ត្រឹម​ឆ្នាំ​២០១៩ ទីប្រជុំជន​ក្រុង​សៀមរាប​នឹង​គ្មាន​ខ្សែកាប​លើ​អាកាស​ទៀត​ឡើយ

  • 2018-08-17 00:25:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​តាម​ផែនការ​របស់​អាជ្ញាធរ​គឺ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ទីប្រជុំជន​ក្រុង​សៀមរាប​ នឹង​គ្មាន​ខ្សែ​កាប ខ្សែ​អ៊ីនធឺណិត និង​ខ្សែ​ភ្លើង​នៅ​លើ​អាកាស​បន្ត​ទៀត​ឡើយ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ពិន ប្រាកដ អភិបាល​រង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ក្នុង​ប្រតិបត្តិការ​ចុះ​កាត់​ទម្លាក់​​ខ្សែ​កាប ខ្សែ​អ៊ីនធឺណិត និង​ខ្សែ​ភ្លើង​ ដោយ​ឲ្យ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ងាក​មក​ប្រើ​បណ្ដាញ​ខ្សែ​អ៊ុបទិច​ក្រោម​ដី​វិញ។

លោក​អភិបាល​រង បាន​បញ្ជាក់​ថា មុន​នឹង​​មាន​វិធានការ​កាត់​ខ្សែ​ទាំង​នេះ អាជ្ញាធរ​ខេត្ត​​បាន​ជូន​ដំណឹង និង​ជួប​ប្រជុំ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ពាក់ព័ន្ធ​ជា​ច្រើន​ដង​ហើយ ដោយ​ទុក​ពេល​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​រុះរើ និង​កាត់​ដោយ​ខ្លួន​ឯង។ យ៉ាង​ណា​មិញ មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​រុះរើ​ខ្លួន​ឯង និង​មាន​ខ្លះ​មិន​បាន​ធ្វើ​តាម ដូច្នេះ​ទើប​កាល​ពី​ម្សិលមិញ​​អាជ្ញាធរ​សម្រេច​ចុះ​កាត់​ចោល​តែ​ម្ដង។ លោក​ពន្យល់​ថា មូលហេតុ​ដែល​ទាមទារ​ឲ្យ​ប្រើប្រាស់​ខ្សែ​ក្រោម​ដី​វិញ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​តម្កើន​សោភណភាព​ក្រុង និង​កាត់​បន្ថយ​ហានិភ័យ​ផ្សេងៗ៕

ការ​កាត់​ខ្សែ​កាប ខ្សែ​អ៊ីនធឺណិត និង​ខ្សែ​ភ្លើង នៅ​ទីប្រជុំជន​ក្រុង​សៀមរាប ថ្ងៃ​ទី​១៦ សីហា ២០១៨/ រូបភាព៖ AKP

ប្រភព៖ AKP ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;