រោគ​សញ្ញា​ចំនួន ៥ នៃ​ការ​ពុល​ត្រី​ក្រពត

  • 2018-08-13 08:52:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា រោគ​សញ្ញា​សំខាន់ៗ​នៃ​ការ​ពុល​ត្រី​ក្រពត មាន​ដូច​ខាង​ក្រោម៖

  • លើ​ប្រព័ន្ធ​ប្រសាទ៖ មាន​ស្ពឹក​មាត់ ស្ពឹក​បបូរ​មាត់ ស្ពឹក​អណ្ដាត ស្ពឹក​ចុង​ដៃ​ចុង​ជើង ឈឺ​ក្បាល បែក​ញើស ខ្សោយ​អវយវៈ និយាយ​ខុស និយាយ​អត់​លឺ សន្លឹម​រហូត​ដល់​សន្លប់ និង​ប្រស្រី​ភ្នែក​រីក។

  • លើ​ប្រព័ន្ធ​​រំលាយ​អាហារ​៖​ មាន​ចង្អោរ ក្អួត រាគ និង​ឈឺពោះ ចេញ​ទឹកមាត់ ហើយ​ពិបាក​លេប។

  • លើ​ប្រព័ន្ធ​ដក​ដង្ហើម៖ មាន​ហត់ មាន​ស្លេស្ម​ច្រើន ពិបាក​ដកដង្ហើម ឬ​ក៏​ស្ទះ​ដង្ហើម។

  • លើ​ប្រព័ន្ធ​​បេះដូង និង​សរសៃ​ឈាម៖ មាន​សម្ពាធ​ឈាម​ចុះ មាន​សុក ចង្វាក់​បេះដូង​ដើរ​ញាប់ ដើរ​មិន​ស្មើ​រ។

  • មាន​ស្វាយ​បបូរមាត់ ស្វាយ​ចុង​ដៃ​ចុង​ជើង។

រោគសញ្ញា​ចេញ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈ​ពេល​ពី ១០​នាទី ទៅ ៤​ម៉ោង ក្រោយ​ពី​ការ​បរិភោគ​ត្រី​ក្រពត។ ការ​ស្លាប់​អាច​កើត​ឡើង​ក្នុង​រយៈ​ពេល ១៧​នាទី បន្ទាប់​ពី​ការ​បរិភោគ។

រូបភាព៖ មន្ទីរពេទ្យ​កាល់ម៉ែត
#### **ប្រភេទ​ជាតិ​ពុល៖**

ជាតិ​តេត្រូដូតុកស៊ីន( TTX) ដែល​មាន​ក្នុង​ត្រី​ក្រពត គឺ​ជាតិ​ពុល​នៅ​ប្រព័ន្ធ​ប្រសាទ ដែល​មាន​អនុភាព​ខ្លាំង​ក្លា។ ជាតិ​ពុល​នេះ អាច​ទៅ​បិទ​រន្ធ​សូដ្យូម​របស់​ប្រព័ន្ធ​ប្រសាទ។ ជាតិ​ពុលតេត្រូដូតុក​ស៊ី​ន (TTX) បង្កើត​​ឡើង​ដោយ​ពួក​បាក់តេរី ៤​ប្រភេទ​ផ្សេង​គ្នា ដូចជា Aliivibrio fischeri, Pseudomonas sp, Vibrio altermonas និង Vibrio alginolyticus។

ជាតិ​ពុល​តេត្រូដូតុកស៊ីន​នេះ ធន់​នឹង​កម្ដៅ​ផង និង​ភាព​ត្រជាក់​ផង ទោះ​បី​ជា​យើង​ចម្អិន​ដោយ​វិធី​ស្ងោរ អាំង ឬ​ក្លាស់សេ​ឲ្យ​កក​ក៏​ដោយ ក៏​មិន​អាច​បន្សាប​ជាតិ​ពុល​នេះ​បាន​ដែរ។

ភាព​ធ្ងន់ធ្ងរ​ការ​ពុល​ត្រី​ក្រពត ចែក​ចេញ​ជា​បួន​ដំណាក់កាល៖

១) មាន​ស្ពឹក​បបូរ​មាត់ មាន​ចង្អោរ មាន​ក្អួត មាន​រាគ។

២) ស្ពឹក​អណ្តាត ស្ពឹក​មុខ ស្ពឹក​ចុង​ដៃ​ចុង​ជើង បាត់​បង់​លំនឹង​ក្នុង​ខ្លួន និយាយ​ខុស។

៣) ទន់​ដៃ​ទន់​ជើង និយាយ​អត់​លឺ ពិបាក​ដកដង្ហើម​ខ្លាំង ប្រស្រី​ភ្នែក​រីក តែ​អ្នក​ជំងឺ​នៅ​ដឹង​ខ្លួន។

៤) អ្នក​ជំងឺ​ស្ទះ​ដង្ហើម ឡើង​ស្វាយ សម្ពាធ​ឈាម​ចុះ បេះដូង​ដើរ​ខុស​ចង្វាក់ អ្នក​ជំងឺ​សន្លប់​បាត់​បង់​ស្មារតី។

ការ​ព្យាបាល៖

ការ​ពុល​ត្រី​ក្រពត​មិន​មាន​ថ្នាំ​បន្សាប​ទេ ប៉ុន្តែ​យើង​អាច​ធ្វើ​ការ​ព្យាបាល​អ្នក​ពុល​ត្រី​ក្រពត​ទៅ​តាម​រោគសញ្ញា និង​ធ្វើ​ការ​ជំនួយ​ផ្លូវ​ដង្ហើម​ ប្រសិន​បើ​អ្នក​ជំងឺ​ស្ទះ​ដង្ហើម។

បើ​តាម​មន្ទីរពេទ្យ​កាល់ម៉ែត វិធានការ​ការពារ​ដ៏​មាន​ប្រសិទ្ធិ​ភាព​បំផុត គឺ​កុំ​បរិភោគ​ប្រភេទ​ត្រី​ក្រពត៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;