរទេស​អាស៊ាន កាលពីថ្ងៃទី ០២ សីហា​ ឆ្នាំ​២០១៨ នាប្រទេសសិង្ហបុរី។ រូប​ថត៖ Reuters
យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ចិន ChinaDaily នៅ​ថ្ងៃ​ទី ០៦ ​សីហា​នេះ លោក Wang បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី នៅ​ក្រៅ​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ថា បណ្ដា​ប្រទេស​មក​ពី​ក្រៅ​តំបន់ ជាអាទិ៍​ សហរដ្ឋអាមេរិក ជា​រឿយៗ​ បាន​បញ្ជូន​អាវុធ​យុទ្ធសាស្ត្រ​ដ៏​ក្លៀវក្លា​របស់​ខ្លួន ចូល​ទៅ​ក្នុង​តំបន់ ជាពិសេស ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​បញ្ជូន​នេះ​ គឺ​ដើម្បី​បង្អួត​សាច់​ដុំ​របស់​ពួក​គេ​តែ​ម្ដង​។

ការណ៍​នេះ គឺ​បង្ក​ឲ្យ​មាន​ការ​គំរាមកំហែង​សន្តិសុខ និង​សម្ពាធ​ទៅ​លើ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ ក្នុង​នោះ​រួម​មាន​ ចិន​ផង​ដែរ ហើយ​វា​ក៏​ជា​កម្លាំង​ជំរុញដ៏​ធំ​មួយ​ផង​ដែរ​ នៅ​ពី​ក្រោយ​យោធូបនីយកម្ម​នៅ​ក្នុង​តំបន់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Wang។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Mike Pompeo កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ នា​ប្រទេស​សិង្ហបុរី​ថា លោក បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​អំពី​យោធូបនីយកម្ម​របស់​ចិន នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង នាពេល​ថ្មីៗ​នេះ។

លោក Mike Pompeo ជាប់ដៃគ្នាជាមួយ លោក Wang Yi មុន​ជំនួប​ទ្វេភាគីរវាង​ចិន និង​អាមេរិក អំឡុងជំនួបរដ្ឋមន្ត្រីការបរទេស​អាស៊ាន នាប្រទេសសិង្ហបុរី។ រូបថត៖ Reuters

យ៉ាងណាមិញ ​ជំនួប​របស់​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន និង​ចិន បាន​ស្វាគមន៍​ចំពោះ​ការ​រៀបចំ​ឲ្យ​មាន​សមយុទ្ធ​ដែន​ទឹក​រវាង​ចិន និង​អាស៊ាន​ក្នុង​ឆ្នាំ​២០១៨ ក្នុង​គោលបំណង ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ចំណោម​កងជើង​ទឹក​អាស៊ាន និង​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សិង្ហបុរី ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​នេះ កាល​ពី​ថ្ងៃ​សៅរ៍។

ទាក់​ទិន​នឹង​រឿង​នេះ លោក Wang បាន​និយាយ​ថា ការ​មើល​រំលង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាស៊ាន​និង​ចិន និង​ដំណើរ​ការ ​ដែល​បាន​ធ្វើ​ឡើង ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព​ក្នុង​តំបន់ និង​ស្ថិរភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង គឺ​បង្ហាញ​នូវ​ការ​មិន​គោរព និង​គ្មាន​ទំនួល​ខុស​ត្រូវ ចំពោះ​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់។

លោក​ប្រមុខ​ការទូត​ចិន​រូប​នេះ បាន​មើល​ឃើញ​ថា ការ​គំរាមកំហែង និង​សម្ពាធ​យោធា​ដែល​កំពុង​កើន​ឡើង​ជាបន្តបន្ទាប់ រដ្ឋាភិបាល​ចិន គួរ​តែ​ប្រើប្រាស់​សិទ្ធិការពារ​របស់ខ្លួន ដោយ​យោង​ទៅតាម​ច្បាប់​អន្តរជាតិ។

ការ​លើក​ឡើង​របស់​អាមេរិក ដែល​លាបពណ៌សិទ្ធការពារខ្លួនរបស់ចិន​ថា ជាការយោធូបនីយកម្ម​នោះ គឺ​ជា​ការមួលបង្កាច់ទាំង​ស្រុង។ នេះ​ជា​បញ្ជាក់បន្ថែម​ទៀត​របស់​លោក Wang។

ក្រៅ​ពី​នេះ លោក Wang បាន​សង្កត់​ធ្ងន់​ថា បណ្ដា​រដ្ឋមន្ត្រីការបរទេស​អាស៊ាន បូក​រួម​នឹង​ចិន ជប៉ុន និង​កូរ៉េខាងត្បូង បាន​យល់​ព្រម ​ពន្លឿន​ការចរចា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ថ្នាក់​តំបន់ (RCEP)។ ការ​រួបរួម​ក្នុង​យុទ្ធនាការ​ពាណិជ្ជកម្ម​សេរី​នេះ គឺ​ដើម្បី​ប្រឆាំង​ទៅ​នឹង​គោលនយោបាយ​គាំពារ​និយម​ និង​ធ្វើ​ឲ្យ​ជឿនលឿន​ការ​ស្ថាបនា​សមាគម​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី​បូព៌ា ដែល​ត្រូវ​បាន​ដាក់​ស្នើ​រួច​រាល់៕

ប្រភព៖ Chinadaily ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;