ក្រសួង និង​ស្ថាប័ន​ចិន​ជាច្រើន ចេញ​សេចក្តី​ថ្លែងការណ៍​ផ្ទួនៗ​គ្នា​ប្រឆាំង​ច្បាប់​ថវិកា​ការពារ​ជាតិ​អាមេរិក

  • 2018-08-15 04:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ការពារ​ជាតិ ក្រសួង​ការបរទេស ក្រសួង​ពាណិជ្ជកម្ម និង​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់ នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន បាន​ចេញ​សេចក្តីថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា និង​ផ្ទួនៗ​គ្នា ប្រឆាំង​នឹង​ច្បាប់​ស្ដីពី​ថវិកា​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០១៩។ ច្បាប់​ថវិកា​ការពារ​ជាតិ​នេះ មាន​ទំហំ​ទឹកប្រាក់ ៧១៦​ពាន់​លាន​ដុល្លារ ជា​ទំហំ​ទឹកប្រាក់​ការពារ​ជាតិ​ប្រចាំ​ឆ្នាំ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក ត្រូវ​បាន​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ចុះ​ហត្ថលេខា​អនុម័ត កាលពី​ថ្ងៃ​ទី១៣ ខែ​សីហា ២០១៨។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ទៅ​ចូលរួម​កម្មវិធី​យោធា​មួយ នាពេល​កន្លង​មក/ រូបភាព៖ Reuters
ផ្ដើម​មុន​គេ គឺ**ក្រសួង​ពាណិជ្ជកម្ម​ចិន** ដែល​បាន​ចេញ​មក​ឆ្លើយ​តប​ភ្លាមៗ ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​លោក ដូណាល់ ត្រាំ ចុះ​ហត្ថលេខា​អនុម័ត​ច្បាប់​ថវិកា​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០១៩។ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ក្រសួង​នឹង​ពិនិត្យ​គ្រប់​ជ្រុងជ្រោយ​ពី​ច្បាប់​ស្ដី​ពី​កញ្ចប់​ថវិកា​ការពារ​ជាតិ​ឆ្នាំ​២០១៩ របស់​អាមេរិក។ ការ​ពិនិត្យ​នេះ ដោយសារ​ច្បាប់​ស្ដី​ពី​កញ្ចប់​ថវិកា​ការពារ​ជាតិ​អាមេរិក​បាន​ពង្រឹង​តួនាទី​ស្នូល​ដល់​គណៈកម្មាធិការ​ទទួល​បន្ទុក​វិនិយោគ​បរទេស ក្នុង​ការ​ត្រួត​ពិនិត្យ​គម្រោង​វិនិយោគ​បរទេស ហើយ​ក្រសួង​អំពាវនាវ​ឲ្យ​មាន​អនុវត្ត​ឲ្យ​មាន​ភាព​ត្រឹមត្រូវ​ចំពោះ​អ្នក​វិនិយោគ​ចិន។

ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​បន្ដ​ទៀត​ថា "ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​អាមេរិក​មាន​កិច្ចសហប្រតិបត្តិការ​វិនិយោគ​រឹងមាំ ហើយ​សក្ដានុពល គឺ​ធំសំបើម។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​គួរ​តែ​ស្ដាប់​សំឡេង​របស់​ក្រុមហ៊ុន​នានា ហើយ​ផ្ដល់​បរិស្ថាន​ល្អ​មួយ និង​ការ​រំពឹង​ទុក​ដ៏​មាន​ស្ថិរភាព​មួយ"។

បន្ទាប់​មក​ទៀត គឺក្រសួង​ការពារ​ជាតិ​ចិន តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន គឹ​លោក Wu Qian បាន​ប្រកាស​ថា ចិន​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​ច្បាប់​ស្ដី​ពី​ថវិកា​ការពារ​ជាតិ​អាមេរិក​ឆ្នាំ​២០១៩។ អ្នកនាំពាក្យ​រូប​នេះ បញ្ជាក់​ថា ច្បាប់​នេះ​បាន​ពោពេញ​ដោយ​ចិត្តសាស្រ្ត​សង្រ្គាម​ត្រជាក់ និង​បាន​បំភ្លៃ​ពី​បដិបក្ខភាព​រវាង​ចិន និង​អាមេរិក។

លោក​បន្ដ​ទៀត​ថា "ច្បាប់​នេះ​បាន​លូកលាន់​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន បំផ្លាញ​ទំនុក​ចិត្ត និង​ទំនាក់ទំនង​ទៅ​វិញ​ទៅ​មក​រវាង​យោធា​ប្រទេស​ទាំង​ពីរ"។

