រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន រុស្ស៊ី និង​សិង្ហបុរី

  • 2018-08-16 08:53:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​អាមេរិក កាលពី​ថ្ងៃ​ទី១៥ ខែ​សីហា ២០១៨ ម្សិលមិញ បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​បុគ្គល និង​ក្រមហ៊ុន​ដឹក​ជញ្ជូន​ចំនួន​៣ នៅ​ក្នុង​ប្រទេស​ចិន រុស្ស៊ី និង​សិង្ហបុរី សម្រាប់​ការ​រំលោភ​លើ​ការ​រឹត​បន្ដឹង​ស្ដី​ពី​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក និង​លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង ក្នុង​ជំនូប​កំពូល​នៅ​សិង្ហបុរី នាពេល​កន្លង​មក/ រូបភាព៖ CNN
សេចក្តី​ប្រកាស​របស់​ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ដូច្នេះ គឺ​ក្រោយ​មាន​ការ​រិះគន់​ពី​មន្រ្តី​អាមេរិក​ថា សមាជិក​អង្គការ​សហប្រជាជាតិ​ចាំបាច់​ត្រូវ​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ឲ្យ​បាន​តឹងរឹង ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ដើម្បី​ឲ្យ​ក្រុង​ព្យុងយ៉ាង​រំសាយ​នុយក្លេអ៊ែរ។

ក្នុង​នោះ ក្រសួង​រតនាគារ​ជាតិ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អន្តរជាតិ​របស់​ចិន Dalian Sun Moon Star International Logistics Trading Co. និង​ក្រុមហ៊ុន​ដែល​មាន​ស្នាក់ការ​នៅ​សិង្ហបុរី SINSMS Pte. Ltd. សម្រាប់​ការ​ធ្វើការ​រួមគ្នា​ដើម្បី​សម្រប​សម្រួ​ការ​ដឹក​ជញ្ជូន​ខុសច្បាប់​ទៅ​កូរ៉េខាងជើង ដោយ​ប្រើប្រាស​ឯកសារ​ក្លែងក្លាយ​ជាច្រើន ដោយ​ក្នុង​នោះ រូមមាន​ការ​នាំចេញ​ផលិតផល​ស្រា ថ្នាំជក់ និង​បារី។

ជាមួយ​គ្នា​នេះ ក្រសួង​រតនាគារ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ទីភ្នាក់ងារ​សេវាកម្ម​កំពង់ផែ​របស់​ក្រុមហ៊ុន​រុស្ស៊ី Profinet Pte Ltd និង​អគ្គនាយក​ក្រុមហ៊ុន​នេះ គឺ​លោក Vasili Aleksandrovich Kolchanov ដែល​ជា​ជនជាតិ​រុស្ស៊ី។ ទណ្ឌកម្មនេះ ដោយសារ​ក្រុមហ៊ុន​បាន​ផ្ដល់​សេវាកម្ម​កំពង់ផែ​យ៉ាង​តិច ៦​ដង ឲ្យ​នាវា​ដែល​ដោត​ទង់ជាតិ​កូរ៉េខាងជើង​ចូលចត។

ក្រសួង​រតនាគារ​ជាតិ​អាមេរិក​ប្រកាស​ថា ក្រសួង​នឹង​បន្ដ​អនុវត្ត​ទណ្ឌកម្ម​ដែល​មាន​ស្រាប់​លើ​កូរ៉េខាងជើង និង​ចាត់​ចំណាត់ការ​ដើម្បី​រារាំង និង​ដាក់​កម្រិត​លើ​ក្រុមហ៊ុន កំពង់ផែ និង​នាវា​នានា ដែល​សម្របសម្រួល​ការ​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​ទៅ​កាន់​កូរ៉េខាងជើង៕

ប្រភព៖ CNN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;