និមិត្ត​សញ្ញា​ខេត្ត​កំពង់ធំ នឹង​ត្រូវដាក់​ស្នើសុំ​ការ​សម្រេច​ពី​ក្រសួង​មហាផ្ទៃ

  • 2018-08-10 09:26:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ឱ្យដឹង​ថា និមិត្ត​សញ្ញា​ខេត្ត​កំពង់ធំ នឹង​ត្រូវ​ដាក់​សុំការ​សម្រេច​ពី​ក្រសួង​មហាផ្ទៃ ដើម្បី​អាច​យក​មក​ប្រើប្រាស់​លើ​លិខិត​រដ្ឋបាល​ផ្លូវការ​បាន។ និមិត្ត​សញ្ញា​នេះ បាន​ទទួល​ការ​អនុម័ត​ជា​ឯកឆន្ទ​ក្នុង​កិច្ច​ប្រជុំ​សាមញ្ញ​លើកទី​៥១ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ កាលពីថ្ងៃ​ទី៩​សីហា​ម្សិលមិញ​នេះ។

និមិត្តសញ្ញាខេត្តកំពង់ធំ ដែលគ្រោងនឹងប្រើប្រាស់លើលិខិរដ្ឋបាលផ្លូវការ
បើតាម​អភិបាល​ខេត្ត​កំពង់ធំ នៅក្នុង​និមិត្ត​សញ្ញា​នេះ​ មាន​បង្ហាញ​រូប​ចំនួន​៥ ដូចជា៖

១. រូប​ប្រាសាទ​យាយ​ព័ន្ធ​ តួប៉ម​កណ្តាល (ក្រុម​ខាងត្បូង​នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក)៖ តំណាង​ឲ្យ​ភាព​រុងរឿង​នៃ​ស្ថាបត្យកម្ម​ខ្មែរ នា​សតវត្សរ៍​ទី៧ ដែលមាន​នៅក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក នា​ទឹកដី​ខេត្ត​កំពង់ធំ ហើយ​តំណាង​ឲ្យ​ជំនឿ​របស់​ខ្មែរ​បុរាណ​ក្នុងការ​គោរព​ព្រហ្មញ្ញ​សាសនា។

២. រូប​បដិមា​តោ (មកពី​ប្រាសាទ​តោ​នៃ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក)៖ តំណាង​ឲ្យ​ភាព​អស្ចារ្យ នៃ​សិល្បៈ​ខ្មែរ​នាចុង​សម័យ​ចេនឡា​ក្នុង​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក និង​តំណាង​ឲ្យ​អំណាច អនុភាព​ខ្លាំងក្លា ដើម្បី​ការពារ​សភាវៈ​អាក្រក់​ទាំងពួង ត្បិតតោ​ជា​ស្តេច​នៃ​សត្វ​ចតុបាទ។

៣. រូប​ដំរី​ជាន់​ខ្លា៖ រូប​សំណាក​តំណាង​ឲ្យ​ខេត្ត​កំពង់ធំ ដែលមាន​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ ហើយឆ្លុះ​បញ្ចាំង​ពី​តថភាព​ធនធាន​ធម្មជាតិ​នៃ​ខេត្ត​កំពង់ធំ និង​តំណាងឲ្យ​ឈុតឆាក​មួយ​ក្នុង​រឿង​រាមកេរ្តិ៍។

៤. រូប​កួរស្រូវ៖ តំណាង​ឲ្យ​ភាព​សម្បូរ​សប្បាយ និង​ភាព​រុងរឿង​នៃ​វិស័យ​កសិកម្ម ពិសេស​គឺ​ភោគផល​នៃ​ដំណាំស្រូវ​នៃ​ខេត្ត​កំពង់ធំ។

៥. ដើមឈើ៖ តំណាង​ឲ្យ​ការ​រីក​ចម្រើន​លើ​វិស័យ​កសិ-ឧស្សាហកម្ម ដែល​ខេត្ត​កំពង់ធំ​សម្បូរ​ដោយដី​មាន​ជីវជាតិ អំណោយ​ផល​ដល់​ដំណាំ​កសិកម្ម និង​កសិ-ឧស្សាហកម្ម។ 

ចំណែក​ខ្សែបូរ​ខាងក្រោម​មាន​អក្សរ​ខេត្ត​កំពង់ធំ ពណ៌​ក្រហម​ក្រម៉ៅ​ដែល​តំណាង​ឲ្យ​ពណ៌វប្បធម៌ ចង់​បង្ហាញថា​ខេត្ត​កំពង់ធំ​ជាខេត្ត​នៃ​វប្បធម៌​ផងដែរ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;