Mandzukic ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើសជាតិ​ក្រូអាត

  • 2018-08-14 14:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ​ Mario Mandzukic បានប្រកាស​ចូល​និវត្តន៍​ពីក្រុម​បាល់ទាត់ជម្រើសជាតិ​ក្រូអាត​ហើយ នា​ថ្ងៃ​ទី១៤ ខែសីហានេះ។ ការ​ប្រកាសនេះ ធ្វើឡើង​មិន​ដល់​មួយ​ខែផង ក្រោយ​ក្រូអាត​ ទទួល​បាន​ចំណាត់ថ្នាក់​លេខ២ FIFA World Cup 2018។

Mandzukic បាន​សរសេរ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា៖ "ការ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup បាន​ជំរុញ​ថាមពលដល់​ខ្ញុំ​យ៉ាង​ខ្លាំង ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​ឲ្យ​ខ្ញុំ​សម្រេច​ចិត្តចូល​និវត្តន៍​នេះ ងាយ​ស្រួល​ជាងមុនដែរ។ ងាយស្រួល​ត្រង់ថា ខ្ញុំ​បាន​សម្រេច​ក្ដី​សុបិន​របស់​ខ្ញុំ​រួចហើយ គឺ​ក្ដី​សុបិន​ថា​នឹង​ទទួល​បានជោគជ័យ​ជាប្រវត្តិសាស្រ្ដ និង​ទទួល​បាន​គាំទ្រ​ដ៏​អស្ចារ្យ​ពី​អ្នកគាំទ្រ។ ការលេង​នៅវគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup រួម​ទាំង​ការ​ទទួល​ស្វាគមន៍​​ពី​សំណាក់​អ្នកគាំទ្រ​នៅ​ទូទាំង​ប្រទេស​ក្រូអាត គឺ​ជា​ការ​ចងចាំ​ដ៏សំខាន់​បំផុត​ក្នុង​អាជីព​របស់​ខ្ញុំ..."។

Mandzukic (ទី២ រាប់ពីស្ដាំ) អបអរ​ជាមួយមិត្តរួមក្រុម ក្រោយ​ស៊ុត​បញ្ចូលទី​ ជួយ​ឲ្យ​ក្រូអាត ឈ្នះ​អង់គ្លេស ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ FIFA World Cup 2018
កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ បាន​បន្ត​ថា៖ "ខ្ញុំ​ពិត​ជា​មានអារម្មណ៍​លើស​ពី​សប្បាយ និង​មោទនជាទីបំផុត សម្រាប់​ជោគជ័យ ដែល​កើត​ចេញ​ពី​ការ​ប្រឹងប្រែង​ជាច្រើនឆ្នាំ ជំនះ​រាល់​ការ​ឈឺចាប់ ការ​ខកចិត្ត និង​ឆ្លង​កាត់​ពេលវេលា​ដ៏លំបាក​ជាច្រើន។ មិនមាន​ហេតុផល​អ្វី​ដែល​សមស្រប​ក្នុង​ការ​ចូលនិវត្តន៍​នោះទេ។ ប្រសិន​បើអាច យើង​ទាំង​អស់​គ្នា ចង់​លេង​ឲ្យ​ក្រូអាតរ​ហូត​ដល់​ស្លាប់...។ ប៉ុន្តែ​ពេលវេលា​បាន​មកដល់ហើយ ខ្ញុំ​បាន​ប្រឹងប្រែង​អស់​ពីបេះដូង​ដើម្បីក្រូអាតរួចហើយ ហើយ​ខ្ញុំ​ក៏​បាន​រួម​ចំណែកនាំ​យក​ជោគជ័យ​ដ៏​ធំផុត​ជូន​បាល់ទាត់​ក្រូអាត​រួចហើយដែរ"។

សូម​បញ្ជាក់ថា Mandzukic បានជាប់​ក្នុង​ក្រុម​ជម្រើសជាតិ​ក្រូអាត​លើកដំបូង កាលពីឆ្នាំ២០០៧ ដោយ​បាន​បង្ហាញ​ខ្លួន ៨៩ប្រកួត និង​ស៊ុត​បញ្ចូលទី ៣៣គ្រាប់។ កីឡាករ​ដែល​កំពុង​លេង​នៅ​ក្លឹប​អ៊ីតាលី Juventus រូបនេះ បាន​ស៊ុត​បញ្ចូលទី៣គ្រាប់ រួមចំណែក​ជួយ​ឲ្យ​ក្រអាត បាន​ទទួល​ចំណាត់ថ្នាក់​លេខ២ FIFA World Cup ជា​ប្រវត្តិសាស្រ្ដ៕

ចុចអាន៖ រឿង១០​យ៉ាង ដែល​អ្នក​មិន​បាន​ដឹង​ពី​ប្រទេស​ក្រូអាត​

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;