អ្វីដែល​ធ្វើ​ឲ្យ​ក្រសួង​ការពារ​ចិន​នៅ​មិន​សុខ​នោះ គឺ​ច្បាប់​នេះ​បាន​ធ្វើការ​បញ្ជាក់​ច្បាស់ៗ​ពី​តៃវ៉ាន់ ដោយ​តម្រូវ​ឲ្យ​ក្រសួង​ការពារ​ជាតិ​អាមេរិក​ធ្វើការ​វាយ​តម្លៃ​គ្រប់​ជ្រុងជ្រោយ​ពី​ភាព​រួចរាល់​នៃ​យោធា​តៃវ៉ាន់ និង​បញ្ចូល​​ការ​រកឃើញ​នានា​ទៅ​ក្នុង​របាយការណ៍​មួយបញ្ជូន​ទៅ​សភា​អាមេរិក​ក្នុង​រយៈពេល​មួយ​ឆ្នាំ ជាមួយ​និង​អនុសាស្រ្ត​នានា សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបតិការ​អន្តរ​ប៉ាស៊ីហ្វិក។

ពាកព័ន្ធ​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​ការពារ​ចិន​បាន​បញ្ជាក់​ថា "យើង​នឹង​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់ មិន​ថា​នៅ​ពេល​ណា ឬ​ក្នុង​ទម្រង់​ណា បំបែក​តៃវ៉ាន់​ចេញ​ពី​ចិន​នោះ​ទេ"។ លោក​បន្ដ​ថា "យើង​ទាមទារ​ឲ្យ​អាមេរិក​គោរព​គោលការណ៍​ចិន​តែ​មួយ និង​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន៣ រវាង​ចិន និង​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​ឲ្យ​បាន​ត្រឹមត្រូវ"។

ចំណែក​ក្រសួង​ការបរទេស​ចិនវិញ ក៏​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង និង​ប្រឆាំង​យ៉ាង​ខ្លាំង​ទៅ​នឹង​ច្បាប់​ថវិកា​ការពារ​ជាតិ​អាមេរិក ដែល​បាន​រួម​បញ្ចូល​ទាំង​មាតិកា​អវិជ្ជមាន​ពាក់ព័ន្ធ​នឹង​ចិន។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Lu Kang បាន​ថ្លែង​ថា ចិន​ជំរុញ​ឲ្យ​អាមេរិក​ទម្លាក់​ចោល​ចិត្តសាស្រ្ត​សង្រ្គាម​ត្រជាក់ និង​ជនឿ​ឈ្នះ-ចាញ់ ដើម្បី​ពិនិត្យ​មើល​ទំនាក់ទំនង​នានា​ជាមួយ​អាមេរិក​ដោយ​ត្រឹមត្រូវ និង​ច្បាស់លាស់។

ដូចគ្នា​នឹង​ក្រសួង​ការពារ​ជាតិ​ចិន​ដែរ ក្រសួង​ការបរទេស​ចិន​បាន​ទាមទារ​ឲ្យ​អាមេរិក​គោរព​គោលការណ៍​ចិន​តែ​មួយ និង​សេចក្តី​ថ្លែងការណ៍​រួម​ចំនួន៣ រវាង​ចិន និង​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​នាន​ពាក់ព័ន្ធ​នឹង​តៃវ៉ាន់​ឲ្យ​បាន​ត្រឹមត្រូវ។

ក្រសួងការពារជាតិអាមរិក/ រូបភាព៖ CGTN

ចុងក្រោយ គឺការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិនបាន​រិះគន់​ច្បាប់​ថវិកា​ការពារ​ជាតិ​ថ្មី​របស់​អាមេរិក និង​បញ្ជាក់​ជា​ថ្មី​ពី​ជំហរ​ប្រឆាំង​របស់​ចិន​ដីគោក ទៅ​នឹង​ទំនាក់ទំនង​យោធា ឬ​ផ្លូវការ​ណាមួយ​រវាង​អាមេរិក និង​តៃវ៉ាន់។

លោក Ma Xiaoguang អ្នក​នាំពាក្យ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​តៃវ៉ាន់​នៃ​ក្រុមប្រឹក្សា​រដ្ឋ​ចិន​បញ្ជាក់​ថា "យើង​ប្រឆាំង​ដាច់​ខាត​ទៅ​នឹង​ការ​លក់​អាវុធ​របស់​អាមេរិក​ទៅ​ឲ្យ​តៃវ៉ាន់"។ លោក​បន្ដ​ថា "យើង​ជំរុញ​ឲ្យ​អាមេរិក​ជៀសវាង​ការ​អនុវត្ត​លើ​កថាខណ្ឌ​នានា ពាក់ព័ន្ធ​នឹង​តៃវ៉ាន់ ដែល​មាន​នៅ​ក្នុង​ច្បាប់​ថវិកា​ការពារ​ជាតិ​អាមេរិក ដើម្បី​បង្ការ​ការ​បំផ្លាញ​ទំនាក់ទំនង​នានា​រវាង​ចិន និង​អាមេរិក និង​សន្តិភាព និង​ស្ថិរភាព នៅ​ច្រក​សមុទ្រ​តៃវ៉ាន់"៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;