អង្គរវត្ត ជាប់​​ជា​សំណង់​ប្រវត្តិសាស្រ្ដដ៏​អស្ចារ្យ​បំផុតក្នុង​លោក ទទួល​ពាន​ពី TripAdvisor

  • 2018-08-09 13:21:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រាសាទ​អង្គរវត្ត បាន​ជាប់​ចំណាត់ថ្នាក់​លេខ១ ជា​សំណង់ប្រវត្តិសាស្រ្ដ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក ប្រចាំ​ឆ្នាំ២០១៨ (The Very Best of Landmarks) ពីវិបសាយ​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើការ​ធ្វើ​ដំណើរ TripAdvisor។

លោក ថោង ខុន ​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ទទួល​ពានរង្វាន់​​នេះពី​អ្នកស្រី Sarah Mathews នាយក​ភ្នាក់​ងារ​ប្រឹក្សាយោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdvisor) នា​រសៀល​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នេះ នៅ​មុខ​ប្រាសាទ​អង្គរវត្ត។

នៅ​ក្នុង​ពិធី​ទទួល​ពាន​រង្វាន់​នោះ លោក ថោង ខុន បានថ្លែង​អំណរគុណ​ចំពោះ​ TripAdvisor ដែល​តែង​តែ​ជួយ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា តាម​រយៈ​ការ​ស្ទង់​មតិ​លើ​ចំណាប់​អារម្មណ៍ និង​ទស្សនៈ​របស់​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក។ លោក​បាន​បន្ត​ថា ជយលាភី​សម្រាប់​អង្គវត្ត​ គឺ​ជា​មោទនភាព​ដ៏​មាន​អត្តន័យ​វិសេសវិសាល​ថ្មីមួយ​បន្ថែម​ទៀត សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល និង​រាជរដ្ឋាភិបាល​កម្ពុជា​។

លោក ថោង ខុន ទទួល​ពាន​រង្វាន់​ពី​អ្នកស្រី Sarah Mathews
លោក​រដ្ឋមន្រ្ដី ក៏​បាន​បញ្ជាក់ដែរថា កម្ពុជា​ក៏ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​លេខ​១ ពី TripAdvisor ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ទាក់ទាញ​បំផុត​លើ​ពិភពលោក កាលពីឆ្នាំ២០១៥ និង​ឆ្នាំ២០១៧ ប្រាសាទ​អង្គរវត្ត​ ក៏​បាន​ជាប់​ជា​សំណង់​ប្រវត្តិសាស្រ្ដ​ដ៏​អស្ចារ្យ​បំផុត​លើ​ពិភពលោក​ដូចឆ្នាំ​២០១៨ នេះ​ផងដែរ។

សូមបញ្ជាក់ថា នេះ​ជា​ឆ្នាំ​ទី៥ ហើយ ដែល​ប្រាសាទ​អង្គរវត្ត​ ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ទូទាំង​ពិភពលោក បោះឆ្នោត​គាំទ្រថា​ជា​សំណង់​ប្រាសាទ​ដ៏​អស្ចារ្យ​បំផុត​ក្នុងលោក។ ក្រៅ​ពី​ជាប់​នៅ​លើ Trip Advisor ប្រាសាទ​អង្គរវត្ត ក៏ជាប់​ចំណាត់​ថ្នាក់​កំពូល​នៅ​វិបសាយ​ល្បីៗ​ផ្សេងទៀតផងដែរ ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក ដូច​ជា​នៅ​លើវិបសាយ Archeao Madness និង Lonely Planet ជាដើម៕

លោក ឃឹម ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប ទទួល​ពាន​ពី​អ្នកស្រី Sarah Mathews
លោក សុខ សង្វា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ទទួល​ពាន​ពី​អ្នកស្រី Sarah Mathews

ចុចអានអត្ថបទទាក់ទង៖ ក្រៅពីអង្គរវត្ត តើទីតាំងប្រវត្តិសាស្រ្តណាទៀត ដែល​ជាប់ជាសំណង់​អស្ចារ្យ​បំផុតលើលោក?

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;