អ្នកនាំពាក្យ​ក្រសួង​សាធារណការ ថា​មិន​អាច​ពង្រីក​ផ្លូវជាតិ​លេខ៤ ឱ្យធំ​តាម​ចិត្ត​នោះទេ

  • 2018-08-09 08:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក នូ វឌ្ឍនៈ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​រស្មីកម្ពុជា នៅ​ថ្ងៃទី៩​សីហា​នេះថា ប្រសិន​បើ​កម្ពុជា​ពង្រីក​ផ្លូវជាតិ​លេខ៤ ឱ្យទៅ​ជា ៤គន្លង (២ទៅ២មក) នោះ​ក្រុមហ៊ុន​វិនិយោគ​ផ្លូវ​ល្បឿនលឿន នឹង​ពិបាក​រកស៊ី ពោល​គឺ​នឹងធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ដឹកជញ្ជូន ​និង​ចំណូល​របស់​ក្រុមហ៊ុន​វិនិយោគ​នោះ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អ៊ីចឹង! យើង​មិនអាច​ពង្រីក​ផ្លូវជាតិ​លេខ៤ ឲ្យ​ធំ​តាមចិត្ត​នោះទេ។  ​ហើយ​ប្រហែល​ជាមាន​ការស្នើ​សុំ​ពី​ភាគី​ក្រុមហ៊ុន​ផងដែរ​ថា ​គួរ​ក្រសួង​កុំ​ពង្រីក​ផ្លូវជាតិ​លេខ៤​ហួសហេតុ​ពេក​។ ​​យើង​អាច​ពង្រីក​ចាក់​កៅស៊ូ​ត្រឹម​ចិញ្ចើមថ្នល់​បាន និង​ពង្រីក​តំបន់​ណា​មាន​ទីប្រជុំជន និង​តំបន់​លិច​ទឹកបាន»។

ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ
យ៉ាងណាមិញ លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ បាន​ថ្លែងថា៖ «**គ្មាន​ល​ក្ខខណ្ឌ​របស់​ក្រុមហ៊ុន​មិនឲ្យ​ពង្រីក​ផ្លូវជាតិ​លេខ៤​នោះទេ វា​អាស្រ័យទៅលើ​សិទ្ធិ​របស់​យើង​។ ​ពីព្រោះ​គមនាគមន៍​សេដ្ឋកិច្ច​ដឹកជញ្ជូន​ គ្មាន​ដែន​កំណត់​ថា ​មិនឲ្យ​យើង​ពង្រីក​ផ្លូវ​ដឹក​ជញ្ជូន​នោះទេ​។​ វា​ជា​សរសៃរ​ឈាម​សេដ្ឋកិច្ច​ពាក់ព័ន្ធ​ទៅនឹង​កំណើន​មធ្យោបាយ​ដឹកជញ្ជូន**»។

សូម​រំលឹក​ថា ថ្មីៗ​នេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ Cambodian PPSHV Expressway Co., Ltd វិនិយោគ​លើ​គម្រោង​ផ្លូវ​ល្បឿនលឿន ភ្នំពេញ-ខេត្ត​ព្រះសីហនុ តាម​រូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ «BOT» ជាមួយទុន​វិនិយោគ​ប្រមាណ ១,៨៧ពាន់​លាន​ដុល្លារ។

បើ​តាមការ​លើកឡើង​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នាពេល​កន្លង​មក គម្រោង​ផ្លូវ​ល្បឿនលឿន​​ដែល​មាន​ប្រវែង​ ១៩០​គីឡូម៉ែត្រ​នេះ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ខាងមុខ​នេះ។

រូបតំណាងផ្លូវល្បឿនលឿន

កាលពី​ខែ​មិថុនា​កន្លង​ទៅ ធនាគារ​ពិភពលោក បាន​សម្រេច​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​គ្មាន​ការ​ប្រាក់ ចំនួន ១១០លាន​ដុល្លារ ឱ្យ​កម្ពុជា សម្រាប់​គម្រោង​ជួសជុល​កែ​លម្អ​ផ្លូវ​ជាតិ​លេខ៤ ប្រវែង​ជាង ២០០​គីឡូម៉ែត្រ។ តាម​រយៈ​ជំនួយ​នេះ ផ្លូវជាតិ​លេខ៤ នឹង​ទទួល​បានការ​បង្កើន​គុណភាព​ឱ្យ​ល្អជាង​មុន ដោយមាន​ការ​អ៊ុត​កៅស៊ូ​ថ្មី​ពីលើ និង​ការ​រៀបចំ​ឡើងវិញ​នូវ​ចិញ្ចើម​សង​ខាងផ្លូវ ការ​ដាក់​លូ​បង្ហូរ​ទឹក និង​ការធ្វើ​ស្ពាន នៅក្នុង​តំបន់​ងាយ​លិចទឹក នៅតាម​ដង​ផ្លូវនេះ៕

អត្ថបទទាក់ទង

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;