ក្បួនដង្ហែ​យោធា​លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំ​ក្រោយ

  • 2018-08-17 01:56:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គម្រោង​ដង្ហែ​ក្បួន​យោធា ដែល​ស្នើសុំ​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ត្រូវ​លើក​ពេល​ប្រារព្ធ ទៅ​ឆ្នាំ​២០១៩​ខាង​មុខ​វិញ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៨។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក Rob Manning បាន​ឲ្យ​ដឹង​ថា ដើម​ឡើយ​ក្បួន​ដង្ហែ​នេះ គ្រោង​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ពាក់ព័ន្ធ​នឹង​ការ​ពន្យារ​ពេល​នេះ មិន​ត្រូវ​បាន​លោក Rob បញ្ជាក់​ប្រាប់​ពី​មូលហេតុ​នៅ​ពី​ក្រោយ​​នោះ​ទេ។

ប្រភព​ពី​មន្ត្រី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​សារព័ត៌មាន Reuters ដឹង​ថា ថ្លៃ​ចំណាយ​លើស​ពី​ការ​គ្រោង​ទុក អាច​ជា​បញ្ហា​ដែល​រុញ​កាល​បរិច្ឆេទ​នៃ​ក្បួន​ដង្ហែ​យោធា​របស់​លោក ត្រាំ។

Reuters បាន​ចុះ​ផ្សាយ​ថា ការ​ដង្ហែ​យោធា ធ្វើ​ឡើង​ដើម្បី​រំលឹក​ដល់​កងទ័ព​ជើង​ចាស់​អាមេរិក និង​ខួប​ទី​១០០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​១។ បើ​តាម​ការ​ប៉ាន់ស្មាន ព្រឹត្តិការណ៍​នេះ​នឹង​ចំណាយ​អស់​ថវិកា​ជាតិ​មិន​តិច​ជាង ៩០​លាន​ដុល្លារ​នោះ​ឡើយ ខណៈ​ការ​គ្រោង​ទុក​ពី​ដើម​ឆ្នាំ​របស់​សេតវិមាន​ត្រឹមតែ ១០ ទៅ ៣០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

ប្រភព​ដដែល បាន​បង្ហើប​ទៀត​ថា កញ្ចប់​ថវិកា​ជាង ៩០​លាន​ដុល្លារ​សម្រាប់​ក្បូន​យោធា​​អាមេរិក នៅ​មិន​ទាន់​បាន​អនុម័ត​ដោយ​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​នៅ​ឡើយ​ទេ ហើយ​វា​អាច​នឹង​មាន​ការ​ប្រែប្រួល​ខ្លះ​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;